ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជិត​១០០​នាក់​ ត្រូវ​សម្លា.ប់​រង្គាល​

4 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ អ​.​ស​.​ប​បាន​អំពាវនាវ​ឲ្យ​មានការ​កាន់ទុក្ខ​ជាតិ​ក្រោយ​ការ​វាយប្រហារ​ដែល​សម្លាប់​មនុស្ស​ជិត​១០០​នាក់​នៅ​ម៉ា​លី កាលពី​យប់​ថ្ងៃ​ទី​៩​មក​១០​មិថុនា​។ តាម​ប្រភព​ព័ត៌មាន​ម៉ា​លី​មួយ​ថា ភូមិ​ជនជាតិភាគតិច​DOGON​រង​ការ​កម្ទេច​ស្ទើរ​ទាំងស្រុង ពី​សំណាក់​ជនប្រដាប់អាវុធ​ប្រមាណ​ជា​៥០​នាក់​។ ការ​សម្លាប់​រង្គាល​នៅ​ភូមិ​SOBAME DA​តំបន់​MOPTI កើត​មាន​បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​នា​ថ្ងៃ​ទី​២៣​មីនា…

ប្រទេស​ម៉ា​លី ៖ អ​.​ស​.​ប​បាន​អំពាវនាវ​ឲ្យ​មានការ​កាន់ទុក្ខ​ជាតិ​ក្រោយ​ការ​វាយប្រហារ​ដែល​សម្លាប់​មនុស្ស​ជិត​១០០​នាក់​នៅ​ម៉ា​លី កាលពី​យប់​ថ្ងៃ​ទី​៩​មក​១០​មិថុនា​។

តាម​ប្រភព​ព័ត៌មាន​ម៉ា​លី​មួយ​ថា ភូមិ​ជនជាតិភាគតិច​DOGON​រង​ការ​កម្ទេច​ស្ទើរ​ទាំងស្រុង ពី​សំណាក់​ជនប្រដាប់អាវុធ​ប្រមាណ​ជា​៥០​នាក់​។ ការ​សម្លាប់​រង្គាល​នៅ​ភូមិ​SOBAME DA​តំបន់​MOPTI កើត​មាន​បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​នា​ថ្ងៃ​ទី​២៣​មីនា ជនជាតិភាគតិច​PEUL១៦០​នាក់ ដោយ​ពួក​អ្នក​បរបាញ់​សត្វ​ជនជាតិភាគតិច​DOGON​ក្នុង​តំបន់​នោះ ដែល​ក្លាយទៅជា​តំបន់​មាន​អំពើ​ហិង្សា​ខ្លាំង​បំផុត​ក្នុង​ប្រទេស​នេះ​។

ពេល​នេះ​គឹ​ភូមិ​មួយ​របស់​ពួក​DOGON​ដែល​រង​ការ​វាយប្រហារ បំផ្លាញ​អស់​ស្ទើរ​ទាំងស្រុង​។ ពួក​អ្នក​វាយ​ប្រហារ​ពេល​មក​ដល់​ភ្លាម បាន​បាញ់​ស្រោច ប្លន់់​និង​ដុត​បំផ្លាញ​ហើយ​សាកសព​មនុស្ស​ច្រើន​នាក់​ត្រូវ​ភ្លើង​ឆេះ​រោល​។ មនុស្ស​មួយ​ចំនួន​ត្រូវ​ចាប់​អា​រក​ឬ​វះ​ពោះ ជង្រុក​ស្រូវ​និង​បណ្ដា​សត្វពាហនៈ​ត្រូវ​ដុត​។ មនុស្ស​ទាំងឡាយ​ត្រូវ​សម្លាប់​មិន​រើសមុខ​ថា​ក្មេង​ចាស់​ប្រុស​ស្រី​ឡើយ​។

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់ លោក​AMADOU TOGO​គូសបញ្ជាក់​ថា យើង​រាប់​ឃើញ​មនុស្ស​ស្លាប់​យ៉ាងតិច​៩៥​នាក់​និង​មនុស្ស​៣៨​នាក់​រង​របួស​នៅ​នឹង​កន្លែង ហើយ​មនុស្ស​ប្រមាណ​ជា​២០​នាក់​បាត់​ខ្លួន​។ សមាគម​អ្នក​បរបាញ់​សត្វ​ជា​ពួក​DOGON គឺ​សមាគម​DANNAN AMBASSAGOU​ដែល​រដ្ឋាភិបាល​ប្រកាស​រំលាយ កាលពី​ថ្ងៃ​ទី​២៤​មីនា​ក្រោយ​ការ​សម្លាប់​រង្គាល​នៅ​OGOSSAGOU បាន​ថ្កោលទោស​ថា​នោះ​ជា​អំពើ​ប្រល័យពូជសាសន៍​មិន​អាច​អត់អោន​ឲ្យ​បាន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ចលនា​នោះ​ចាត់​ទុក​ការ​វាយប្រហារ​នេះ​ថា ជា​ការ​ប្រកាសសង្គ្រាម​មួយ​។

កិច្ចប្រជុំ​មួយ​ស្ដី​ពី​បណ្ដា​ប្រទេស​ដែល​រួមចំណែក​ផ្ដល់​កងទ័ព​ដល់​បេសកកម្ម​អ​.​ស​.​ប​នៅ​ម៉ា​លី MINUSMA ដែល​មាន​ប្រទេស​កម្ពុជា​ដែរ គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១២​មិថុនា​នៅ​អ​.​ស​.​ប ដែល​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ចេញ​ការ​ប្រកាស​មួយ​នា​ថ្ងៃ​ទី​២៧​មិថុនា ពី​អាណត្តិ​របស់​បេសកកម្ម​នោះ​។

ភាគ​ខាងជើង​ម៉ា​លី​បាន​ធ្លាក់​ក្នុង​ការ​ត្រួតត្រា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ខែមីនា​មក​មេ​សា​ឆ្នាំ​២០១២ តែ​ក្រុម​នោះ​ត្រូវ​បាន​កម្ចាត់​មួយ​ផ្នែក​ដោយសារ​អន្តរាគមន៍​យោធា កាលពី​ខែមករា​ឆ្នាំ​២០១៣​តាម​ការ​ផ្ដួច​ផ្ដើម​គំនិត​របស់​បារាំង ដែល​អន្តរាគមន៍​នោះ​នៅ​បន្ត​ដល់​សព្វថ្ងៃ​។ ប៉ុន្តែ​តំបន់​នោះ​ទាំងមូល​មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​ម៉ា​លី បារាំង​និង​អ​.​ស​.​ប​ឡើយ ទោះជា​មានការ​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១៥ លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​ពួក​ជី​ហា​ដ​ស្ថិត​នៅ​ឯកោ​ជា​ស្ថា​ព័រ​ក្ដី​។

ចាប់តាំងពី​ឆ្នាំ​២០១៥​មក អំពើ​ហិង្សា​បាន​រាលដាល​ពី​ភាគ​ខាងជើង​ប្រទេស មក​កាន់​ភាគ​កណ្ដាល ហើយ​​រហូត​ដល់​ភាគ​ខាងត្បូង​។ អំពើ​ហិង្សា​ទាំងនោះ​ជា​រឿយ​ៗ​លាយឡំ​ដោយ​ជម្លោះ​អន្តរ​សហគមន៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ