ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាន​៧​យ៉ាង​នេះ​ហើយ ធានា​អ្នក​នឹង​ចង់​​លេង​ហ្គេម​នៅ​លើ Smartphone

12 ឆ្នាំ មុន

ឧបករណ៍​សម្រាប់​លេង​ហ្គេម​ទម្រាំ​ឈាន​ដល់​កម្រិត​យ៉ាង​លឿន​​ដូចសព្វថ្ងៃ គឺ​បាន​ឆ្លង​កាត់​ដំណាក់​កាល​យ៉ាង​ច្រើន ។ ឈាន​​មក​ដល់​សម័យ​បច្ចុ​ប្បន្ន​ ការ​កម្សាន្ត​ហ្គេម​ត្រូវ​បាន​​ពេញ​និយម​បំផុត​ក្នុង​ស្រទាប់​យុវ​វ័យ​ ទាំង​ចាស់ ទាំង​ក្មេង ។ ​ក្នុង​នោះ Smartphone ត្រូវ​​បាន​ពេញ​និយម​ច្រើន ព្រោះ​​ងាយ​ស្រួល​យក​តាម​ខ្លួន ម្យ៉ាង​ដោយោ​សារ​សមត្ថ​កិច្ច Smartphone ស៊េរី​ថ្មី​បច្ចុ​ប្បន្ន​ក៏​អាច​ដំណើរ​ការ​​ហ្គេម​ល្អ​លេង ទំហំ​ធំៗ​ក្រាហ្វិក​ស្អាតៗ​បាន​ដូច​កុំព្យូទ័រ និង Game Console ដែរ ។ ​ខាង​ក្រោម​នេះ គឺ​ជា​ហេតុ​ផល​៧​យ៉ាង​ដែល​គេ​និយម​លេង​ហ្គេម​លើ Smartphone ៖

១-ហ្គេម​នៅ​លើ Smartphone បង្រៀន​អ្នក​​ដោះ​ស្រាយ​បញ្ហា ៖
ការ​លេង​ហ្គេម​​នៅ​លើ Smartphone អាច​បង្រៀន​​ឱ្យ​អ្នក​ចេះ​​គិត ។ ហ្គេម​ទូរស័ព្ទ​​មួយ​ចំនួន​មាន​លក្ខណៈ​ពិសេស​ដែល​អាច​​បង្រៀន​អ្នក​លេង​ហ្គេម​ឱ្យ​មាន​សមត្ថ​ភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​​បាន ជាក់​ស្តែង​ដូច​ជា​ហ្គេម Cut the Rope បង្រៀន​ឱ្យ​អ្នក​លេង​មាន​ភាព​រហ័ស​រហួន​ស្គាល់​​ពី​ទីតាំង​​ច្បាស់​លាស់​ និង​បែប​​បទ​នៃ​ការ​អូស​កាត់​ខ្សែ ។

២-បង្កើន​ភាព​មាន​ទំនាក់​ទំនង​សង្គម ៖
ក្រៅ​ពី​ការ​លេង​ហ្គេម​កម្សាន្ត​សប្បាយ​ជា​លក្ខណៈ offline ហើយ​នោះ យុវ​វ័យ​ជា​ច្រើន​ក្នុង​ពេល​បច្ចុ​ប្បន្ន​​នាំ​​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ការ​លេង​ហ្គេម​​អន​ឡាញ​យ៉ាង​ច្រើន ។ ហ្គេម​​នៅ​លើ Smartphone ប្រភេទ​អន​ឡាញ ក៏​កាន់តែ​សម្បូរ​បែប​ ល្អៗ​លេង ទទួល​​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ទំនាក់​ទំនង​​សង្គម​រវាង​អ្នក​លេង​ដូច​គ្នា​​ដែរ ។

៣-ធ្វើ​ឱ្យ​អ្នក​លេង​កាន់​តែ​មាន​គំនិត​វិជ្ជ​មាន ៖
​តាម​ធម្ម​តា​អ្នក​លេង​ស្ទើរ​តែ​ទាំង​អស់​តែង​មាន​គំនិត​ចង់​យក​ឈ្នះ​ហ្គេម​ទាំង​នោះ មិន​ថា តែ​ហ្គេម​នៅ​លើ Smartphoneឡើយ ។ គំនិត​អ្នក​លេង​កាន់​តែ​ពិបាក គឺ​កាន់​តែ​ចង់​ទៅ​ស្វែង​យល់ និង​ដោះ​ស្រាយ ពោល​​មិន​បោះ​បង់​ចោល​នោះ​ទេ ។ ដូច​នេះ​​វា​ក៏​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​អ្នក​​លេង​ហ្គេម​ឱ្យ​មាន​គំនិត​វិជ្ជ​​មាន​ទៅ​ដោះស្រាយ​បញ្ហា​ខាង​ក្រៅ​បាន​មួយ​ផ្នែក​ផង​ដែរ ។

៤-ជួយ​ឱ្យ​អវៈយវៈ (ដៃ និង​ភ្នែក) បញ្ចេញ​សមត្ថ​ភាព​កំពូល ៖
ខណៈ​ពេល​អ្នក​កំពុង​លេង​ហ្គេម​ប្រាកដ​​ត្រូវ​ការ​ចាំ​បាច់​នូវ​ភាព​រហ័ស​​រហួន​ដោយ​ប្រើ​ដៃ​បញ្ជា និង​ភ្នែក​​សម្លឹង​យ៉ាង​មុត ។ ដូច្នេះ​នេះ ក៏​អាច​ឱ្យ​អ្នក​ថ្នឹក​មាន​សកម្ម​ភាព​​វៀស​វៃ​ប្រឈម​នឹង​បញ្ហា​បាន​មួយ​​ផ្នែក ។

៥-បង្រៀន​ការ​គិត​បាន​ល្អ ៖
ជា​ការ​ពិត​ណាស់​ ការ​លេង​ហ្គេម​មិន​ថា ប្រភេទ​​ហ្គេម​អ្វី​នោះ​ឡើយ គឺ​សុទ្ធ​តែ​ត្រូវ​ឱ្យ​​មាន​ការ​គិត កម្រិត​ផ្សេង​គ្នា ។ ទន្ទឹម​នោះ​ ការ​ខំ​ព្យា​យាម​គិត​នេះ គឺ​ជា​រឿងល្អ ដែល​អាច​បង្រៀន​ដល់​អ្នក​លេង​ឱ្យ​​ពូកែ​គិត​បាន​វែង​ឆ្ងាយ​មិន​ថា នៅ​ក្នុង​ហ្គេម តែ​រឿង​រ៉ាវ​ខាង​ក្រៅ​ក៏​ដូច​គ្នា ។

៦-អាចជួយ​បន្ធូរ​អារម្មណ៍​នៅ​ពេល​អផ្សុក ៖
សម្រាប់​មនុស្សស្ថិត​ក្នុង​វ័យ​​សិក្សា ឬ​បម្រើ​ការ​ងារ​នៅ​កន្លែង​ធ្វើ​ការ​ប្រាកដ​ជា​មាន​ភាព​ធុញ​ថប់​ពេល​ខ្លះ​ជា​មិន​ខាន ។ រយៈ​ពេល​១៥​នាទី ដើម្បី​ផ្តល់​​ចំណី​អារម្មណ៍​ កម្សាន្ត​ជា​មួយ​ហ្គេម​នៅ​លើ Smartphone ក៏​ជួយ​ឱ្យ​ការ​ងារ​បាន​ប្រសើរ​ជាង​ការ​ព្យា​យាម​​ធ្វើ​ទាំង​អារម្មណ៍​​តាន​តឹង​ដែរ ។ អ្នក​អាច​កម្សាន្ត​ជា​មួយ​ហ្គេម​ជា​ច្រើន ដូច​ជា Temple Run ឬ Subway Surfers អាច​ជា​គ្រូ​ពេទ្យ​យ៉ាង​​ពូកែ​ព្យាបាល​បាន​យ៉ាង​ស័ក្តិ​សិទ្ធិ​ ។

៧-ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​កាន់​តែ​ជិត​ស្និទ្ធ ៖
​ហ្គេម​នៅ​លើ Smartphone មិន​មែន​​លេង​បាន​តែ​ចំពោះ​ក្មេង​​ជំទង់​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​ធំ ឬ​ក្មេង​តូចៗ​ក៏​អាច​លេង​បាន​ ។ សមា​ជិក​​ក្នុង​​គ្រួសារ​មួយ​អាច​បបួល​គ្នា​លេង ដើម្បី​ប្រកួត​ប្រជែង​បង្កើន​ភាព​សប្បាយ​រីករាយ និង​បន្ធូរ​​ភាព​តាន​តឹង​ក្នុង​គ្រួសារ​​បាន​យ៉ាង​ល្អ ៕