ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុន​ដាវ​នារី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​1 ប្រាក់​1 សំរឹទ្ធ​2 ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ក្រប​ខណ្ឌ​

4 ឆ្នាំ មុន
  • ភ្នំពេញ

សិង្ហ​បូ​រី​-​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ៖ កីឡាការិនី​គុន​ដាវ​កម្ពុជា ដណ្ដើម​បាន​មេដាយមាស​១ ប្រាក់​១ សម្រាប់​​វិញ្ញាសា​ក្រុម​នៅ​ថ្ងៃ​បង្ហើយ នៃ​ការ​ប្រកួត​កីឡា​គុន​ដាវ​ក្រប​ខណ្ឌ​សាកលវិទ្យាល័យ​អាស៊ី​ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បូ​រី…

សិង្ហ​បូ​រី​-​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ ៖ កីឡាការិនី​គុន​ដាវ​កម្ពុជា ដណ្ដើម​បាន​មេដាយមាស​១ ប្រាក់​១ សម្រាប់​​វិញ្ញាសា​ក្រុម​នៅ​ថ្ងៃ​បង្ហើយ នៃ​ការ​ប្រកួត​កីឡា​គុន​ដាវ​ក្រប​ខណ្ឌ​សាកលវិទ្យាល័យ​អាស៊ី​ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បូ​រី ។ ជ័យ​លា​ភី​ដែល​ទទួល​បាន​ខាងលើ បាន​មក​ពី​វិញ្ញាសា​នារី​ដាវ​ធំ​ក្រុម​សម្រាប់​មេដាយមាស ដែល​មាន​ក្រុម​ចូលរួម​សរុប​ទាំងអស់​៦​ក្រុម ។ ចំពោះ​មេដាយ​ប្រាក់​១​គ្រឿង​ទៀត គឺ​ទទួល​បាន​ពី​វិញ្ញាសា​នារី​ដាវ​កាប់​ក្រុម ដែល​មាន​កីឡាការិនី​មក​ពី​វិទ្យាស្ថាន​ទាំងអស់​៧​ស្ថាប័ន​អប់រំ​។

ប្រធាន​ប្រតិភូ​កីឡា​គុន​ដាវ វេជ្ជបណ្ឌិត សុខា សុធា​នី បាន​ប្រាប់​ឱ្យ​ដឹង​ថា នេះ​ជា​ការ​រំពឹង​ទុក និង​ជា​ការ​ត្រៀម​ទុកជា​មុន​តាំងពី​ឆ្នាំ​២០១៨ ដោយ​ផ្អែក​លើ​ផែនការមេ​របស់​សហព័ន្ធ ។ ផែន ការ​មេ​របស់​យើង​មាន​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២១ ។ ជា​លទ្ធផល​នៃ​ការ​អនុវត្ត​លើ​ផែនការ​នេះ យើង​ទទួល​បាន​សមិទ្ធផល​ល្អ​ៗ​ជា​បន្ដបន្ទាប់ ដោយ​ឆ្លុះ​បង្ហាញ​តាម​រយៈ​ការ​ទទួល​បាន​មេដាយ​ប្រាក់​១ និង​មេដាយ​សំរឹទ្ធិ​២ នៅ​ឆ្នាំ​២០១៧ ។ នៅ​ឆ្នាំ​២០១៨ យើង​បាន​មេដាយ​ប្រាក់​១ និង​បង្កើន​មេដាយ​សំរឹទ្ធ​ដល់​ទៅ​៣​គ្រឿង ។ ចំណែក​ឆ្នាំ​នេះ អត្ត​ព​លិ​ក​គុន​ដាវ​យើង​បន្ដស​ម្រេច​គោលដៅ​ដោយ​ទទួល​បាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​២​គ្រឿង​។

លោកស្រី​វេជ្ជបណ្ឌិត បានឱ្យ​ដឹង​ថា នេះ​ជា​លទ្ធផល​ដែល​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​អត្ត​ព​លិ​ក​របស់​យើង ។ ជា​ពិសេស​ការ​ចូលរួម​ប្រកួត​លើក​នេះ យើង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​លើ​សម្ភារ​ប្រកួត ដែល​ស្ដែង​ចេញពី​ភាព​ខ្វះខាត​របស់​អត្តព​លិ​ក និង​សហព័ន្ធ ។ វា​បាន​ធ្វើ​ឱ្យ​យើង​បាត់បង់​ពិន្ទុ​ជា​ច្រើន​នា​ពេល​ប្រកួត​ដោយសារ​សម្ភារ​ទាំងនោះ​ខូច និង​បាត់បង់​លទ្ធភាព​ប្រើប្រាស់​ប្រកួត​បន្ដ ។ កីឡា​គុន​ដាវ​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​សម្រាប់​អភិជន ឬ​អ្នកមាន​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​មាន​ប្រវត្តិ​ដើម​ពី​បណ្ដា​ប្រទេស​លោក​ខាងលិច ។

សម្ភារ​របស់​វា​មាន​តម្លៃ​ថ្លៃ និង​គ្មាន​លក់​នៅ​ប្រទេស​កម្ពុជា​ទេ សូ​ម្បី​តែ​ស្បែកជើង និង​ស្រោមជើង​ប្រកួត​។ កីឡា​នេះ​ត្រូវ​បាន​ជ្រៀប​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​នា​ចន្លោះ​សតវត្សរ៍​ទី​១៩ និង​ទី​២០ ។ កាលនោះ អតីត​កីឡាករ កីឡាការិនី​ភាគច្រើន​គឺជា​សែ​រាជវង្ស និង​អភិជន ប៉ុន្ដែ​ក្នុង​ពេល​បច្ចុប្បន្ន គ្រូបង្វឹក និង​អត្ត​ព​លិ​ក​របស់​យើង​ទាំងអស់​សុទ្ធ​សឹង​ជា​យុវជន​ដែល​មាន​ជីវភាព​ខ្វះខាត និង​ទីទ័ល​ក្រ បូក​រួម​ទាំង​សហព័ន្ធ​ក៏​ពុំ​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​។

ដូច្នេះ រាល់ពេល​ចេញ​ប្រកួត​ម្ដង​ៗ កង្វះខាត​ថវិកា និង​សម្ភារ​តែងតែ​ជា​បញ្ហា​ចម្បង​របស់​ពួក​យើង ។ កត្តា​ខ្វះខាត​នេះ​ហើយ ក៏​បាន​នាំ​ឱ្យ​ឪពុក​ម្ដាយ​របស់​អត្ត​ព​លិ​ក​បង្ខំចិត្ត​ឱ្យ​កូន​ៗ​របស់​ពួក​គាត់​ឈប់ និង​ទៅ​រក​ការងារ​ធ្វើ​ដើម្បី​ជីវភាព​វិញ​។

ជា​ដំណោះស្រាយ​បញ្ហា​ខាងលើ ទាំង​អ្នកគ្រប់គ្រង​សហព័ន្ធ គ្រូបង្វឹក និង​អត្ត​ព​លិ​ក បាន​ប្រឹងប្រែង​រៀបចំ​ផែនការ​ក្នុង​ការ​ហ្វឹកហាត់ ដោយ​កំណត់​គោលដៅ​ចូលរួម​ប្រកួត​ដណ្ដើម​យក​មេដាយ​ជូន​ជាតិ​ផង និង​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ខ្លះ ប្រើប្រាស់​ក្នុង​ការ​ទិញ​សម្ភារ​ប្រកួត​ផ្ទាល់ខ្លួន​ខ្លះ និង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​អន្ដរជាតិ​នានា ។ សម្រាប់​សហព័ន្ធ​ទទួល​បន្ទុក​ពាក់កណ្ដាល ឬ​ចេញ​ដើមទុន​ជា​មុន​សិន​សម្រាប់​ការ​ចូលរួម​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​គុន​ដាវ​សាកល វិទ្យាល័យ​អាស៊ី​ឆ្នាំ​២០១៩ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ប្រទេស​សិង្ហ​បូ​រី ដោយ​មានការ​ចូលរួម​ពី​វិទ្យាស្ថាន​អប់រំ​ចំនួន​១៨​វិទ្យា​ស្ថាន និង​អត្ត​ព​លិ​ក ចុះ​ឈ្មោះ​ប្រកួត​សរុប​ទាំងអស់​១៧៣​នាក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ