រាជធានីភ្នំពេញ ៖ ក្នុងពេលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសន្ទុះងើបឡើងខ្លាំង ជាពិសេសវិស័យដីធ្លី បានជំរុញអោយវិនិយោគិនក្នុងស្រុកជាច្រើនចេញវិនិយោគ លើវិស័យនេះជាបន្តបន្ទាប់ ទាំងដែលពួកគេមិនមានជំនាញ រឺចំណេះដឹងទាល់តែសោះលើវិស័យអចលនទ្រព្យ ដែលអាចប្រឈមនឹងបញ្ហានៅពេលអនាគត ។ ដោយសារតែមើលកត្តានេះ សាលាអចលនទ្រព្យកម្ពុជា ដែលបង្កើតឡើងដោយអ្នកជំនាញវិស័យអចលនទ្រព្យល្បីៗ តែងតែបណ្ដុះបណ្ដាលដល់អ្នកដែលមានបំណងចេញវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដើម្បីគ្រប់គ្រងហានិភ័យបានល្អនៅពេលពួកគេចេញប្រឡូកក្នុងវិស័យអចលនទ្រព្យ ។

បើតាមលោក ខាត់ បូរ៉ា នាយកសាលាអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថាការវិនិយោគអ្វីមួយ ទាមទារអោយមានជំនាញ និងមានចំណេះដឹង ទើបការវិនិយោគមិនសូវមានហានិភ័យខ្ពស់ តែបើសិនជាពួកគេចេញវិនិយោគដោយឆៅៗតែម្ដងវាអាចនឹងប្រឈមហានិភ័យខ្ពស់ ខណៈការប្រកួតប្រជែងក៏កាន់តែខ្លាំង ។ ម្យ៉ាងទៀតការទទួលបានចំណេះជំនាញលើវិស័យណាមួយ ក៏ជាប្រភពធនធានមនុស្សដ៏សំខាន់ដែរ ។
លោកបានបន្តថា «ទន្ទឹមនឹងមានចំណេះដឹងគ្រប់គ្រាន់ក្នុងការចេញវិនិយោគលើវិស័យអចលនទ្រព្យហើយនោះ អ្នកវិនិយោគក៏គួរតែមានធនធានផ្ទាល់ខ្លួនមួយចំនួនផងដែរ ដោយមិនគួររំពឹងទាំងស្រុងទៅលើធនាគារ ដើម្បីវិនិយោគនោះទេ ។ ម្យ៉ាងទៀត ការយកឥណទានធនាគារមកវិនិយោគក៏គេត្រូវការសិក្សាពីលទ្ធភាពនិងកេរ្តិ៍ឈ្មោះអ្នកវិនិយោគដែរ លុះត្រាតែកេរ្តិ៍ឈ្មោះយើងល្អ ទើបធនាគារផ្ដល់កម្ចីដល់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិល បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់ ការវិនិយោគ ត្រូវការមានចំណេះដឹង ដើម្បីកុំអោយមានហានិភ័យកាន់តែខ្ពស់ ហើយបើសិនជាយើងឃើញគេចំណេញ ចង់វិនិយោគដែរដោយមិនមានជំនាញ បទពិសោធន៍ចំណេះដឹង នោះវាមិនប្រាកដថានឹងចំណេញដូចគ្នាដែរនោះឡើយ ។ លោកឧកញ៉ានិយាយថា៖« សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ យើងគិតថាវានៅតែមានសក្ដានុពលសម្រាប់វិនិយោគដដែល ហើយជាឱកាសសម្រាប់វិនិយោគិនក្នុងស្រុក ក្នុងការសហការជាមួយវិនិយោគិនបរទេស ដែលនឹងមកដល់នៅពេលខាងមុខបន្តបន្ទាប់ទៀត » ។
លោកឧកញ៉ាបន្តថា អ្វីដែលវិនិយោគិនក្នុងស្រុកត្រូវត្រៀមខ្លួននោះ គឺត្រូវដុសខាត់ចំណេះដឹង ជំនាញ របស់ខ្លួនអោយបានច្បាស់លាស់ អោយបានរឹងមាំដើម្បីទទួលវិនិយោគបរទេស ដែលនឹងមកដល់បន្តទៀត ។ម្យ៉ាងទៀតនៅពេលដែលយើងមានចំណេះដឹងគ្រប់គ្រាន់ យើងក៏អាចទុកចំណេះដឹងយើងដើម្បីអភិវឌ្ឍន៍ប្រទេសដោយខ្លួនឯង ដោយមិនចាំបាច់សហការជាមួយបរទេសនោះទេ ។
គួរបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកថាកំពុងស្ថិតនៅចំណុចកំពូលដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្លាក់ចុះវិញ ក្នុងនោះធនាគារពិភពលោក បានផ្ដល់ជាទស្សនមួយ ដោយមិនគួរផ្ដល់កម្ចីច្រើនបន្ថែមទៀត ដល់វិស័យនេះ និងត្រូវឱ្យមានការសិក្សាលំអិតមុននឹងផ្ដល់កម្ចីដល់វិស័យអចលនទ្រព្យ និងសំណង់ ៕កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ