រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យ តាមបណ្ដាទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ក្នុងមូលដ្ឋាន បានឃើញមានជនជាតិឥណ្ឌូនេស៊ី ចំនួន០៦នាក់ និងសម្ភារមួយចំនួន សង្ស័យពាក់ព័ន្ធបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ។
ការឃាត់ខ្លូននេះ ធ្វើឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅគោលដៅផ្ទះសំណាក់ រី លែក្ស(Relax) ផ្លូវ១២៥ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដោយដឹងថា លោកបានដឹកនាំកម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករា មានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលជាធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសស្នាក់ ចំនួន០៦ នាក់ប្រុសជនជាតិឥណ្ឌូនេស៊ី ។
ក្នុងការចុះត្រួពិនិត្យនេះ កម្លាំងអាជ្ញាធរបានរកឃើញឧបករណ៍អេឡិចត្រូនិចមួយចំនួនដូចជា ៖ ម៉ូនីទ័រចំនួន មួយគ្រឿង, ឡេបថប ០៤គ្រឿង, ទូរសព្ទដៃបំរើការ ចំនួន៣៤ គ្រឿង ក្នុងនោះក្រុមការងារជំនាញការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសន្និដ្ឋានថា៖ ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទេ ។
បច្ចុប្បន្ន ជនបរទេសទាំង០៦នាក់ រួមវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូង ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ