ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកមេឃុំឆ្នុកទ្រូសុំទីធ្លាវត្ត ដើម្បីបាន សិស្ស​​រៀន​សិន…ក្រោយភ្លើង​ឆេះសាលា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​លោក​មេឃុំ​ឆ្នុកទ្រូ​បាន​ប្រាប់​ថា លោក​បាន​សុំ​ទីធ្លា​វត្ត​យុគន្ធរ​ពី​ចៅអធិការ​ហើយ ដើម្បី​ឲ្យ​សិស្ស​បាន​ទៅ​រៀន ​ជា​បណ្ដោះអាសន្ន​សិន ។ ​គួរបញ្ជាក់ថា​ អគារ​៣​ខ្នង​នៃ​សាលា​បឋម​សិក្សា​យុ គន្ធរ…

​ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​លោក​មេឃុំ​ឆ្នុកទ្រូ​បាន​ប្រាប់​ថា លោក​បាន​សុំ​ទីធ្លា​វត្ត​យុគន្ធរ​ពី​ចៅអធិការ​ហើយ ដើម្បី​ឲ្យ​សិស្ស​បាន​ទៅ​រៀន ​ជា​បណ្ដោះអាសន្ន​សិន ។ ​គួរបញ្ជាក់ថា​ អគារ​៣​ខ្នង​នៃ​សាលា​បឋម​សិក្សា​យុ គន្ធរ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ដែល​គេ​សង្ស័យ​ថា ​បណ្តាល​មក​ពី​ផ្ទុះ​អា​គុយ​របស់​ផ្ទាំង​សូ​ឡា ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បានឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា​យុគន្ធរ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង ដោយ​មិន​អាច​ជួយ​អ្វី​បាន​ទេ ហើយ​​ការ​ឆេះ​នេះ​ ក៏​មិនដឹង​មូលហេតុ​អ្វី​ឱ្យ​បាន​ច្បាស់លាស់​ដែរ​តែ​សង្ស័យ​ថា​ បណ្តាល​មក​ពី​អគ្គិសនី​របស់​ផ្ទាំង​សូ​ឡា ។

លោក​មេឃុំ​ថ្លែង​ថា នៅ​ពេល​កើតហេតុ គ្មាន​អ្វី​ជួយ​សង្គ្រោះ​បាន​ទេ សូ​ម្បី​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល ក៏​មិន​អាច​ទៅ​ជួយ​បាន​ដែរ ព្រោះ​នៅ​ត្រើយម្ខាង​នៃ​ទន្លេ ។ ដោយឡែក លោក ជាង សុ​វ​ណ្ណា​រិ​ទ្ធ អធិការនគរបាល​ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​សង្ស័យ​បណ្ដាល​មក​ពី​ផ្ទុះ​អា​គុយ​របស់​ផ្ទាំង​សូ​ឡា​ដែល​ទើបនឹង​ដាក់​បាន​ប៉ុន្មាន​ថ្ងៃមុន​ពេល​កើតហេតុ ។

នេះ​បើ​យោង​របាយការណ៍​របស់ នគរបាល​ប៉ុស្តិ៍​ឃុំ​ឆ្នុកទ្រូ ផ្អែក​លើ​សាក្សី​បំភ្លឺ នានា ។ ចំពោះ​ការ​ខូចខាត​គឺ ឆេះ​ខ្ទេច​អគារ​៣​ខ្នង ក្នុង​នោះ​អគារ​សា​លាម​ត្តេ​យ្យ​មាន​ទំហំ៧​ម៉ែត្រ ​គុណ​នឹង​១២​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័​ង្កសី ហើយ​ខាងក្រោម​ក្រាល​ក្ដារ និង​មាន​ទ្រ​ដោយ​ធុង​ជ័រ​សម្រាប់​បណ្ដែត​ទឹក​ពេល​ខែវស្សា ។

អគារ​សាលា​បឋម​សិក្សា​មាន​២​ខ្នង ដែល​មាន​បណ្ដោយ​២០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជើង​ក្រោម​ឈើ​ទ្រ​ដោយ​ធុង​ជ័រ​ដូច​គ្នា សម្រាប់​បណ្តែត​ទឹក​ពេល​ខែវស្សា ។ ជាមួយ​គ្នា​នេះ សម្ភារ​ក្នុង​សាលា​ត្រូវ​ឆេះ​ខ្ទេច​ទាំងស្រុង​តែ​ម្ដង ក្នុង​នោះ​មាន​ផ្ទាំង​សូ​ឡា​ចំនួន​៨​ផ្ទាំង អា​គុយ​៧​គ្រឿង កង្ហារ​១៣ តុ​គ្រូ​៣ តុ​កៅអី​សិស្ស​១១៣ ធុង​ទឹក​ស្អាត​ចំណុះ​២.០០០ លី​ត ព្រមទាំង​សម្ភារ​សិក្សា​ទាំងអស់​ត្រូវ​ឆេះ​ខ្ទេច​គ្មាន​សល់ ។ លោក​អធិការ​ថ្លែង​ទៀត​ថា ការ​ឆាបឆេះ​នេះ​គឺ​បណ្ដាល​មក​ពី​ផ្ទុះ​អា​គុយ​ផ្ទាំង​សូ​ឡា នេះ​បើ​យោង​របាយ​ការណ៍​បំភ្លឺ​របស់​សាក្សី​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ ។

សូម​រំឭក​ថា សាលា​បឋម​សិក្សា​យុគន្ធរ គឺជាសាលារៀន​បណ្ដែត​ទឹក ប៉ុន្តែ​បន្ទាប់​ពី​រាជរ​ដ្ឋាភិ​បាល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទៅ​នៅ​លើគោក សាលា​ក៏​បាន​ថយ​មក​នៅ​លើគោក​ដែរ ប៉ុន្តែ​ជា​គ្រោះ​អកុសល​ក៏​ជួប​រឿងហេតុ​ដ៏​អាក្រក់​នេះ​តែ​ម្ដង ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ