ខេត្តបាត់ដំបង ៖ ព្រែកទាល់ជាតំបន់ជីវចម្រុះ១ក្នុងចំណោម៣របស់បឹងទន្លេសាប ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ។ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរច្រើនជារៀងរាល់ឆ្នាំ ។ ទីនោះជាកន្លែងមួយប្រមូលផ្ដុំសត្វស្លាបដ៏កម្រជាច្រើនប្រភេទទៅរស់នៅបង្កើតជាសម្បុករស់នៅគួរឲ្យចង់ទស្សនា ។
លោកអ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថាក្នុងចន្លោះខែធ្នូ ដល់ខែកុម្ភៈអ្នកទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងវីដេអូឯកសារសត្វដែរ ។ នៅពេលដែលទឹកនៅតំបន់ផ្សេងចាប់ផ្ដើមស្រក សត្វបក្សីមកពីគ្រប់ទិសទីបានជួបជុំគ្នានៅទីនោះ ។ ពពួកសត្វស្លាបនៅតែបន្តរស់នៅក្នុងតំបន់នោះរហូតដល់ចុងខែកុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មានទេ ។ លោកអ្នកអាចឃើញមានសត្វទាំងនោះផងដែរនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មានទេ ។
លោកអ៊ុច អ៊ុំភីនីស្សារ៉ា ថា «ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វស្លាបនៅទីនោះគឺពេលព្រឹកព្រលឹម និងពេលរសៀល ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនោះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់ ។ លោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បានជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញ ប៉ុន្តែត្រូវបង់ថ្លៃចន្លោះពី១៥ទៅ២០ដុល្លារ ។
សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូក ហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ ។ មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី៤៥ទៅ៥០ដុល្លារសម្រាប់ទូកមួយ (អាចជិះបានពី៣ទៅ៤នាក់) ។
ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី៣៥ទៅ៤៥ដុល្លារសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង) ។ សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់ គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ »៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ