ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាបស្កេ.មអនឡាញ ឆែកឆេរ​ ​៨៥​ទីតាំង ឃាត់ខ្លួន​ជនសង្ស័យ ៣២​នាក់ ផាកពិន័យ​ ១៣២​លាន​រៀល

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន នៅ​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ ចំនួន​៨៥​ទីតាំង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេ​បង្ក្រាប​ករណីឆរ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣២​នាក់​ក្នុង​នោះ​១៨​នាក់​ស្នាក់​នៅ​ខុសច្បាប់​ដោយ​ពុំ​មាន​លិខិត ឆ្លង​ដែន​,៦​នាក់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​៨​នាក់​បើក​ល្បែង​សុ​ី​សង​ខុសច្បាប់​។

តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន​៨៥​ទីតាំង​។

ជា​លទ្ធផល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៤៦៩​នាក់ (​ស្រី ១៣៩​នាក់​) ក្នុង​នោះ​ជនបរទេស​ដែល​ស្នាក់​នៅ​ដោយ​ពុំ​មាន​លិខិត ឆ្លង​ដែន​មាន​ចំនួន ១៨​នាក់​។ ក្នុង​ចំណោម ៨៥​ទីតាំង​នេះ ក្នុង​នោះ​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​មា​ករណី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១​ករណី ស្ថិត​នៅ​បុរី​អា​ម៉ូ​រី​សែន​សុខ ផ្ទះ​លេខ​១៨​បេ ផ្លូវ​លេខ​០៣ ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ (​ស្រី ១​នាក់​) គ្មាន​លិខិតឆ្លងដែន ៥​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ៥​នាក់ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ១​នាក់ (​ស្រី​) ព្រមទាំង​ដកហូត​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​។ ជនសង្ស័យ និង​សម្ភារ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​។

តាម​រដ្ឋបាល​បានអោយ​ដឹង​ទៀត​ថា បន្ថែម​ពី​នេះ​ទៀត​ក្រុមការងារ​ខណ្ឌ​កំ​បូល​បាន​ពិនិត្យ​ឃើញ​មាន​ទីតាំង​បើក​ល្បែង​សុ​ី​សង​ខុសច្បាប់​ចំនួន ១​ករណី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ៧​នាក់ និង​ជនជាតិ​ខ្មែរ ១​នាក់ ព្រមទាំង​ដកហូត​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​។ ជនសង្ស័យ និង​សម្ភារ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​។

ជាមួយ​គ្នា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការ​ផាកពិន័យ​ចំពោះ​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ទីតាំង រស់នៅ​ប្រមូលផ្ដុំ​តាម​អនុក្រឹត្យ​លេខ​០៣ សរុប​ចំនួន ១២​ទីតាំង មនុស្ស​ចំនួន ៣៣​នាក់ គិត​ជា​ថវិកា​សរុប​បាន​ចំនួន ១៣២.០០០.០០០​រៀល​៕​