ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​មន្ត្រី​សក្តិ​៤​កន្លះ​ទៀត បើក​បុក​គេ​ឡើង​ខ្ទាត​មនុស្ស​យ៉ាង​ឆ្ងាយ​ហើយ​រត់គេច​ខ្លួន​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​សក្តិ​៤​កន្លះ ជា​នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​មួយ​រូប​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​ល្បឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​ម៉ូតូ​ពីរ​គ្រឿង​ពេញទំហឹង រួច​បន្ត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ និង​បង្គោល​ភ្លើងស្តុប បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​សក្តិ​៤​កន្លះ ជា​នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​មួយ​រូប​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​ល្បឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​ម៉ូតូ​ពីរ​គ្រឿង​ពេញទំហឹង រួច​បន្ត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍ និង​បង្គោល​ភ្លើងស្តុប បណ្តាល​ឲ្យ​បុរស​ពីរ​នាក់​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារវត្ត​សំរោង​អណ្ដែត តាម​បណ្តោយ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​គ្រាន់តែ​ដឹង​ថា ជា​នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ នគរបាល 2-5769 ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​រថយន្ត​បង្ក​ខាងលើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​ម៉ូតូ​ពីរ​គ្រឿង​ចំ​ពីក្រោយ​ពេញទំហឹង​ទាំង​កម្រោល គឺ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ណៃ​ហ៊​ត ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០៨ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ខាងលើ​ខ្ទាត​ផ្លោង​ជិត​៣០​ម៉ែត្រ រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ និង​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់ ។

ដោយឡែក​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើម​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​បាក់​ទ្រេត​ដល់​ដី ហើយ​រថយន្ត​បង្ក​នៅ​តែ​មិន​ទាន់​អស់​ល្បឿន​បន្ត​ទៅ​បុក​បង្គោល​ភ្លើងស្តុប​ចរាចរណ៍​ចំនួន​ពីរ​ដើម បណ្ដាល​ឲ្យ​ក្រពឹត​ទើប​រថយន្ត​បង្ក​ទៅ​មុខ​លែង​រួច រង​ការ​ខូចខាត​បែក​កញ្ចក់ និង​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។ ភ្លាម​ៗ​នោះ​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​ពីលើ​រថយន្ត​រួច​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ​កន្លែង​កើតហេតុ ។ ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​សម្ភព​ពន្លឺ​បាន​មក​ធ្វើការ​ដឹក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​បង្ក​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ