ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ដឹក​នាំ​ប៉ូលិស​​សេដ្ឋ​កិច្ច​ក្រសួង​ហាម​ឃាត់​ទីតាំង​ផលិត​ឱសថ​បំប៉ន​សុខ​ភាព​សត្វ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ មីនា បាន​ដឹកនាំ​កម្លាំង​​មាន​សមត្ថ​កិច្ច​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ នាយក​ដ្ឋាន​កាំកុង​ត្រូល​ក្រសួង​ពាណិជ្ជ​កម្ម មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​សុខា​ភិបាល រួម​និង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ បាន​ចុះ​បិទ និង​ហាម​ឃាត់​ទីតាំង​ផលិត​ឱសថ​បំប៉ន​សុខ​ភាព​សត្វ​៣​កន្លែង​របស់​ជន​ជាតិ​បារាំង​ដែល​ធ្វើ​អាជីវ​កម្ម​ពុំ​មាន​ច្បាប់។
ការ​ចុះ​បិទ​ និង​ហាម​ឃាត់​ទីតាំង​ផលិត​ឱសថ​បំប៉ន​សុខ​ភាព​សត្វ​របស់​ក្រុម​ហ៊ុន​ផលិត​ជន​ជាតិ​បារាំង​នេះ ប្រយោជន៍​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​នោះ​សុំ​អាជ្ញា​ប័ណ្ណ​ពី​ក្រសួង​ពាណិជ្ជ​កម្ម​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ត្រឹម​ត្រូវ និង​ស្រប​ច្បាប់។

ទាក់​ទិន​នឹង​ករណី​ខាង​លើ​នេះ លោក​វរសេនីយ៍ទោ ឡុង ស្រេង ប្រធាន​ការិយា​ល័យ​រដ្ឋ​បាល​សរុប​នៃ​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ ក្រោម​ការ​ចង្អុល​បង្ហាញ និង​ដឹក​នាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍ទោ ស៊ាង ប៊ុន​លាង ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​ទីតាំង​លួច​លាក់​ផលិត​ឱសថ​បំប៉ន​សុខ​ភាព​៣​កន្លែង​ដែល​មាន​ម្ចាស់​ក្រុម​ហ៊ុន​ឈ្មោះ YVES FROEHLICH ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជន​ជាតិ​បារាំង នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

លោក​វរសេនីយ៍ទោ ឡុង ស្រេង ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ការ​ស្រាវ​ជ្រាវ និង​រក​ឃើញ​ទីតាំង​លួច​លាក់​ផលិតឱសថ​បំប៉ន​សុខ​ភាព​សត្វ​អត់​ច្បាប់ លោក​ឧត្តម​សេនីយ៍ទោ​ប្រធាន​នាយក​ដ្ឋាន​បាន​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌ និង​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ពិសេស​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ដើម្បី​​ស្នើ​សុំ​គោល​ការណ៍​ទៅ​ស្ថាប័ន​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើ​កិច្ច​ការ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​តាម​ផ្លូវ​ច្បាប់។ បន្ទាប់​ពី​មាន​ការ​ឯក​ភាព​របស់​ថ្នាក់​ដឹក​នាំ​ខាង​លើ​នោះ​ហើយ បាន​ជា​អង្គ​ភាព​នាយក​រដ្ឋ​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មាន​តំណាង​អយ្យ​ការ​សាលា​ដំបូង​ចូល​រួម​ចុះ​ទៅ​ឆែក​ឆេ និង​ហាម​ឃាត់​ទីតាំង​ផលិត​ឱសថ​បំប៉ន​សុខ​ភាព​សត្វ​៣​កន្លែង គឺ​នៅ​ផ្ទះ​លេខ​១៧ ផ្លូវ​៦៣ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន និង​២​កន្លែង​ទៀត​នៅ​ភូមិ​វត្ត​ក្រពើ​ហារ ឃុំ​ព្រែក​ប្ញស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ក្នុង​នោះ​មាន​​អគារ​មួយ​កន្លែង​ដែល​ស្តុក​ទុក​ទៅ​ដោយ​សារ​ធាតុ​ផ្សំ​សម្រាប់​ផលិត​ឱសថ​ជា​ច្រើន​ប្រភេទ ម៉ាស៊ីន​សម្រាប់​ផលិត និង​ឧបករណ៍​មួយ​ចំនួន​ទៀត​ រួម​ទាំង​សម្ភារ​វេច​ខ្ចប់​ជា​ច្រើន​តោន​ផង​ដែរ។

លោក​ឡុង ស្រេង បន្ត​ទៀត​ថា ជន​ជាតិ​បារាំង​ដែល​មាន​ឈ្មោះ YVES FROEH​LICH  គឺ​ជា​នាយក​ក្រុម​ហ៊ុន THOM THOM ANIMAL HEALTH (ធំ ធំ ចំកាត់) ពេល​នេះ​មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ ដោយ​តំណាង​អយ្យ​ការ​តម្រូវ​ឱ្យ​នាយក​ក្រុម​ហ៊ុន​រូប​នេះ​ធ្វើ​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ដើម្បី​បើក​ធ្វើ​អាជីវ​កម្ម​​ឡើង​វិញ គណៈ​កម្ម​ការ​ចម្រុះ​គ្រាន់​តែ​បាន​បិទ​ប្លុំបេ​ទីតាំង​ទាំង​៣​ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​រង់ចាំ​មាន​អាជ្ញា​ប័ណ្ណ។ នេះ​បើ​តាម​ការ​អះ​អា​ពី​នាយក​ក្រុម​ហ៊ុន​ប្រាប់​សមត្ថ​កិច្ច​ថា ច្បាប់​សុំ​បើក​ធ្វើ​អាជីវ​កម្ម​ផលិត​ឱសថ​បំប៉ន​សុខ​ភាព​សត្វ​នេះ លោក​បាន​និង​កំពុង​ឱ្យ​គេ​ជួយ​ធ្វើ​ហើយ ប៉ុន្តែ​អ្នក​រត់​ការ​ច្បាប់​នោះ​៤​ទៅ​៥​ឆ្នាំ​ហើយ​មិន​ទាន់​យក​មក​ប្រគល់​ឱ្យ​ក្រុម​ហ៊ុន​លោក​ទេ និង​ព័ត៌​មាន​ថា អ្នក​រត់​ការ​នោះ​យក​ប្រាក់​គេច​ខ្លួន​បាត់​ទៀត​ផង។ ពេល​នេះ​តំណាង​អយ្យ​ការ​ ក៏​ដូច​ជា​គណៈ​កម្ម​ការ​ចម្រុះ​បាន​ឯក​ភាព​ឱ្យ​លោក YVES FROEH​LICH នាយក​ក្រុម​ហ៊ុន​ធំធំ​ចំកាត់ ធ្វើ​ច្បាប់​បើក​ធ្វើ​អាជីវ​កម្ម​ត្រឹម​ត្រូវ​ឡើង​វិញ​ ទើប​បាន​អនុ​ញ្ញាត​ឱ្យ​​ដំណើរ​ការ​ផលិត​ឱសថ​នោះ​បាន៕