ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះតាម៉ុកដែលបន្សល់ទុកនូវប្រវត្តិសាស្ត្រ​បានក្លាយជា​សារមន្ទីរ និង​កន្លែងទេស​ចរណ៍​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តំបន់​កាន់កាប់​ចុង​ក្រោយ​របស់​អតីត​ចលនា​ខ្មែរក្រហម គឺ​ផ្ទះ​តា​ម៉ុ​កបាន​បន្សល់​ទុក​នូវ​ប្រវត្តិសាស្ត្រ បានក្លាយ​ជា​សារមន្ទីរ និង​ជា​កន្លែង​ទេសចរណ៍​រហូត​ដល់​សព្វ​ថ្ងៃនេះ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ…

ខេត្តបាត់ដំបង ៖ តំបន់​កាន់កាប់​ចុង​ក្រោយ​របស់​អតីត​ចលនា​ខ្មែរក្រហម គឺ​ផ្ទះ​តា​ម៉ុ​កបាន​បន្សល់​ទុក​នូវ​ប្រវត្តិសាស្ត្រ បានក្លាយ​ជា​សារមន្ទីរ និង​ជា​កន្លែង​ទេសចរណ៍​រហូត​ដល់​សព្វ​ថ្ងៃនេះ ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដែល​មាន​ចម្ងាយ​២​គីឡូម៉ែត្រ ពី​រង្វង់​មូល​ស្រុក​អន្លង់​វែង រួច​បត់​ស្តាំ​តាម​ស្លាក​សញ្ញា ពី​ផ្លូវជាតិ​ប្រមាណ​៥០០​ម៉ែត្រ ។

លោក​ជិន សុ​ភី អាយុ​៥០​ឆ្នាំ ជា​សន្តិសុខ​យាម​ប្រចាំការ​នៅ​ទីនោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា កាល​ដើម​ឡើយ​ទីតាំង​ផ្ទះ​តា​ម៉ុ​ក​គឺជា​តំបន់​កូនភ្នំ​មួយ​មាន​រាង​តូច​ហើយ​វែង ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​គាស់កកាយ​ថ្ម ក្នុង​កូនភ្នំ​នោះ​ដើម្បី​សាងសង់​ទំនប់​ទឹក និង​ស្ពាន​អូរ​ជីក រហូត​សល់​តែ​បាត​ក្រោម​ដែល​មាន​រាង​សណ្ឋាន​ដី​រាប​បន្តិច ហើយ​តា​ម៉ុ​ក បាន​សម្រេចចិត្ត​សាងសង់​ផ្ទះ​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​១៩៩៣ លើ​ផ្ទៃដី​១៦១៤​ហិ​កតា ដែល​មាន​ចំនួន​៤​ផ្ទះ ។

លោក​ជិន សុ​ភី បាន​បន្ត​ថា ក្នុង​នោះ ផ្ទះ​ទី​១- ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​១៩៩៣ ធ្វើ​អំពី​ឈើ ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់​ត៏ និង​ក្រាល​បេតុង សម្រាប់​ធ្វើ​ជា​ទីស្នាក់ការ​របស់​គាត់​ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មើល​ការ​ខុស​ត្រូវ​កម្មករ​របស់​គាត់​ដែល​កំពុង​សាងសង់​ទំនប់​ទឹកអូរ​ជីក និង​ជា​កន្លែង​សម្រាប់​ដាក់​រថយន្ត​តូច​ធំ​ផង​ដែរ ។

ផ្ទះ​ទី​២-​បាន​សាងសង់​នៅ​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៦ មាន​បី​ជាន់ ជា​ផ្ទះ​សម្រាប់​ស្នាក់​នៅ​របស់​គាត់​នៅ​ជាន់​លើ ហើយ​ជាន់​កណ្តាល​សម្រាប់​ទទួលភ្ញៀវ ដែល​នៅ​តាម​ជញ្ជាំង​មាន​គូររូប​ប្រាសាទអង្គរវត្ត និង​ប្រាសាទព្រះវិហារ ព្រមទាំង​ផែនទី​ប្រជាធិបតេយ្យ ។ ជាន់​ក្រោម​មាន​ច្រក​ចេញចូល​តែ​មួយ​គត់​ដែល​មាន​ទំហំ​៤​ម៉ែត្រ ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ណា​ចេញចូល​បាន​ឡើយ ក្រៅ​តែ​ពី​រូប​គាត់ (​តា​ម៉ុ​ក​) តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​បិទ​ជិត​លាក់​ដោយ​អា​ថ៍កំ​បាំង​អ្វីមួយ តែ​ក្រោយមក ដោយ​មានការ​បំភ្លឺ​ពី​លោក សាន់ សា​រឿ​ន ជា​អតីត​កម្មករ​ធ្វើ​ផ្ទះ​តា​ម៉ុ​ក បាន​ឲ្យ​ដឹង​ថា ជាន់​ក្រោម​នេះ​បាន​ទុកដាក់​របស់​សំខាន់​ៗ ដូច​ជា រូបចម្លាក់ វត្ថុ​បុរាណ ហើយ​មាន​ព្រះពុទ្ធ​រូប​តូច​ធំ​ជា​ច្រើន​ព្រះ​អង្គ ដែល​ជាទី​សក្ការៈ​របស់​តា​ម៉ុ​ក ដើម្បី​ដុត​ធូប​បួងសួង​រៀងរាល់ថ្ងៃ​សីល ។

លោក​ជិន សុ​ភី បាន​បន្ត​ទៀត​ថា ផ្ទះ​ទី​៣-​មាន​ទំហំ​ធំ​សម្រាប់​ក្រុម​គ្រួសារ​តា​ម៉ុ​ក និង​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចម្ងាយ មក​ទទួល​គោ ក្របី ស្រូវ​អង្ករ និង​ទទួល​អំណោយ​ផ្សេង​ៗ ។ ផ្ទះ​ទី​៤-​គឺ​សម្រាប់​រោង​បាយ​រួម​គ្នា និង​បុគ្គលិក ចុងភៅ​ស្នាក់​នៅ ដែល​មាន​បី​ជាន់ គឺ​ជាន់​ក្រោម​បាន​ចាក់​បេតុង​យ៉ាង​រឹង​មាំ​តាម​បែប​លេណដ្ឋាន រីឯ​ជាន់​ទី​២​ជា​កន្លែង​ហូប​បាយ​របស់​បុគ្គលិក និង​ជាន់​ទី​៣​ជា​កន្លែង​ស្នាក់​នៅ​របស់​ចុងភៅ ។ ក្នុង​បរិវេណ​នោះ បាន​បន្សល់​ទុក​រថយន្ត​សម្រាប់​ផ្សាយ​ព័ត៌មាន និង​អង់​តែ​ន​ស្ថានីយ ព្រមទាំង​ទ្រុង​សម្រាប់​ធ្វើ​ទារុណកម្ម​ដល់​ជន​មាន​កំហុស ហើយ​ពេល​នេះ​សហគមន៍​អន្លង់​វែង​បាន​រៀបចំ​រូបថត​ឯកសារ​ជា​តឹកតាង ដើម្បី​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ជា​បន្ត​ទៅ​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ