រាជធានីភ្នំពេញ ៖ បុរសវ័យជាង៤០ឆ្នាំម្នាក់បានប្រើប្រាស់ថ្នាំញៀនរហូតដល់កម្រិតបែកថ្នាំកែលែងបាន ក៏ធ្វើសកម្មភាពអុកឡុកគ្រួសារ ដោយបានគំរាមកំហែង និងបំភិតបំភ័យក្រុមគ្រួសាររបស់ខ្លួន ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញធ្វើការឃាត់ខ្លួន ។
ការឃាត់ខ្លួននោះបានធ្វើឡើងនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមផេក Phnom Penh Gendarmerie របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសបែកថ្នាំរូបនោះឈ្មោះអែក សុវណ្ណារ៉ា អាយុ៤១ឆ្នាំ មានទីលំនៅភូមិ កើតហេតុនោះ ។
ដោយឡែក នៅវេលាម៉ោងខាងលើ កងរាជអាវុធទទួលបានព័ត៌មានសុំកិច្ចអន្តរាគមន៍ តាមរយៈលេខទូរសព្ទបន្ទាន់លេខ«១២៩១»ថា បុរសបែកថ្នាំម្នាក់នោះ បានធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងក្រុមគ្រួសារ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ខណៈនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ក៏បានចុះកាន់ទីតាំងកើតហេតុនោះ ហើយឃាត់ខ្លួនបុរសខាងលើបានភ្លាមៗ រួចបាននាំទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ក្រោយមក កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើតេស្តទឹកនោមបុរសនោះ ហើយបានរកឃើញមានផ្ទុកសារធាតុញៀន ហើយអាចសន្និដ្ឋានបានថា បុរសនោះបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឲ្យបែកថ្នាំបាត់បង់ស្មារតី ហើយអុកឡុកគ្រួសារបែបនេះ ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រេង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញផងដែរ ។ ប្រសិនបើបងប្អូនបានជួបហេតុការណ៍ណាមួយ ត្រូវការអន្តរាគមន៍បន្ទាន់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញនោះ សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ។ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ។ ឬអាចឆាតទៅកាន់ផេក ហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ៕



ចែករំលែកព័តមាននេះ