ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រព័ន្ធដំណើរការ OS របស់ក្រុមហ៊ុន Huawei អាចជាឱកាសដ៏ធំសម្រាប់ក្រុមហ៊ុនបង្កើតកម្មវិធីដែលចង់ចូលក្នុងទីផ្សារប្រទេសចិន ។ បន្ទាប់ពី Google បញ្ឈប់ការអនុញ្ញាតឲ្យ Huawei ប្រើប្រាស់ Android សម្រាប់ស្មាតហ្វូនថ្មីៗមក Huawei បានបង្កើតប្រព័ន្ធ OS ដោយខ្លួនឯងសម្រាប់ស្មាតហ្វូនខ្លួន ។
លោក Panutat Tejasen ដែលជាស្ថាបនិក Chiang Mai Maker Club និងជាអ្នកបង្កើតកម្មវិធីទូរស័ព្ទបាននិយាយថា សង្គ្រាមពាណិជ្ជកម្មនឹងបង្កឲ្យមានជម្រើស OS ថ្មីៗ ដូចជា iOS របស់ Apple ឬ Android របស់ Google និង Hongmeng ឬ Ark OS របស់ Huawei ជាដើមដែលបើកផ្លូវឲ្យអ្នកបង្កើតកម្មវិធីចូលក្នុងទីផ្សារប្រទេសចិន ។
Hongmeng OS នឹងត្រូវបានប្រើប្រាស់សម្រាប់ស្មាតហ្វូន និងឧបករណ៍ផ្សេងៗទៀតដែលតភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធើណែតដូចជារថយន្ត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និង Internet of Things (IoT) ជាដើម ។
លោក Panutat បានបន្តថា «ជាមួយនឹងបច្ចេកវិទ្យា 5G និង Artifical Intelligence (AI) ប្រទេសចិនមានប្រព័ន្ធ Ecosystem មួយដែលមានទីផ្សារធំសម្រាប់ការទាក់ទាញអ្នកបង្កើតកម្មវិធី»។ លោកបានបន្ថែមថា Hongmeng OS បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញពិភពលោកក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ខណៈដែលសង្គ្រាមពាណិជ្ជកម្មបានផ្ទុះឡើង ហើយមានមនុស្សប្រមាណ១ប៊ីលាននាក់ហើយដែលត្រៀមនឹងប្រើប្រាស់វា ។ Hongmeng នឹងស្វាគមន៍ក្រុមហ៊ុនស្មាតហ្វូនចិនដទៃដែលព្រួយបារម្ភពីការពឹងផ្អែកលើ Google ។
ប្រព័ន្ធ OS ថ្មីនឹងបើកទូលាយសម្រាប់កម្មវិធីបរទេសដែលដាក់គោលដៅលើអ្នកប្រើប្រាស់ចិន ព្រោះពួកគេត្រូវការការគាំទ្រពីទីផ្សារអន្តរជាតិបន្ថែមដើម្បីទាក់ទាញអ្នកប្រើប្រាស់ជុំវិញពិភពលោក ។
លោក Panitat បានបន្តទៀតថា នៅមានឱកាសច្រើនក្នុងការទាក់ទាញរោងចក្របរទេសពីប្រទេសចិនមកកាន់ប្រទេសថៃជាពិសេសមកកាន់ច្រករបៀងសេដ្ឋកិច្ចខាងកើតដែលរោងចក្រទទួលបានការអនុគ្រោះពន្ធច្រើន។
យ៉ាងណាក្តី លោក Sittiphol Phanvilai ដែលជាអ្នកបង្កើត Software ម្នាក់ដែលធ្លាប់ធ្វើការក្នុងសហរដ្ឋអាមេរិកបាននិយាយថា OS ថ្មីប្រហែលជាមិនបើកទូលាយសម្រាប់អ្នកបង្កើតកម្មវិធីក្នុងប្រទេសថៃទេព្រោះ Ecosystem របស់ប្រទេសចិនមានភាពតូចចង្អៀត។ ប៉ុន្តែលោកមើលឃើញមានឱកាសច្រើនទាក់ទិននឹង IoT និង AI ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ