ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងនិងស្គាល់តំបន់​ចាប់​ចង្រិត​ទាំង​​អស់​គ្នា​…ខណៈអ្នកចាប់លក់មានជីវភាពធូរធា

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្រៅពី​របរ​កសិកម្ម​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ក្នុង​ខេត្តកំពង់ធំ នាំ​គ្នា​ចាប់​សត្វ​ចង្រិត​លក់ ដើម្បី​ជីវភាព​គ្រួ​សារបាន​ធូរធារ​មួយ​កម្រិត ។ ជុំវិញ​មុខរបរ​ចាប់​ចង្រិត​នេះ លោក សឹង សុខ​នី…

ខេត្តកំពង់ធំ ៖ ក្រៅពី​របរ​កសិកម្ម​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ក្នុង​ខេត្តកំពង់ធំ នាំ​គ្នា​ចាប់​សត្វ​ចង្រិត​លក់ ដើម្បី​ជីវភាព​គ្រួ​សារបាន​ធូរធារ​មួយ​កម្រិត ។ ជុំវិញ​មុខរបរ​ចាប់​ចង្រិត​នេះ លោក សឹង សុខ​នី ជា​អ្នក​ប្រកបរ​បរចាប់​ចង្រិត​ជា​អាជីវកម្ម​ប្រាប់ថា ការ​ប្រកបរ​បរចាប់​ចង្រិត​លក់​នេះ មាន​លក្ខណៈ​ខុស​ៗ​គ្នា
មាន​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ចាប់​ច​ង្រឹ​ត​គ្រាន់តែ​សម្រាប់​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ ។ ចំណែក​មនុស្ស​មួយ​ចំនួន​តូច​ទៀត ដូច​ជា​រូប​គាត់​ជាដើម គឺ​ប្រកប​មុខរបរ​ចាប់​ចង្រិត​សម្រាប់​លក់ ធ្វើ​ជា​អាជីព​តែ​ម្តង ។លោក​បន្ត​ថា មុខរបរ​ចាប់​ចង្រិត​នេះ គេ​ចែក​ចេញ​ជា​ពី​ប្រភេទ​រួម​មាន ៖ ទី​១-​ចាប់​ជា​លក្ខណៈ​គ្រួសារ និងទី​២-ចាប់​ច​ង្រិ​ច​ជា​អាជីព​សម្រាប់​ធ្វើ​អាជីវកម្ម ។

បើ​យើង​ចាប់​ចង្រិត​សម្រាប់​ទទួលទាន​ក្នុង​គ្រួសារ​នោះ គ្រាន់តែ​តម្រូវ​ឲ្យ​យើង​ទៅ​ទិញ​អំ​ពូ​ល​ភ្លើង (​ជា​ប្រភេទ​​អំ​ពូ​ល​ម៉ែត្រ​ព​ណ៍​ស្វាយ​) ប្រវែង​៦​តឹក ឬក៍​ប្រវែង​១​ម៉ែត្រ​២​តឹក ដែល​ផលិត​នៅ​ប្រទេស​ថៃ មាន​ភ្ជាប់​មក​ជាមួយ​នូវ​កូនជ្រូក និង​ខ្សែ​ជា​ស្រេច​ចំនួន​ពីរ​ឬ​ក៏​បី​អំ​ពូ​ល​។ ទិញ​ផ្ទាំង​កៅស៊ូ​ប្រវែង​ប្រហែល​១០​ម៉ែត្រ​ពី​ផ្សារ និង​កូន​ឈើ ឬ​ក៏​ដើម​ឫស្សី​ក៏​បាន​ដែរ យក​មក​បោះ​ជា​បង្គោល​នៅ​ទីតាំង​ណា​ដែល​យើង​ថា​ចង្រិត​ចុះ​។ រួច​កាត់​ក្រណាត់​កៅស៊ូ​ជា​ផ្ទាំង​ៗ ចង​លាត​តាម​បង្គោល​ស​ន្ទឹ​ង​ឲ្យ​តឹង រួច​យក​អំ​ពូ​ល​ភ្លើង​មក​ចង​បញ្ឈរ​មួយ​ឬ​ក៏​ពីរ​អំ​ពូ​ល​ក្នុង​មួយ​កន្លែង​ៗ ទៅ​តាម​ចំណូលចិត្ត ។

បន្ទាប់​មក​ទៀត​យើង​ដំ​បង្គោល​ឈើ​ជុំវិញ​នៅ​ខាងក្រោម​អំ​ពូ​ល​ភ្លើង រួច​ហើយ​យក​កៅស៊ូ​មក​ចង​ធ្វើ​ជា​ថ្នក់​ដោយ​ដងទឹក​ដាក់​ឱ្យ​ដក់​ទឹក ។ ដល់​ពេល​យប់ យើង​យក​ខ្សែរ​អំ​ពូ​ល​នោះ​ទៅ​ដោត​ភ្ជាប់​ចេញពី​ព្រី​ភ្លើង​ផ្ទះ​របស់​យើង​ជា​ការ​ស្រេច ។ រង់ចាំ​ពេល​ទៀប​ភ្លឺ ឬ​ក៏​ភ្លឺ​ឡើង​ទៅ​ដួស​យក​ចង្រិត​មក​រែង​រើស​យក​សត្វ​ផ្សេង​ៗ​ចេញ ក្នុង​នោះ​មាន​សត្វល្អិត​ជា​ច្រើន​ប្រភេទ ដូច​ជា​ខ្មុល ក​ន្តឹះ​ឡង់ ក្រ​ទាល​ទូក កណ្ដូប និង​សត្វ​ផ្សេង​ៗ​ទៀត សម្រាប់​លក់​ក្នុង​តម្លៃ​ផ្សេង​ៗ​គ្នា ។ សត្វ​ខ្លះ​បោះចោល​ឲ្យ​មាន់​ស៊ី នេះ​ជា​ករណី​ទី​១ ។

ចំណែក​ករណី​ទី​២.​ការ​ចាប់​សត្វ​ចង្រិត​លក់​ជា​អាជីព​ដូច​ជា​រូប​គាត់ ស្ថិត​នៅ​ទីតាំង​ភូមិ​បល្ល័ង្ក​លិច សង្កាត់​
ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ បាន​រៀបរាប់​ថា ពី​ដំបូង​ឡើង​គាត់​ត្រូវការ​ដើមទុន​ចំនួន​ជិត​២០០០​ដុល្លារ សម្រាប់​ទិញ​ឧបករណ៍​រួម​មាន​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង​តម្លៃ​ទៅ​តាម​ចំនួន​នៃ​កម្លាំង​សេស​របស់​ម៉ាស៊ីន អំ​ពូ​ល​ភ្លើង​ប្រវែង​០,៦​ម៉ែត្រ ១​ថ្លៃ​១២០០០​រៀល ប្រវែង​១,២០​ម៉ែត្រ​ត​ម្លែ​១៥០០០​រៀល​ចំនួន​ចាប់ពី​៣០ទៅ​៥០​ឬ​ក៏​៦០​អំ​ពូ​ល មាន​អ្នកខ្លះ​ដាក់​ដល់​រាប់រយ​អំ​ពូ​ល​ក៏​មាន រួម​ជាមួយ​ខ្សែភ្លើង និង​ព្រី​ជា​ច្រើន​ទៀត​ទៅ​តាម​តម្រូវការ ទើប​អាច​ធ្វើ​អាជីវកម្ម​ចាប់​ចង្រិត​ជា​ទ្រង់ទ្រាយ​ធំ​បាន ។

ទីតាំង​ដាក់​អំ​ពូ​ល​ភ្លើង​ប្រមូលផ្ដុំ​តាម​តំបន់​មួយ​ៗ ពេល​រា​ត្រិ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​ដូច​ទីក្រុង​ណាមួយ​ឬ​មហាវិថី​ទំនើប​ណាមួយ​គួរ​ឱ្យ​គយគន់ ។ អ្នក​មិនដឹង​ច្បាស់​ជា​ឆ្ងល់ តើ​ភ្លើង​អី​ទៅ​ហ្ន៎? ។ លោក​បញ្ជាក់​ថា ចង្រិត​ចុះ​ច្រើន​តែ​ចុះ​នៅ​រដូវភ្លៀង​ធ្លាក់ ថ្ងៃ​ណា​ចង្រិត​ចុះ​ច្រើន​ម្តង​ៗ ពួក​គេ​រកបាន​ដល់​ទៅ​រាប់រយ​គីឡូ​ក្រាម​ក្នុង​ម្នាក់​ៗ នាំ​គ្នា​ច្រក​ថង់​ច្រក​បាវ​យក​ទៅ​លក់ ដែល​មាន​ម៉ូយ​ចាំ​ទិញ​មិន​ដែល​សល់​ទេ ។

នៅ​ពេល​ខ្លះ​ចាប់​បាន​តិច ពី​២​គីឡូ​ទៅ​៣​គីឡូ​ក៏​មាន​ក្នុង​មួយ​យប់ ក៏​គាត់​អាច​រក​ចំណូល​បាន​ចាប់ពី​៤ ទៅ
​៥​ម៉ឺន​រៀល​ដែរ​ក្នុង​១​ថ្ងៃ ។ ចំពោះ​តម្លៃ​ច​ង្រឹ​ត​នៅ​ខែមិថុនា ឆ្នាំ​២០១៩​នេះ វា​មិន​ទៀងទាត់​នោះ​ទេ ពេល​សម្បូរ​ថោក ពេល​ក្រ​វា​ថ្លៃ ។ លោក​ថា ចង្រិតស្វា​ក្នុង​១​គីឡូ​ចាប់ពី​៥០០០​រៀល​ទៅ​១០០០០​រៀល ចំណែក​ច​ង្រឹ​ត​ក្រហម​វិញ ចាប់ពី​៣០០០០​រៀល​ឡើង​ទៅ​ដល់ ៤០០០០​រៀល គឺ​មិន​ដែល​សល់​ទេ ឱ្យ​តែ​មាន​ដឹង​តែ​ពី​លក់​អស់ ។

អ្នកស្រី តន ដែល​កំពុង​អង្គុយ​លក់​ចង្រិត​ចៀន​និយាយ​ទាំង​ញញឹម​ថា គាត់​ក៏​ទិញ​ចង្រិត​លក់​ដែរ ចង្រិត​ក្រហម​គាត់​ទិញ​ចូល​១​គីឡូ តម្លៃ​៣៤០០០​រៀល លក់​ចេញ​៤០០០០​រៀល​។ ចំណែក​ស្ត្រី​ម្នាក់​លក់​បន្លែ​ខ្លះ លក់​ចង្រិត​ខ្លះ​ប្រាប់​ថា គាត់​មិនមែន​ជា​អ្នក​ចាប់​ទេ កូន​ៗ​របស់​គាត់ ជា​អ្នក​ចាប់​តាម​អំ​ពូ​ល​ភ្លើង បាន​ម្នាក់​១​គីឡូ ខ្លះ​២​គីឡូ​ម្នាក់ ចង្រិតស្វា​យក​មក​ដាក់​លក់​ខ្លួនឯង​ផ្ទាល់ បាន​១​គីឡូ​តម្លៃ​១២.០០០​រៀល​ដែរ ព្រោះ​ចាប់​ខ្លួនឯង ។

ពាក់ព័ន្ធ​និង​សត្វ​ចង្រិត​នេះ​គេ​សង្កេត​ឃើញ​ជនបរទេស​កម្រ​មាន​អ្នកទិញ​ចង្រិត​យក​ទៅ​ទទួលទាន​ណាស់ ខុស​ប្លែក​ពី​ខ្មែរ​យើង គឺជា​ចំណូលចិត្ត​របស់​ពួក​គាត់ ។ ដោយសារ​តែ​នៅ​ពេល​ដែល​គេ​ធ្វើ​ចង្រិត​ឲ្យ​ស្អាត ហើយ​ប្រឡាក់​គ្រឿង​រួច​យក​ទៅ​បំពង ពិតជា​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​របស់​គេ​មែន ជា​ពិសេស​ក្លែម​ជាមួយ​ស្រា ឬ​ស្រា​បៀរ​ជាដើម ខ្លះ​ជាមួយ​ទឹកត្នោតជូរ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ