ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើចង់ចិញ្ចឹមឃ្មុំ​ដែរឬអត់?​ តោះ មក​ស្តាប់​អ្នក​ចិញ្ចឹម​ឃ្មុំប្រាប់​…

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ខាំ​កូ​.​គីឡូ​៣៨» គឺជា​ឈ្មោះ​សហគមន៍​មួយ ដែល​បាន​ចងក្រង​ដោយ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។ សហគមន៍​នេះ…

ខេត្តបាត់ដំបង ៖ «​ខាំ​កូ​.​គីឡូ​៣៨» គឺជា​ឈ្មោះ​សហគមន៍​មួយ ដែល​បាន​ចងក្រង​ដោយ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។ សហគមន៍​នេះ បាន​ផ្ដុំ​គំនិត​គ្នា ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ដាំ​ដំណាំ​កសិកម្ម​គ្រប់មុខ​ចិញ្ចឹម និង​ជា​ពិសេស​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ ដែល​កំពុង​ទទួល​ជោគ ជ័យ​ល្អ​ប្រសើរ ក្រោម​ការ​ជួយ​ឧម​ត្ថ​ម្ភ​ផ្នែក​សម្ភារ និង​បច្ចេកទេស​ខ្លះ​ៗ​ពី​សហគមន៍​មួយ​នៃ​ប្រទេស​កូរ៉េ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អ៊ឹម សុ​ភ័​ក្រ ប្រធាន​សហគមន៍​នេះ ។

អ្នកដឹកនាំ​សហគមន៍ លោក​អ៊ឹម សុ​ភ័​ក្រ បាន​និយាយ​ថា សហគមន៍​របស់​លោក ហាក់​មិន​ទាន់​ដំណើរការ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ចំពោះ​ការ​ដាំ​ដំណាំ​កសិកម្ម លើកលែងតែ​ការ​ចិញ្ចឹម​ឃ្មុំ​មួយ​មុខ​ប៉ុណ្ណោះ ដែល​សហគមន៍​របស់​លោក​ទទួល​បាន​ជោគជ័យ​គ្រាន់បើ ។ ប្រធាន​សហគមន៍​រូប​នេះ​បាន​បន្ត​ថា នៅ​ក្នុង​សហ គមន៍​«​ខាំ​កូ​.​គីឡូ​៣៨» សព្វ​ថ្ងៃនេះ មាន​សមាជិក​១៣​គ្រួសារ ដែល​កំពុង​ប្រកប​មុខរបរ​ចិញ្ចឹម​ឃ្មុំ ហើយ​ក្នុង​ចំណោម​នោះ មាន​ចំនួន​៦​គ្រួសារ ដែល​ទទួល​បាន​ជោគជ័យ​គ្រាន់បើ​ជាងគេ ។ រីឯ​ចំនួន​៧​គ្រួសារ​ទៀត​ទ​ទូល​បាន​ផល​បន្ទាប់បន្សំ​ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ ។

សហគមន៍​ចិញ្ចឹម​ឃ្មុំ​រៀបរាប់​ពី​ផលិតផល
លោក​អ៊ឹម សុ​ភ័​ក្រ បាន​លើក​ឡើង​ថា លោក​បាន​ចាប់ផ្ដើម​ចងក្រង​ជា​សហគមន៍​ចិញ្ចឹម​ឃ្មុំ​នេះ នៅ​អំឡុង​ឆ្នាំ​២០១៧ កន្លង​ទៅ រហូត​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ។ គ្រួសារ​នីមួយ​ៗ​ហាក់​កំពុង​ទទួល​បាន​ផល​ល្អ​ប្រសើរ​ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ ហើយ​ថែម​ទាំង​ពង្រីក​ទីតាំង​ចិញ្ចឹម កាន់តែ​ច្រើន​ទៀត​ផង ។ បុរស​ពិការ​ដៃ​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ខ្ញុំ​ផ្ទាល់​.. ដំបូង​ខ្ញុំ មាន​ធុង​ចិញ្ចឹម​ឃ្មុំ​ត្រឹមតែ​៣​ធុង (​សម្បុក​ឃ្មុំ​) ប៉ុណ្ណោះ តែ​មក​ដល់​ពេល​នេះ ខ្មុំ​ពង្រីក​បាន​រហូត​ដល់​ទៅ​៦០​ធុង​ហើយ រីឯ​កសិករ​ដទៃ​ទៀត ក៏​កំពុង​ពង្រីក​កសិដ្ឋាន​របស់​ពួក​គេ កាន់តែ​ច្រើន​ដែរ​» ។

សមាជិក​ម្នាក់​នៃ​សហគមន៍​ចិញ្ចឹម​ឃ្មុំ​នេះ គឺ​អ្នកស្រី បឿន វុ​ទ្ធី អាយុ​២៩​ឆ្នាំ បាន​អះអាង​ពី​ភាព​ជោគជ័យ នៃ​ការ​ចិញ្ចឹម​ឃ្មុំ​នេះ​ដែរ​ថា «​ក្នុង​មួយ​ឆ្នាំ​ៗ ខ្ញុំ​ទទួល​បាន​ប្រាក់​ចំណូល​គ្រាន់បើ​ដែរ ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ សម្រាប់​ទប់ទល់​ជីវភាព​គ្រួសារ ។ ដំបូង​ខ្ញុំ​មាន​ធុង​ចិញ្ចឹម​ឃ្មុំ​តែ​២​ប៉ុណ្ណោះ តែ​ដោយសារ​វា​បាន​ផ្ដល់​ប្រាក់​ចំណូល​គ្រាន់បើ ទើប​សព្វថ្ងៃ​គ្រួសារ​ខ្ញុំ​បង្កើត​ធុង​សម្រាប់​ចិញ្ចឹម​ឃ្មុំ​បាន​រហូត​ដល់​១៤​ធុង ហើយ​ស្វាមី​ខ្ញុំ​ជា​អ្នក​រៀបចំ​មើលថែ​ទាំ​ក្នុង​ការ​ចិញ្ចឹម​ឃ្មុំ​នេះ​» ។​

អ្នកស្រី​បាន​បញ្ជាក់​ថា ជា​ធម្មតា​ទឹកឃ្មុំ​ត្រូវ​ប្រមូល​ផល​២​ដង​ក្នុង​១​ឆ្នាំ តែបើ​មាន​តម្រូវការ​គាត់​ត្រូវ​ប្រមូល​ផល​ទឹកឃ្មុំ​ក្នុង​រយៈពេល​យ៉ាង​យូរ​ពី​៣ ឬ​៤​ខែ​ម្ដង ។ ប៉ុន្តែ​មិន​អាច​កំណត់​បរិមាណ​បាន​ទៀងទាត់​ទេ ព្រោះ​ការ​ប្រមូល​ផល​ធ្វើ​ឡើងជា​បន្តបន្ទាប់​គ្នា ។ សម្រាប់​ទីផ្សារ​វិញ កសិករ​រូប​នេះ បាន​ប្រាប់​ថា ពេល​ប្រមូល​ផល​ម្ដង​ៗ ទឹកឃ្មុំ​ត្រូវ​យក​ទៅ​កន្លែង​សហគមន៍ ព្រោះ​ប្រធាន​សហគមន៍​ជា​អ្នក​ជួយ​ណែនាំ​ពី​វិធី​វេច​ខ្ចប់​និង​ជួយ​ស្វែងរក​ទីផ្សារ​ឲ្យ​សមាជិក​របស់​ខ្លួន ។

ជន​ពិការ​ម្នាក់​ដឹកនាំ​ការ​ចិញ្ចឹម​ឃ្មុំ
ពាក់ព័ន្ធ​ការ​ផ្ដើមគំនិត​បង្កើត​សហ​គម​ន៍ចិញ្ចឹម​ឃ្មុំ​នេះ​ លោក​អុឹម សុ​ភ័​ក្រ បាន​រំលឹក​ដោយ​សង្ខេប​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជា​កសិករ​និង​ជា​ជន​ពិការ​ម្នាក់ ។ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ចូល​ចិត្ត​ដើរ​រក​ឃ្មុំ​នៅ​ក្នុង​ព្រៃ ហើយ​ខ្ញុំ​ក៏​ចាប់ផ្ដើម​សាកល្បង​ចិញ្ចឹម​ឃ្មុំ​ព្រៃ​នេះ​តែ​ម្ដង នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១០​រហូត​មក​» ។ ជាមួយនឹង​កាយវិការ​ដែល​មាន​តែ​ដៃស្ដាំ​ម្ខាង បុរស​សម្បុរ​ខ្មៅ​រូប​នេះ បាន​និយាយ​ថា «​ក្នុង​ដំណើរការ នៃ​ការ​ចិញ្ចឹម​ឃ្មុំ​ព្រៃ​នេះ​ក៏​មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ពី​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ផង​ដែរ ។ ហើយ​ក្រោយមក​គាត់​បាន​នាំ​ខ្ញុំ​ទៅ​មើល​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​នៅ​ប្រទេស​របស់​គាត់​ទៀត​ផង​» ។

គាត់​និយាយ​ដូច្នេះ​ថា«​បន្ទាប់​ពី​បាន​ទៅ​មើល​ពី​ការ​ចិញ្ចឹម​ឃ្មុំ​នៅ​កូរ៉េ សហ​គម​ន៍​នៅ​ប្រទេស​កូរ៉េ​មួយ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​បង្កើត​ជា​សហ​គម​ន៍ ដើម្បី​ចិញ្ចឹមសត្វ​ឃ្មុំ​នេះ ដោយ​ពួក​គេ​(​កូរ៉េ​)​ជា​អ្នក​ជួយ​ឧបត្ថម្ភ​សម្ភារ និង​បច្ចេកទេស​ខ្លះ​ៗ ។ ដូច្នេះ​ហើយ​ ទើប​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្ញុំ​បាន​ចងក្រង​ជា​សហ​គម​ន៏​ចិញ្ចឹម​ឃ្មុំ​នេះ​នៅ​ក្នុង​មូលដ្ឋាន​ឈ្មោះ​ថា សហ​គម​ន៍ «​ខាំ​កូ​.​គីឡូ​៣៨»​។ លោក​សុ​ភ័​ក្រ បាន​បញ្ជាក់​ដែរ​ថា សហ​គម​ន៍​របស់​លោក​មិនមែន​ចិញ្ចឹម​តែ​សត្វ​ឃ្មុំ​ទេ គឺ​មានការ​ដាំ​ដំណាំ​គ្រប់មុខ ដាំ​ស្មៅ​យក​គ្រាប់​លក់​ឲ្យ​សហ​គម​ន៍​​កូរ៉េ ព្រោះ​ពូជ​នាំ​យក​មក​ពី​ប្រទេស​កូរ៉េ ព្រមទាំង​ចិញ្ចឹម​មាន់​ផង​ដែរ ។

សហ​គម​ន៍ ​«​ខាំ​កូ គីឡូ​៣៨» ដែល​មាន​សមាជិក​ចំនួន​១៣​គ្រួសារ​នេះ ហាក់​កំពុង​ទ​ទូល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាមួយនឹង​មុខរបរ​ចិញ្ចឹម​ឃ្មុំ​។ បើ​ពិនិត្យ​ជាក់ស្ដែង នៃ​ទីតាំង​ចិញ្ចឹម​ឃ្មុំ​របស់​គ្រួសារ​នីមួយ​ៗ​មាន​ធុង​សម្រាប់​ចិញ្ចឹម​ឃ្មុំ​រៀង​ៗ​ខ្លួន​មិន​ក្រោម​ពី​១០​ធុង​ឡើយ​។ ធុង​ចិញ្ចឹម​ឃ្មុំ​ត្រូវ​បាន​គេ​ធ្វើ​ពី​ឈើ​តាម​ក្បួនខ្នាត​ច្បាស់លាស់ ។ រីឯ​បង្គងឃ្មុំ​វិញ​ក៏​កាន់តែ​មាន​ខ្នាត​ត្រិ​ម​ត្រូវ​ទៀត ដែល​មាន​ទំហំ​២​តឹក​x៤​តឹក ហើយ​ក្នុង​មួយ​ធុង​អាច​ដាក់​បាន​១០​បង្គង ។

បច្ចេកទេស​ចិញ្ចឹម​មក​ពី​ប្រទេស​កូរ៉េ
លោកអុឹម សុ​ភ័​ក្រ បាន​និយាយ​អំពី​របៀប​ចិញ្ចឹម​ឃ្មុំ​នេះ​ថា កាល​ដើម​ឡើយ​លោក​បាន​ចិញ្ចឹមសត្វ​ឃ្មុំ​ព្រៃ តែ​ក្រោយ​ពី​មានការ​ជួយ​ជ្រោមជ្រែង​ពី​សហ​គម​ន៏ នៃ​ប្រទេស​កូរ៉េ លោក​ក៏​បាន​ទិញ​ពូជ​ឃ្មុំ​បន្ថែម​ពី​ប្រទេស​វៀត​ណា​ផង និង​ពី​ប្រទេស​ថៃ​ផង ។ ប៉ុន្តែ​ផ្លិត​ឃ្មុំ (​ផ្លិត​សិប្ប​និ​មិ្ម​ត​) គឺ​ខាង​សហ​គម​ន៏​កូរ៉េ ជា​អ្នក​ឧបត្ថម្ភ ។ លោក​បាន​ប្រាប់​ថា ធុង​ចិញ្ចឹម​ឃ្មុំ​ត្រូវ​បាន​លើកដាក់​ចល័ត​ទៅ​តាម​រដូវ​កាល​នៃ​ការ​លូតលាស់ នៃ​រុក្ខជាតិ ។ គេ​អាច​ដាក់​ពង្រាយ​ធុង​ចិញ្ចឹម​ឃ្មុំ​នៅ​តាម​ព្រៃ ឬ​តាម​ចំការ​ខាងក្រោយ​ភូមិ ឬ​ដាក់​នៅ​ក្បែរ​ផ្ទះ​ក៏​បាន គឺ​អាស្រ័យ​ទៅ​លើ​ទីតាំង​នោះ​សំបូរ​ទៅ​ដោយ​រុក្ខជាតិ​ដែល​មាន​ផ្លែផ្កា​សម្រាប់​ជា​ចំណី​ឃ្មុំ ។ គាត់​បញ្ជាក់​ប្រាប់​ថា យើង​អាច​យក​ទឹកឃ្មុំ​ក្នុង​រយៈពេល​៣​ខែ​ម្ដង​ក៏​បាន តែ​រយៈ​៣​ខែ​នេះ គឺ​ទឹកឃ្មុំ​នៅ​ខ្ចី ប៉ុន្តែ​បើ​កសិករ​ប្រមូល​ផល​ក្នុង​១​ឆ្នាំ ២​ដង ទើប​ទឹកឃ្មុំ​មានគុណ​ភាព​ចាស់​ល្អ ។

ទីផ្សារ​ទឹកឃ្មុំ​មាន​សម្រាប់​អ្នក​ចិញ្ចឹម
ដោយឡែក​បើ​និយាយ​អំពី​ទីផ្សារ​ទឹកឃ្មុំ​វិញ លោក​អ៊ឹម សុ​ភ័​ក្រ បាន​រៀបរាប់​ថា ទឹកឃ្មុំ​ដែល​សហ​គម​ន៏​លោក​ធ្វើ​សព្វ​ថ្ងៃនេះ គឺ​មានគុណ​ភាព​ចាស់​ល្អ ហើយ​សមាជិក នៃ​សហ​គម​ន៏​ទាំងអស់​ត្រូវ​ប្រមូល​រៀង​ៗ​ខ្លួន យក​មក​កន្លែង​សហ​គម​ន៏​ធ្វើ​ឲ្យ​ស្អាត​ល្អ ដើម្បី​ច្រក​កែវ​និង​បិត​ឡូ​ហ្គោ​បញ្ជាក់​ពី​សហ​គម​ន៏​និង​អាសយដ្ឋាន​ច្បាស់លាស់ ទើប​អាច​ដាក់​លក់​លើ​ទីផ្សារ​បាន ។ លោក​ក៏​បាន​ឲ្យ​ដឹង​អំពី​តំលៃ​ទឹកឃ្មុំ ដែល​សហ​គម​ន៏​បាន​លក់​ចេញ​ថា បច្ចុប្បន្ន​ទឹកឃ្មុំ​ដែល​សហ​គម​ន៏​លោក​លក់​នៅ​លើ​ទីផ្សារ​ហាក់​មាន​តម្លៃ​ខ្ពស់​ជាងគេ​បន្តិច គឺ​ក្នុង​១​លី​ត្រ តំលៃ​២០​ដុល្លារ ឬ​ស្មើនឹង​៨​ម៉ឺន​រៀល ។

លោក​ថា មូលហេតុ​ដែល​ទឹកឃ្មុំ​សហ​គម​ន៏​លោក​លក់​ថ្លៃ ដោយសារ​តែ​មានគុណ​ភាព​ចាស់​ល្អ និង​មានការ​វេច​ខ្ចប់​ត្រិ​ម​ត្រូវ តាម​ស្ដង់ដារ ហើយ​អតិថិជន​ក៏​មាននៅ​គ្រប់​ខេត្ត និង​រាជធានី ដែល​ខ្លះ​ទិញ​រាយ និង​ខ្លះ​ទៀត​កុម្ម៉ង់​ទិញ​ដុំ ដើម្បី​យក​ទៅ​លក់​បន្ត ។ ដោយឡែក​សហ​គម​ន៏​ជនជាតិ​កូរ៉េ​ក៏​ប្រមូល​ទិញ​ទឹកឃ្មុំ​នេះ​ច្រើន​គួរសម​ដែរ ពេល​ពួក​គេ​ចុះ​មក​សំណេះសំណាល​ជាមួយ​សហ​គម​ន៏​«​ខាំ​កូ​.​គីឡូ​៣៨»​នៅ​ប្រទេស​កម្ពុជា ម្ដង​ៗ ឬ​ពួក​គេ​កុម្ម៉ង់​ទិញ​ពី​ប្រទេស​កូរ៉េ​តែ​ម្ដង ។

លោក​សុ​ភ័​ក្រ បាន​បញ្ជាក់​បន្ថែម​អំពី​លក្ខខណ្ឌ​នៅ​ក្នុង​សហ​គម​ន៏​ថា ពេល​ប្រមូល​ផល​ទឹកឃ្មុំ​សមាជិក​ត្រូវ​យក​មក​កន្លែង​សហ​គម​ន៏ ដើម្បី​រៀបចំ​វេច​ខ្ចប់​និង​រក្សារ​ទុក​នៅ​ក្នុង​សហ​គម​ន៏ តែ​ពួក​គេ​ត្រូវ​កត់ត្រា​ពី​ចំនួន​ទឹកឃ្មុំ​របស់​ពួក​គេ ដើម្បី​លក់​យក​ប្រាក់​ចំណូល​រៀង​ៗ​ខ្លួន​។ ព្រោះ​រូប​លោក​ដែល​ជា​ប្រធាន​សហ​គម​ន៍ គ្រាន់តែ​ជា​អ្នក​ស្វែងរក​ទីផ្សារ​ជូន​ពួក​គាត់​ដែល​ជា​សមាជិក​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ បើ​អតិថិជន​ដែល​ត្រូវការ​ទិញ​ទឹកឃ្មុំ​ ដែល​មានគុណ​ភាពល្អ អាច​ទៅ​កាន់​សហ​គម​ន៍​របស់​លោក​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​ខាងលើនឹង​អាច​កុម្ម៉ង់​ទិញ​ផ្ទាល់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ