ខេត្តក្រចេះ៖ មន្ទីរសុខាភិបាលខេត្តក្រចេះព្រួយបារម្ភអំពីស្ថានភាពជម្ងឺគ្រុនឈាមដែលកំពុងតែកើតមានធ្ងន់ធ្ងរនៅក្នុងខេត្តប៉ែកឦសាន្តមួយនេះ ខណៈដែលមានកុមារ និងមនុស្សចាស់ចំនួនជាង៤០០នាក់ បានឆ្លង និងកំពុងតែធ្លាក់ខ្លួនឈឺដោយជម្ងឺគ្រុនឈាមនៅក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ ដែលចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ គឺមានការកើនឡើង។
របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តក្រចេះ បានឲ្យដឹងថា មនុស្សចាស់ និងកុមារ យ៉ាងហោចចំនួន៤២៥នាក់ ក្នុងនោះអាយុចាប់ពី១៥ឆ្នាំឡើងមានចំនួន៦នាក់ បានកើតនិងឆ្លងជម្ងឺគ្រុនឈាម និងបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ខណៈមានក្មេងជំទង់ម្នាក់ និងកុមារ២នាក់ត្រូវបានឈឺរហូតស្លាប់។
ទន្ទឹមនឹងការផ្ទុះនូវប្រភេទជម្ងឺឆ្លងដែលគ្រូពេទ្យជំនាញអះអាថា ប្រភពចម្លងកើតចេញពីមូសខ្លាក៏ត្រូវបានប្រធានមន្ទីរសុខាភិបាលខេត្តគឺលោកឈ្នាង សុវត្ថា បានថ្លែងដោយក្តីបារម្ភ ខណៈសព្វថ្ងៃដែលចំនួនអ្នកជំងឺក៏នៅមិនទាន់មានតួលេខថមថយនៅឡើយទេនោះ។
នៅថ្ងៃទី៧ មិថុនា ប្រធានមន្ទីរសុខាភិបាល លោក ឈ្នង សុវត្ថា បានលើកឡើងថា ដោយសារតែការបម្រែបម្រួលអាកាសធាតុ ទើបធ្វើឲ្យជំងឺគ្រុនឈាមឆ្នាំនេះមានការផ្ទុះឡើងច្រើនជាងឆ្នាំមុន។ តែបើទោះជាយ៉ាងនេះក្តី លោកអះអាងថា មន្ទីរពេទ្យក៏មានមន្ត្រីប្រចាំការនៅតែបន្តសកម្មភាពយ៉ាងសកម្មនៅតាមតំបន់គោលដៅលើការចុះអនុវត្តវិធានការបង្ការ ការពារ និងទប់ស្កាត់នូវប្រភេទជំងឺឆ្លងនេះដូចជាការចុះបាញ់ថ្នាំកម្ចាត់មូស ការចុះដាក់ថ្នាំអាបែតនៅក្នុងពាង ឬអាងទឹករបស់ប្រជាពលរដ្ឋនៅតាមភូមិ ពិសសេនោះការចុះអប់រំផ្សព្វផ្សាយ ណែនាំឲ្យពួកគាត់យល់ដឹងពីការបង្ការទប់ស្កាត់ពីប្រភេទជំងឺឆ្លងដោយមូសខ្លា។
បើតាមលោកប្រធានមន្ទីរក៏បានកត់សម្គាល់ឃើញថា មានស្រុកចំនួន២ក្នុងនោះរួមមាន ស្រុកស្នួល និងស្រុកចិត្របុរី នៅទូទាំងខេត្ត ដែលមានអ្នកឆ្លងជំងឺគ្រុនឈាមច្រើនជាងគេ។
ទន្ទឹមនឹងគ្នានេះ លោក ឈ្នាង សុវត្ថា ក៏បានអំពាវនាវឲ្យពលរដ្ឋដែលសង្ស័យថាកើតជំងឺគ្រុនឈាមត្រូវរូសរាន់មកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យធំៗទាំង៣របស់រដ្ឋ ដែលមានថ្នាំសម្រាប់ព្យាបាល និងមានគ្រូពេទ្យឯកទេសជំនាញឯកទេសព្យាបាលត្រឹមត្រូវ ដើម្បីគេចចេញពីគ្រោះថ្នាក់ដល់អាយុជីវិតដោយសារជំងឺគ្រុនឈាមនេះ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ