ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ដកហូត​ឈើ​ជាង​៤​ម៉ែត្រគូប និង​មធ្យោបាយ​ជា​ច្រើន

1 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដោយ​បាន​ដកហូត​ឈើ​អារ​ប្រភេទ​លេខ​១ (​សុ​ក្រំ​) ជិត ១៥០​កំណាត់ រួម​ទាំង​គោ​យន្ត​កន្ត្រៃ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ។

ប្រតិបត្តិការ​នេះ ប្រើ​រយៈពេល​អស់​០៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៦ ដឹកនាំ​ដោយ​លោក ឌិន ប៊ុ​ន​ថា​ច ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជី​ក្លប ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ មិថុនា ក្នុង​ពេល​ចុះ​ល្បាត​ដល់​ចំណុច​ដៃ​អូរ​ជាវ (​តាម​បណ្តោយ​ផ្លូវ​៧៧) មន្ត្រី​ជំនាញ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ចំនួន ១១​នាក់ កំពុង​បើកបរ​គោ​យន្ត​កន្ត្រៃ សណ្តោង​រ៉ឺ​ម៉ក ចំនួន ០៤​គ្រឿង ដឹក​ជញ្ជូន​ឈើ​អារ​ប្រភេទ​សុ​ក្រំ​។ នៅ​ពេល​ឃើញ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​បើក​គោ​យន្ត​គេចខ្លួន រហូត​ដល់​ចំណុច​ត្រពាំង​កណ្តោល ។ ដោយសារ​ស្ថានភាព​ផ្លូវ​ផុង​ខ្លាំង ក្រុម​ជនសង្ស័យ​បាន​ស្រាយ​ខ្សែពួរ​ទម្លាក់​ឈើ​ចោល ហើយ​បាន​បន្សល់​ទុក​ម៉ូតូ​ម៉ាក Wave ពណ៌​ស គ្មាន​ស្លាក​លេខ ០១​គ្រឿង (​សម្រាប់​ជិះ​មើលផ្លូវ​) រួច​បើក​គោ​យន្ត​បន្ត​ទៅ​មុខ ។

មន្ត្រី​ជំនាញ បាន​ដេញ​តាម​រហូត​ដល់​ចំណុច​ស្រែ​ប៉ា​ង ក៏​រក​ឃើញ​គោ​យន្ត​កន្ត្រៃ ចំនួន ០៣​គ្រឿង ដែល​ជនល្មើស​យក​ទៅ​លាក់​ក្នុង​ព្រៃ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ដោយឡែក គោ​យន្ត ០១​គ្រឿង​ទៀត បាន​រត់គេច​រួច ដោយសារ​កម្លាំង​មន្ត្រី​មាន​ចំនួន​តិច និង​ស្ថានភាព​មេឃងងឹត​ខ្លាំង ។

វត្ថុ​តាង ៖ គោ​យន្ត ០៣​គ្រឿង និង​ម៉ូតូ ០១​គ្រឿង ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​កណ្តាលរ​យ៉​លើ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃ​ទី​០២-០៤ មិថុនា ក្រុមការងារ​បាន​ដាក់​កម្លាំង​យាមកាម​ឈើ​នៅ​នឹង​កន្លែង​យ៉ាង​តឹងរ៉ឹង រួច​បន្ត​ដឹក​ជញ្ជូន​វត្ថុ​តាង​ឆ្ពោះទៅ​កាន់​ទីស្នាក់ការ​។ ទោះបីជា​មានការ​រអាក់រអួល​ដោយសារ​មធ្យោបាយ​ដឹក​ជញ្ជូន​ខូច នៅ​ចំណុច​ស្លាក​ដែក​ក៏​ដោយ ក៏​នៅ​ថ្ងៃ​ទី​០៤ មិថុនា ឈើ​ល្មើស​ទាំងអស់ ត្រូវ​បាន​ដឹក​មក​ដល់​ទីស្នាក់ការ​កណ្តាលរ​យ៉​លើ ដោយ​សុវត្ថិភាព​។
ហើយ​នៅ​ថ្ងៃ​ទី​០៥-០៧ មិថុនា មន្ត្រី​ជំនាញ បាន​បន្ត​រុក​រកគោ​យន្ត ០១​គ្រឿង ដែល​នៅ​សេសសល់ តែ​រក​មិនឃើញ​។ បន្ទាប់​មក​បាន​រៀបចំ​កន្លែង​ទុកដាក់ និង​ធ្វើការ​វាស់វែង​ឈើ​ជាក់ស្តែង​។ ជា​លទ្ធផល ឈើ​អារ ប្រភេទ​សុ​ក្រំ ដែល​ដកហូត​បាន​មាន​ចំនួន​សរុប ១៥០​កំណាត់ ស្មើនឹង ៤,៣៦១ ម៉ែត្រគូប ។

ចំណែក​នៅ​ថ្ងៃ​ទី​០៨ មិថុនា ក្រុម​កម្លាំង​ជំនាញ​បាន​បន្ត​ល្បាត រហូត​ដល់​ចំណុច​ដៃ​អូរ​រ​ពើ ដោយ​ពុំ​បាន​រក​ឃើញ​បទល្មើស​ធនធានធម្មជាតិ​អ្វី​ផ្សេង​ទៀត​ឡើយ​។ ចំពោះ​មធ្យោបាយ និង​វត្ថុ​តាង ដែល​ដកហូត​បាន​ទាំងអស់ ត្រូវ​បាន​រក្សា​ទុក​នៅ​ទីស្នាក់ការ​កណ្តាលរ​យ៉​លើ ហើយ​មន្ត្រី​ជំនាញ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ កំពុង​តែ​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕