ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត២នាក់ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ​…រឿងជម្រិតទារលុយ1200$

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អ្នកកាសែត​មិន​ធ្លាប់​ឮឈ្មោះម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី​៣​ហើយ ​ក្នុង​ចំណោម​មនុស្ស​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ក៏​ត្រូវ​គេ​លាក់​ការណ៍​យ៉ាង​ជិត មិន​ឲ្យ​អ្នក​ណា​ផ្តល់​ព័ត៌មាន​មក​ខាងក្រៅ​ឡើយ តែ​ដូច​ពាក្យចាស់​លោក​ពោល​ថា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ទេ ។…

ខេត្តកំពង់ធំ ៖ អ្នកកាសែត​មិន​ធ្លាប់​ឮឈ្មោះម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​លើក​ទី​៣​ហើយ ​ក្នុង​ចំណោម​មនុស្ស​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ក៏​ត្រូវ​គេ​លាក់​ការណ៍​យ៉ាង​ជិត មិន​ឲ្យ​អ្នក​ណា​ផ្តល់​ព័ត៌មាន​មក​ខាងក្រៅ​ឡើយ តែ​ដូច​ពាក្យចាស់​លោក​ពោល​ថា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​ជិត​ទេ ។

តាម​ប្រភព​ព័ត៌មានឱ្យ​ដឹង​ថា កាលពី​វេលាម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ខេត្ត សហការ​ជាមួយនឹង​នគរបាល​ក្រុង​ស្ទឹង​សែន ក្រោម​បញ្ជា​របស់​លោក​ស្នងការ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​អ្នកកា​សែត​មិន​ធ្លាប់​ឮឈ្មោះ​ចំនួន​២​នាក់ នៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពីមុខ​ផ្សារ​កំពង់ធំ ក្នុងភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន ។

ជនជាប់ចោទ​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ ហ៊ា​ង លី​ហាក់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ បាន​ប្រាប់​ថា ខ្លួន​ជា​អ្នក​សារព័ត៌មាន​សំឡេង​សន្តិភាព និង​ម្នាក់​ទៀត​ឈ្មោះ អាំង ប៊ុ​ន​ហូ​វ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បាន​ប្រាប់​ថា​ជា​អ្នក​សារព័ត៌មាន​វិ​ថី​សន្តិភាព ។ អ្នក​ទាំង​២​នាក់ ជាប់ចោទ​ពី​បទ​ជំរិត​ទារប្រាក់​ចំនួន​១.២០០ដុល្លារ ពី​លោក លី ស្រេង នាយក​ដែន​ជម្រកសត្វព្រៃ​អភិរក្ស​ព្រៃ​ឡង់ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក លី ស្រេង បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ មិថុនា​ថា ក្រោយ​ពី​មាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ស្តី​អំពី​បទ​ល្មើ​ល​ព្រៃឈើ ហើយ​ប៉ះពាល់​ដល់​មន្ទីរ​បរិស្ថាន​និង​មន្ទីរ​កសិកម្ម​រួច​មក ស្រាប់តែ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា លោក ហ៊ា​ង លី​ហាក់ ដែល​ប្រាប់​ថា​ជា​អ្នកកាសែត​សំឡេង​សន្តិភាព បាន​ទូរស័ព្ទ​ទៅ​លោក​សួរ​ថា​«​យ៉ាងម៉េច​ទៅ​ហើយ​អា​ម៉ាក ឃើញ​គេ​ចុះ​ផ្សាយ​ព្រោងព្រាត បើ​ចង់​បិទ​ព័ត៌មាន​មក​ជួប​និយាយ​គ្នា​មក​» ។

ពួក​គេ​បាន​ណាត់ជួប​គ្នា​ចរចារ​រឿង​លុយ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​ខាងលើ ដែល​មាន​រូប​លោក​ជាមួយ​លោក ហ៊ា​ង លី​ហាក់ និង​លោក អាំង ប៊ុ​ន​ហូ​វ ។ នៅ​ក្នុង​ជំនួប​នោះ លោក ហ៊ា​ង លី​ហាក់ និយាយ​ថា បិទ​ព័ត៌មាន​ទៅ​ពួកម៉ាក ។

លោក​ក៏​យល់ព្រម​តាម ដើម្បី​កុំឱ្យ​មាន​បញ្ហា ហើយ​ខណៈនោះ​លោក ហ៊ា​ង លី​ហាក់ ប្រាប់​ថា គេ​មាន​គ្នា​៤​នាក់ ក្នុង​ម្នាក់​សុំ​៣០០​ដុល្លារ ៤​នាក់​ស្មើនឹង​១.២០០​ដុល្លារ ។ លោក លី ស្រេង និយាយ​ថា លោក​យល់ព្រម​ឲ្យ​១.២០០​ដុល្លារ តែ​ឥឡូវ​លោក​មាន​តែ​៥០០​ដុល្លារ​ទេ​ក្នុង​ហោប៉ៅ​ឲ្យ​ប៉ុណ្ណឹង​សិន សុំ​ជំពាក់​៧០០​ដុល្លារ​ចាំ​ឲ្យ​ពេល​ក្រោយ ពួក​គេ​ក៏​យល់ព្រម ។ នៅ​ពេល​លោក​ហុច​លុយ​ឲ្យ ក៏​ត្រូវ​ក​ម្លាំ​នគរបាល​ចាប់ខ្លួន​អ្នក​ទាំង​២​នាក់​តែ​ម្តង ។

ជុំវិញ​ករណី​ចាប់ខ្លួន​អ្នកកាសែត​ជាប់ចោទ​ពី​បទ​កំហែង​យក​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត តាម​រយៈ​ទូរស័ព្ទ​ដែរ​តែ​គ្មាន​អ្នក​ទទួល ។

ចំណែក​លោក ទិ​ត្យ សំណាង ស្នងការ​រង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ប្រាប់​ថា លោក​ជាប់រវល់​នៅ​ឯ​ភ្នំពេញ មិន​អាច​ឆ្លើយ​ប្រាប់​បាន​ទេពី​បញ្ហា​នេះ ។ គួរ​បញ្ជាក់​ថា ឈ្មោះ ហ៊ា​ង លី​ហាក់ ត្រូវបាន​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) បញ្ឈប់​ពី​ការងារ ក្រោយ​ពី​សមត្ថកិច្ច​មក​ពី​ក្រសួងមហាផ្ទៃ​ចាប់​វាយ​ខ្នោះ​នៅ​ស្រុក​ស្ទោង​ម្តង​មក​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​ឆបោក​លុយ ។

ពេល​នោះ ដោយសារ​តែ​ខាង​ជន​នេះ​ពូ​តែ​រត់ការ បាន​តែ​ពីរបី​ថ្ងៃ ស្រាប់តែ​ពលរដ្ឋ​ឃើញ​លេចមុខ​គ្រហើ​ៗ​នៅខេត្តកំពង់ធំ​ដដែល ។ ក្រោយមក លោក ហ៊ា​ងលី​ហាក់ ត្រូវ​បាន​គេ​បញ្ឈប់​ពី ទ​.​ទ​.​ក ហើយ​ក៏រត់​មក​ចូល​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដោយ​ដូរ​ដាក់ឈ្មោះ ហេង ជលសា វិញ ។

លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ទៀត ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​ជា​លើក​ទី​២​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលា ដំបូង​រាជធានី​ភ្នំពេញ ។ បន្ទាប់ពី​ចាប់ខ្លួន បើ​យោង​តាម​ព័ត៌មាន​ដែល​កោះ​សន្តិភាព​ទទួល​បាន គឺ​ជន​ឈ្មោះ ហ៊ា​ង លី​ហាក់ នេះ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ ហើយ​ក៏​ទើបតែ​ចេញពី​គុក​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩​ថ្មី​ៗ​នេះ បាន​តែ​រយៈពេល​១​ខែ ក៏​ត្រូវ​ជាប់​ខ្នោះ​ម្តងទៀត​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​លើក​ទី​៣ ។

ទោះជា​យ៉ាងណា ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​លាក់​ការណ៍​ដោយ​មិន​មានការ​ផ្តល់​ព័ត៌មាន​នោះ​ទេ ។
បើ​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ខាង​អាជ្ញាធរ​ស្រុក​សណ្តាន់ បាន​ត្អូញត្អែរ​ពី​ក្រុម​អ្នកកាន់កា​តកាសែត​ថា យ៉ាប់​ណាស់​ក្រុម​អ្នកកាសែត​ត្បាញអាយ​ខាងលើ​នេះ សូ​ម្បី​តែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ដឹក​សសរ​ឬ​ក៏​ដឹកឈើ​បន្តិចបន្តួច​មក​ជួសជុលផ្ទះ​សោះ ក៏​ពួក​អស់លោក​ទាំងនោះ​កាក់​ជំរិត​យកលុយ​ពី​ពួក​គាត់​ដែរ ។

ចំណែក​សមត្ថកិច្ច​ស្រុក​ស្ទោង​វិញ​បង្ហើប​ថា ចាប់តាំងពី​ឆ្នាំ​២០១៨​មកខាង​លោក​ទទួល​បាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ចំនួន៥​ករណី ដែល​បាន​ប្តឹង​ពី​ឈ្មោះ ហ៊ា​ង លី​ហាក់ ហើយ​ពាក្យបណ្តឹង​នេះ​ក៏​បាន​បញ្ជូន​ទៅ​លើ​អស់ហើយ តែ​ក៏​មិនឃើញ​មាន​ចំណាត់ការ​ណាមួយ​ចំពោះ​ជន​នេះះ​ឡើយ ស្រាប់តែ​ឃើញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ឈ្មោះ​នេះ​ពី​ភ្នំពេញ​មក​វិញ ៕

អត្ថបទសរសេរ ដោយ