រាជធានីភ្នំពេញ ៖ ស្របពេលវិស័យសំណង់ និងអចលទ្រព្យនូវតែរក្សាបាននឹងកំពុងទទួលបាននូវភាពរីកចម្រើន ពិសេសតម្រូវការនិងតម្លៃដីធ្លីកើនបន្តមានសុខភាពល្អ គេសង្កេតឃើញពលរដ្ឋកម្ពុជា ពិសេសយុវវ័យកាន់តែច្រើនបានបែកគំនិត ឬនាំគ្នារកចំណូលពីវិស័យដីធ្លីនេះ បើទោះបីខ្លួនឯងមិនមានចំណេះដឹងដូចទៅនឹងក្រុមអ្នកជំនាញក៏ដោយ។

ទន្ទឹមនឹងការចាត់ទុកវិស័យដីធ្លី និងអចលទ្រព្យជាការងារសំខាន់និងមានទាំងអ្នកសិល្បៈ អ្នកបម្រើការងារនៅក្រុមហ៊ុន ឬស្ថាប័នរដ្ឋដែលមិនមែនជាអ្នកជំនាញខាងអចលនទ្រព្យ មានខ្លះជោគជ័យខ្លាំង ខ្លះក៏បរាជ័យផងដែរ ។ បើតាមអ្នកជំនាញបានឲ្យដឹងថាសន្ទុះនៃការចូលរួមក្នុងវិស័យដីធ្លី និងអចលនទ្រព្យចាប់ផ្តើមផ្ទុះនូវចន្លោះពីឆ្នាំ២០០៦ និង២០០៧ ដែលគ្រានោះយុវវ័យកម្ពុជាមិនថាអ្នករត់ម៉ូតូឌុប ឬអ្នកធ្វើចំការនោះ បាននាំគ្នារកចំណូលពីវិស័យមួយនេះ ដោយសារចំណូលដែលទទួលបានពីកម្រៃសេវាមានចំនួនច្រើនជាងការងារធម្មតា ហើយមកសព្វថ្ងៃនេះក៏មានចំនួនច្រើនដែរ។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុនCentury 21 Fortuna Investment មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី៣១ ខែឧសភាម្សិលមិញថា អ្នករកស៊ីផ្នែកដីធ្លីមានតិច ឬច្រើនវាស្រ័យទៅលើកាលៈទេសៈ នៅពេលមានតម្រូវការច្រើននឹងធ្វើឱ្យមនុស្សងាកមករកចំណូលពីវិស័យនេះច្រើន ជាក់ស្តែងកាលពីឆ្នាំ២០០៦ និង២០០៧ មិនត្រឹមយុវវ័យទេសូម្បីតែអ្នករត់ម៉ូតូឌុបនិងអ្នកធ្វើចំការមួយចំនួនក៏ងាកមករកចំណូលពីផ្នែកនេះដែរ។លោកបានបញ្ជាក់ថា «សម្រាប់មួយរយៈពេលចុងក្រោយនេះ ទាំងយុវវ័យនិងពលរដ្ឋផ្សេងទៀតគឺពួកគាត់ងាកធ្វើការនៅក្នុងផ្នែកនេះ។ ទោះបីអ្នកខ្លះមានការងារហើយគឺដោយសារតែវាមានតម្រូវការច្រើនក្នុងវិស័យអចលនវត្ថុនេះ មានការទិញលក់ច្រើន ហើយអចលនទ្រព្យភាគច្រើនមានការកើនឡើងតម្លៃ ធ្វើឱ្យអ្នកទិញដាក់ទៅទទួលបានប្រាក់ចំណេញ។ អីចឹងធ្វើឱ្យមនុស្សមានចិត្តចង់ទិញ ហើយនៅពេលមានចិត្តទិញ អីចឹងមានអ្នកលក់ខ្លះដែលគាត់ចង់បង្កើតមុខរបរថែមទៀតរកចំណូលបន្ថែមពីវិស័យនេះ»។
អ្នកជំនាញខាងអចលនទ្រព្យរូបនេះបានបន្តថា «ដូចយើងដឹងស្រាប់ហើយ វិស័យអចលនទ្រព្យនេះមានទំហំទឹកប្រាក់ធំ ហើយបានប្រាក់កម្រៃជើងសារជាភាគរយគួរសមដែរ បើត្រូវមួយករណីៗបានច្រើនជាងគាត់ធ្វើការរាប់ខែ ឬឆ្នាំទៅទៀត»។
ស្ថិតក្នុងបរិបទវិស័យសំណង់និងអចលន ទ្រព្យមានការរីកចម្រើននេះ អ្នកជំនាញថា មិនត្រឹមតែយុវវ័យ ពលរដ្ឋ ឬអ្នកធ្វើជាភ្នាក់ងារឯករាជក្យនោះទេ គឺគាត់បានបំបែកខ្លួនចេញពីក្រុមហ៊ុន មកធ្វើការឱ្យខ្លួនឯងបន្ថែមដោយសារមើលឃើញនូវឱកាសនៃការទទួលបានចំណូល តាមរយៈតម្រូវការនៅក្នុងវិស័យអចលនវត្ថុនៅតែបន្តកើនឡើង, កម្រៃសេវាទទួលបានច្រើន ព្រោះតែតម្លៃដីធ្លីឡើងថ្លៃ និងវាជាឱកាស។ ប៉ុន្តែអ្នកខ្លះក៏មិនទទួលបានចំណូលពីការផ្តល់សេវានេះដែរ ដោយសារហេតុផលវិស័យមានការប្រកួតប្រជែងគ្នាខ្លាំង។
ស្របពេលការរកចំណូលបានពីវិស័យដីធ្លីនេះបានច្រើន តើទាមទារឱ្យយុវវ័យ ក៏ដូចជាពលរដ្ឋផ្សេងទៀតមានជំនាញឬបទពិសោធន៍ទ? លោកនាយកមានប្រសាសន៍ថា «វាអាស្រ័យទៅលើការងារពួកគាត់ ថាតើគាត់ធ្វើជាភ្នាក់ងារអចលនទ្រព្យនេះក្នុងកម្រិតណា។ បើជាភ្នាក់ងារអាជីពទាមទារឱ្យមានចំណេះដឹងដូចទៅជំនាញផ្សេងៗ ត្រូវសង្វាតរៀនសូត្រ ឬស្រាវជ្រាវខ្លួនឯងបន្ថែមទៀត។ ភ្នាក់ងារអចលនទ្រព្យទទួលបានជោគជ័យ វាអាស្រ័យទៅមនុស្ស មានការព្យាយាម ព្រោះការងារនេះមានការប្រកួតប្រជែងគ្នាខ្លាំង ទាមទារនូវចំណេះដឹង បទពិសោធន៍ ទាមទារមនូវបណ្តាញ រួមនិងកត្តាផ្សេងទៀត។ អ្នកមួយចំនួនចូលមកក្នុងវិស័យនេះក៏បរាជ័យដែរ ហើយប្រហែល៩០% នៃភ្នាក់ងារអចលនទ្រព្យនឹងចាកចេញទៅវិញ នៅពេលដែលមិនទទួលបានអត្ថប្រយោជន៍នៅក្នុងរយៈពេល២ទៅ៣ឆ្នាំបន្ទាប់»។
បើតាមអ្នកជំនាញ នៅក្នុងមួយខែៗ បើភ្នាក់ងារអចលនទ្រព្យមា្នក់ទទួលបានជោគជ័យក្នុងការផ្តល់សេវាអាចទទួលបានប្រាក់ចំណូលរាប់ពាន់ ឬដល់រាប់ម៉ឺនដុល្លារអាមេរិក ប៉ុន្តែអ្នកខ្លះក៏មិនទទួលបានចំណូលដែរ។ រឿងនេះវាមិនងាយស្រួលទទួលបានទេ ព្រោះវាមានការប្រកួតប្រជែងច្រើន។ ក្រៅពីប្រឡូកនឹងជំនួញអចលទ្រព្យ តើយុវវ័យគួរគិតបែបណាដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតនោះ ជាពិសេសកុំឲ្យចាញ់បោកគេរឿងទិញដីធ្លីនិងអចលទ្រព្យ ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកអចលនទ្រព្យល្បីមួយរូបនៅកម្ពុជាធ្លាប់បានប្រាប់នូវគន្លឹះសំខាន់ៗមួយចំនួនដល់យុវវ័យ កុំចេញរកស៊ីតាមៗគ្នា ជាពិសេសលោកធ្លាប់បានប្រើប្រាស់បណ្តាញសង្គមចែកចាយនូវចំណេះដឹងជាច្រើនដូចជាថ្មីៗនេះ លោកបានណែនាំថា «ដើម្បីចៀសវាងការឆបោកនានា មុនពេលកក់ប្រាក់ទិញអចលនទ្រព្យ សូមបងប្អូនសុំប័ណ្ណកម្មសិទ្ធិ (ប្លង់ដីឬផ្ទះ) មកត្រួតពិនិត្យអោយបានល្អិតល្អន់ដោយផ្ទៀងផ្ទាត់ឈ្មោះម្ចាស់ជាមួយអត្តសញ្ញាណប័ណ្ណ។ ១) ប្រសិនបើគ្មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ សូមកុំកក់ប្រាក់។ ២) បើប័ណ្ណកម្មសិទ្ធិមិនមានភាពប្រក្រតី សូមសាកសួរអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន» ។
អ្វីដែលសំខាន់នោះលោកបានណែនាំថា បើចង់ក្លាយខ្លួនជាអ្នកជំនួញឬអ្នកវិនិយោគ តើយុវជនគួរជ្រើសរើសយកការងារបែបណា?យុវជនគួរជ្រើសរើសឬផ្តោតលើការងារណាដែលផ្តល់នូវឱកាសពង្រឹងសមត្ថភាពនិងទទួលបានប្រាក់ខែខ្ពស់។
១) ជ្រើសរើសយកការងារដែលអ្នកមានឱកាសអភិវឌ្ឍសមត្ថភាព និងផ្តល់បទពិសោធន៍ល្អៗជាសជាងជ្រើសរើសយកការងារដែលមានលំនឹងឬការងារដែលមានកុងត្រារយៈពេលវែង (Capacity development versus Job Security)។ ពោលគឺផ្តោតលើការងារណាដែលអាចជួយអោយអ្នកមានសមត្ថភាពពេញលេញអាចក្លាយខ្លួនជាអ្នកធ្វើជំនួញឬជាអ្នកវិនិយោគបាននាពេលអនាគត។ អ្នកមិនគួរផ្តោតលើការងារដែលមានលំនឹងហើយគ្មានឱកាសរៀនសូត្រឬមានឱកាសរៀនសូត្រតិចតួចនោះទេ ព្រោះអ្វីដែលអ្នកត្រូវការគឺសមត្ថភាព ហើយមុន និងក្រោយអ្នកនឹងប្រែក្លាយខ្លួនជាម្ចាស់ជំនួញឬអ្នកវិនិយោគ ដូច្នេះកុំខ្លាចបាត់បង់ការងារឬអត់ការងារធ្វើ។
២) ជ្រើសរើសការងារដែលផ្តល់ប្រាក់ខែខ្ពស់ជាសជាងការងារដែលផ្តល់កញ្ចប់ផលប្រយោជន៍ច្រើន (High salary versus Good compensation package)។ អ្នកធ្វើការងារបណ្តើឆ្លៀតធ្វើជំនួញ ឬវិនិយោគបណ្តើដើម្បីទទួលបានបទពិសោធន៍ ដូច្នេះអ្នកគួរផ្តោតយកការងារណាដែលមិនត្រឹមតែផ្តល់ឱកាសអោយអ្នកបានររៀនបទពិសោធន៍ល្អៗនោះទេ អ្នកក៏គួរផ្តោតលើការងារណាដែលទទួលបានប្រាក់ខែច្រើន ព្រោះបើទទួលបានប្រាក់ខែច្រើន អ្នកក៏អាចខ្ចីប្រាក់ពីធនាគារយកមកធ្វើជាដើមទុនបានច្រើនដែរ។ ពេលវាយតម្លៃកម្ចី ធនាគារគេមើលតែលិខិតបញ្ជាក់ប្រាក់ខែប៉ុណ្ណោះ គេមិនខ្វល់ថាក្រុមហ៊ុនឬស្ថាប័នដែលអ្នកធ្វើការផ្តល់ធានារ៉ាប់រងសុខភាព សាហ៊ុយធ្វើដំណើរឬចំណាយបេសកកម្ម របបសាំង ឬឯកសណ្ឋានប៉ុន្មានកុំប្លេក្នុង១ឆ្នាំនោះទេ។ ម្យ៉ាង បើអ្នកចង់ច្នៃខ្លួនអោយក្លាយជាអ្នកធ្វើជំនួញឬជាអ្នកវិនិយោគ អ្នកមិនគួរគ្រាន់តែសំលៀកបំពាក់ (ឯកសណ្ឋាន) និងផលប្រយោជន៏ទាំងនេះ ក៏ត្រូវការក្រុមហ៊ុនឬស្ថាប័នចាត់ចែងអោយដែរនោះទេ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ