ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​​ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ​ម្នាក់ ធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​ហិង្សា​លើ​ក្រុម​គ្រួសារ​

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា មាន​ករណី​បុរស​ម្នាក់​ឈ្មោះ សុខ សំណាត់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​សភាព​(​បែក​ថ្នាំ​ឬ​គ្រឿងញៀន​ធ្វើទុក្ខ​) ធ្វើ​សកម្មភាព​អុកឡុក និង​បង្ក​ហិង្សា​ក្នុង​គ្រួសារ នៅ​ចំណុច​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​បង្ក បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បុរស​បែក​ថ្នាំ​ខា​លើ ត្រូវ​បាន​កម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​ជាប់​សារធាតុ​ញៀន ដែល​អាច​សន្និដ្ឋាន​បាន​ថា បុរស​រូប​នេះ ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ទើប​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី (​បែក​ថ្នាំ​) ទើប​បញ្ចេញ​អាកប្បកិរិយា​គម្រាមកំហែង​បំភិតបំភ័យ​រហូត​អុកឡុក និង​បង្ក​ហិង្សា​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច្នេះ ៕