លក្ខណៈជាក់ស្តែងនៃព្រះពុទ្ធសាសនាដែលមានដើមដំណើតនៅលើភពផែនដីនេះ ស្ថិតស្ថេរគង់វង្សទៅបានមិនមែនព្រោះតែបង្រៀនមនុស្សឲ្យជឿលើការឃោសនា ការសម្ដែងអួតសរសើរ ការអូសទាញ ឬការបញ្ចុះបញ្ចូលមនុស្សឲ្យជឿទាំងខ្វះហេតុផល ឬឲ្យជឿដោយបង្ខិតបង្ខំ ដោយការឲ្យវត្ថុសម្ភារ ប្រាក់កាក់ ឬក៏កៀរគរបរិស័ទនោះទេ ។
ច្បាស់ណាស់អ្នកដែលគោរពបូជាព្រះពុទ្ធសាសនាមិនមែនជឿព្រោះបានលាភសក្ការៈនោះឡើយ។ គ្រប់មនុស្សទាំងអស់ដែលត្រូវបានហៅថា ពុទ្ធបរិស័ទនោះគឺសុទ្ធតែបានឆ្លងកាត់ការឈ្វេងយល់យ៉ាងច្បាស់ អំពីគោលការណ៍សំខាន់ៗនៃមាគ៌ាប្រតិបត្តិរួចទៅហើយ ទើបពួកគេមានការជឿជាក់ជាខាងក្រោយ មិនមែនជឿរួចហើយប្រតិបត្តិតាមភ្លាមៗនោះទេ។
ត្រង់នេះវាស្របទៅនឹងពាក្យថា គិតហើយសឹមគូរ ទើបត្រឹមត្រូវប្រាកដនិយម មិនមែនគូររួចហើយទើបគិតជាខាងក្រោយនោះឡើយ ។
ពិតណាស់ បើទោះបីជាច្បាប់នៅកម្ពុជាបានចែងថា ប្រជាជនទាំងពីរភេទមានសិទ្ធិគោរព និងមានជំនឿលើសាសនាដែលខ្លួនពេញចិត្តក៏ដោយ តែប្រជាពលរដ្ឋភាគច្រើនក៏បានប្ដេជ្ញាយ៉ាងមុតមាំថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ និងមានការគោរពបូជា គាំទ្រយ៉ាងមុតមាំមិនថាតែអ្នករស់នៅទីក្រុង ឬជនបទស្រុកស្រែចម្ការនោះទេគឺគ្រប់ទិសទីក្នុងប្រទេសទាំងមូលតែម្តង ។
ចែករំលែកព័តមាននេះ