កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈកាន់តែច្រើនពីអ្នកផ្គត់ផ្គង់ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញដល់ការខ្វះខាតនៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន ។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានថ្លែងប្រាប់ទីភ្នាក់ងាររ៉យទ័រ កាលពីថ្ងៃពុធ ទី១៨ ខែមីនាកន្លង ទៅ ។
ការសម្រេចបង្កើនការនាំចូលប្រេងពីសិង្ហបុរី និងម៉ាឡេស៊ី បន្ទាប់ពីប្រទេសវៀតណាម និងមហាយក្សចិន ដាក់កម្រិតលើការផ្គត់ផ្គង់ប្រេងឥន្ធនៈមកប្រទេសកម្ពុជា ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តក្តៅគគុក ក្រោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ និងបានបង្អាក់លទ្ធភាពទទួលបានប្រេងឥន្ធនៈនៅទូទាំងពិភពលោក ។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ ពេលនេះពិភពលោក កំពុងឈានទៅរកភ្លើងសង្គ្រាមកាន់តែខ្លាំក្លា បន្ទាប់ពីប្រធានាធិបតេយ្យអាមេរិក លោកដូណាល់ ត្រាំ បានចេញសារព្រមានកម្ទេចទីតាំងសំខាន់មួយនេះរបស់អ៊ីរ៉ង់ បើសិនអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រHormuz សម្រាប់ឱ្យនាវាដឹកប្រេងឆ្លងកាត់នោះ ។
មកដល់ថ្ងៃទី២២ មីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បានឈានចូលដល់ថ្ងៃទី២៣ ហើយ ដោយភ្លើងសង្គ្រាមនៅតែខ្លាំងក្លា និងកាន់តែរាលដាលក្តៅគគុក រកសញ្ញានៃការរលត់មិនឃើញ ខណៈពិភពលោកកំពុងរងគ្រោះព្រោះវិបត្តិប្រេងឥន្ធនៈ ដែលបាននិងកំពុងហក់ឡើងថ្លៃខ្ពស់ ។
ងាកមកមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រ បានអះអាងថា កម្ពុជាកំពុងងាកទៅរកការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបង្គ្រប់ការខ្វះខាត នៃការផ្គត់ផ្គង់ពីប្រទេសវៀតណាម និងចិន ។
លោក កែវ រតនៈ មានប្រសាសន៍ថា ៖ «កម្ពុជានៅតែអាចនាំចូលបានបន្តិចបន្តួច»ពីប្រទេសចិន ។ ហើយកម្ពុជា មានជាដៃគូរឹងមាំជាមួយក្រុមហ៊ុនផ្គត់ផ្គង់សកល គឺក្រុមហ៊ុន Total និងក្រុមហ៊ុន Chevron ។ ក្រុមហ៊ុនទាំងនេះ អាចជួយកាត់បន្ថយហានិភ័យបានមួយចំនួនដល់កម្ពុជា» ។
សូមបញ្ជាក់ថា យោងតាមទិន្នន័យពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលជាទីភ្នាក់ងារពាណិជ្ជកម្មរបស់ UN-WTO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម គឺជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈធំជាងគេសម្រាប់កម្ពុជា គឺមានរហូតដល់៦០ភាគរយ កាលពីឆ្នាំ២០២៤ ។ ខណៈដែលប្រទេសសិង្ហបុរី រួមគ្នាជាមួយម៉ាឡេស៊ី មានចំណែកប្រមាណជា ១ ភាគ៣ នៃទីផ្សារថាមពលរបស់កម្ពុជា ។ ប្រទេសចិនមានចំណែកប្រមាណជា ៧ ភាគរយ ។
សម្រាប់ប្រទេសកម្ពុជាវិញ ចាប់តាំងពីការប្រយុទ្ធគ្នានៅនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កអោយមានការើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៌បន្ទាន់ និងចាំបាច់មួយចំនួនក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហើយទាំងលើការសម្រេចយកពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលើការនាំចូលការបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត និងការបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតផងដែរ ។
គិតត្រឹមថ្ងៃទី២៣ ខែមីនា នេះ តម្លៃប្រេងសាំងធម្មតា គឺ ៥៤០០ រៀល/លីត្រ ម៉ាស៊ូតតម្លៃ ៦៧០០រៀល/លីត្រ និងហ្គាស LPG តម្លៃចន្លោះ ៣៧០០រៀល ដល់៤០០០រៀល/លីត្រ៕


ចែករំលែកព័តមាននេះ