ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងកម្ទេចសាលាអស់ហើយ​…សុំជួយ​ដល់សិស្សផង អត់សាលារៀនទេ! (មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មាតាបិតា​សិស្ស​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​នូវ​ការ​បាត់បង់​ដ៏​ធំធេង គឺ​សាលា​បឋម​សិក្សា យុគន្ធរ ដែល​បណ្ដាល​មក​ពី​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង​គ្មាន​សល់​អ្វី​ឡើយ ។ ជាមួយ​គ្នា​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ជា​ពិសេស​មាតាបិតា​សិស្ស​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​នូវ​ការ​បាត់បង់​ដ៏​ធំធេង គឺ​សាលា​បឋម​សិក្សា យុគន្ធរ ដែល​បណ្ដាល​មក​ពី​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង​គ្មាន​សល់​អ្វី​ឡើយ ។

ជាមួយ​គ្នា​នេះ លោក​មេឃុំ​ឆ្នុកទ្រូ​ក៏​បាន​សម្ដែង​ទឹកចិត្ត​សោកស្ដាយ​ជា​ពន់ពេក និង​បាន​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​កសាង​សាលារៀន​យុគន្ធរ​ឡើង​វិញ​។ សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី ១០ ខែមិថុនា ឆ្នាំ​២០១៩ ពេល​ដែល​លោក​ចុះ​ពិនិត្យ​សាលា​យុគន្ធរ ដែល​នៅ​សល់​តែ​ផេះ​ផង់ ។ សាលា​បឋម​សិក្សាយុគន្ធរ​​នេះ ស្ថិត​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់ នូវ​ការ​បាត់បង់​សាលា​បឋម​សិក្សា​ដែល​ជា​សាលា​បណ្ដុះបណ្ដាល បង្ហាត់បង្រៀន​ដល់​សិស្ស​ជា​កូន​ប្រជា​កសិករ​នៅ​ក្នុងភូមិ​ឆ្នុកទ្រូ​ចំណុច​យុគន្ធរ​នេះ ។ សាលា​មួយ​នេះ​ជា​សាលា​បណ្តែត​លើ​ទឹក ដោយ​បាន​កសាង​យូរ​ឆ្នាំ​ណាស់​មក​ហើយ និង​បាន​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​បឋម​រាប់​ជំនាន់ មុន​ពេល​ឡើង​ទៅ​អនុ​វិទ្យាល័យ ។ ក្រោយ​ពី​មានការ​បំ​លាស់​ទី ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​លើ​ទឹក​អោយ​ឡើង​លើគោក សាលា​នេះ​ក៍​ត្រូវ​បាន​ឡើង​លើគោក​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ​ឡើង​មិន​ទាន់​ដល់​គោលដៅ​ដែល​ត្រូវ​ដាក់​តាម​គម្រោង​របស់​ឃុំ​នោះ​ទេ ហើយ​ត្រៀម​នឹង​ទៅ​អោយ​ដល់​គោលដៅ​ពេល​ខាង​មុខ​នេះ ។

សាលា​នេះ​មាន​៣​អគារ គឺ​អគារ​ម​តេ​យ្យ​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ និង​២​អគារ​ទៀត​មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​ដូច​គ្នា ។ សាលា​ទាំង​៣​ខ្នង​បាន​ចែក​ចេញ​ជា​៦​បន្ទប់ មាន​សិស្ស​សរុប​២៦០​នាក់ ។ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​នី​សឡា ។

លោក​មេឃុំ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​មាន​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​សាលា​យុគន្ធរ​កើតឡើង លោក​បាន​ស្នើ​សុំ​ចៅអធិការ​វត្ត​យុគ​ន្ឋ ដើម្បី​អោយ​សិស្ស​ទាំងនោះ​បាន​រៀន​នៅ​លើ​សាលាឆាន់ និង​សាលារៀន​បាលី​ក្នុង​វត្ត ហើយ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​ចៅអធិការ​វត្ត​ផង​ដែរ ។

ជា​ចុង​ក្រោយ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​សូម​អំពាវនាវ​ដល់​សប្បុរសជន និង​ក្រសួង​អប់រំ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​កសាង​សាលារៀន​ជា​បន្ទាន់​ដល់​សិស្សសាលា​បឋម​សិក្សា​យុគន្ធរ​ផង ព្រោះ​អាជ្ញា​មាន​ដី​សម្រាប់​សាងសង់​ជា​ស្រេច​ដែល​មាន​ទំហំ​១០០​ម៉ែត្រ​គុណ​នឹង​៥០០​ម៉ែត្រ ។

សូម​បញ្ជាក់​ថា សាលា​បឋម​សិក្សា​យុគ​ន្ឋ ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា​នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​មន្ត្រី​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​អភិបាលរង​ខេត្ត មន្ត្រី​មន្ទីរ​អប់រំ​យុវជន​កីឡា​ខេត្ត ក៏​បាន​ទៅ​ដល់​វត្ត​យុគន្ធរ​ដើម្បី​ជួប​ជាមួយនឹង​នាយក​សាលា លោកគ្រូ​អ្នកគ្រូ ក្នុង​គោលបំណង​ត្រួតពិនិត្យ​ការ​បាត់បង់​សម្ភារៈ​ដែល​ខូចខាត ហើយ​សាលា​សាលា​ត្រូវការ​អ្វីខ្លះ​ជា​បន្ទាន់​ចំពោះ​មុខ ។

ជាមួយ​គ្នា​នេះ ក្រសួង​អប់រំ​យុវជន​និង​កីឡា សាលា​កម្រង មន្ទីរ​អប់រំ​ខេត្ត ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា​ជា​បន្ទាន់​ផង​ដែរ ក្នុង​នោះ​មាន​សៀវភៅ ប៊ិ​ច ក្តារខៀន តុ​កៅអី​សិស្ស ធុង​ចម្រោះ​ទឹក​ស្អាត និង​តង់​សម្រាប់​បាំង​ខ​ណ្ឌ័​ជា​បន្ទប់​ៗ​ចែក​តាម​ថ្នាក់រៀន និង​សម្ភារៈ​មួយ​ចំនួន​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា)

គួររំលឹកថា​ លោក​មេឃុំ​ឆ្នុកទ្រូ​សុំ​ទីធ្លា​វត្ត ដើម្បី​បាន សិស្ស​រៀន​សិន​…​ក្រោយ​ភ្លើង​ឆេះ​សាលា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ