រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការហើយនាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់ការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ) ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន (ប្រមាណជាង ១.៨លានដុល្លារអាមេរិក) ដែលជំនួយមួយនេះនឹងជួយប្រែក្លាយកម្ពុជាទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាពគ្រប់គ្រងទំនិញបានដល់៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំដែលមានសមត្ថភាពបន្ថែមលើសពីពេលបច្ចុប្បន្ន ២ដង។ នេះបើតាមការឲ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ពិធីចុះហត្ថលេខាផ្លូវការដែលត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម ហ្សិនសូ អាបេ (Shinzō Abe) អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២៖ ទី១)- លើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ ១) -ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក)។ និងទី ២) – ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន។
សម្តេចតេជោ ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតអាស៊ីនៅឯប្រទេសជប៉ុន នោះសម្តេចតេជោ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសជប៉ុន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងមានការចូលរួមពីអ្នកវិនិយោគគិនសំខាន់ៗជាច្រើនរូបផងដែរកាលពីថ្ងៃទី ២៩ ឧសភា បានបញ្ជាក់ថាជប៉ុនបានជួយកម្ពុជាលើគ្រប់វិស័យទាំងអស់ ។ សម្តេចតេជោ បានមានប្រសាសន៍ថា «លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការលើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទាន រហូតដល់ប្រមាណជា ២៣ពាន់លានយ៉េន នឹងជួយប្រែក្លាយកម្ពុជាទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាព គ្រប់គ្រងទំនិញបានដល់៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំដែលមានសមត្ថភាពបន្ថែមលើសពីពេលបច្ចុប្បន្ន ២ដង»។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា «គម្រោងនេះនឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុងសមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែក កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ អន្តរជាតិ នាពេលអនាគត។ បន្ថែមពីនេះ ការទិញភាគ ហ៊ុនជាយុទ្ធសាស្ត្ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់តែបញ្ជាក់ពីជំនឿទុកចិត្តរបស់រដ្ឋាភិបាលជប៉ុនមកលើអនាគតកំពង់ផែ ក៏ដូចជាអនាគតកម្ពុជាទាំងមូល» ។
ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២,៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ទន្ទឹមនឹងនេះ មិត្តជប៉ុនបាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។ នេះបើយោងតាមសម្តេចតេជោ ។
សម្តេចតេជោ បានបន្តថា ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្ត្រ ដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងក្លាយជាទីក្រុងប្រមូលផ្តុំកណ្តាលដ៏សំខាន់ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចនេះ ហើយនឹងកាន់តែជំរុញឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុន ជប៉ុនទាំងធំ ទាំងតូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្ត្រថៃ+១ និងវៀតណាម+១។ ស្ពានគីហ្សូណា និងស្ពានត្សឺបាសាដែលជាស្ពានដ៏វែងជាងគេឆ្លងកាត់ទន្លេមេគង្គកម្ពុជានេះ មិនត្រឹមតែបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម-ឡាវប៉ុណ្ណោះទេ តែក៏បានក្លាយជាទីកន្លែងទេសចរណ៍សម្រាប់ប្រជាជនកម្ពុជាប្រកប ដោយភាពទាក់ទាញផងដែរ។
លើសពីនេះ រូបស្ពានទាំងពីរត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ ៥០០រៀលថ្មី ដែលនេះ ជាករណីដ៏កម្របំផុតដែលទង់ជាតិនៃប្រទេសមួយបានផុសឡើងនៅលើក្រដាសប្រាក់នៃប្រទេសមួយទៀត។ នេះសបញ្ជាក់ពីសក្ខីភាពយ៉ាងប្រត្យ័ក្សនៃទំនាក់ទំនងទ្វេភាគីដ៏ជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ៕កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ