ក្រុមអ្នកបុរាណវិទ្យានៅប្រទេសចិនបានធ្វើកំណាយរកឃើញលលាដ៍ក្បាលស្ត្រីវ័យក្មេងជាង៨០នាក់ ដែលគេជឿថា បានធ្វើពលិកម្មកាលពីជាង៤.០០០ឆ្នាំមុននៅប្រទេសចិន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដែលផ្សាយកាលពីពេល ថ្មីៗនេះ ។
លលាដ៍ក្បាលទាំងនោះគេរកឃើញនៅទីស្មសានធំបំផុតមួយនៅតំបន់សុីម៉ាវ ដែលជាទីក្រុងសម័យយុគថ្មបំបែកនាភាគខាងជើងខេត្តសានស៊ី ។
កាសែតរដ្ឋចិនសុីនហួ បានរាយការណ៍ថា គេមិនឃើញមានរាងកាយសាកសពទេ គឺមានតែលលាដ៍ក្បាលប៉ុណ្ណោះ ។ ក្រុមបុរាណវិទ្យាបានសន្និដ្ឋានថា លលាដ៍ក្បាលទាំងនោះ ទំនងជាជាប់ពាក់ព័ន្ធនឹងការសាងសង់កំពែងទីក្រុងនៅក្នុងសកម្មភាពសាសនាសម័យបុរាណ ឬជាពិធីបញ្ចុះបឋមសិលាមុនពេលការសាងសង់ចាប់ផ្តើម ។
យោងតាមកាសែតចិនដដែលនោះឱ្យដឹងថា កាលនោះទំនងជាមានការរីករាលដាលអំពើហិង្សាទ្រង់ទ្រាយធំ ឬជម្លោះក្រុមកុលសម្ព័ន្ធនៅក្នុងតំបន់ ពីព្រោះមនុស្សសម័យបុរាណ ចូលចិត្តប្រើសត្រូវ ឬចំណាប់ខ្មាំងធ្វើពិធីបូជាយញ្ញ ។ របកគំហើញពេលនេះ គឺមិនមែនជាគំរូដំបូងរបស់អ្នកស្រាវជ្រាវដែលបានរកឃើញសាកសពពាក់ព័ន្ធនឹងការបូជាយញ្ញមនុស្សកាលពីសម័យដើមរបស់ចិនទេ ។ ព្រះមហាក្សត្រ និងព្រះចៅអធិរាជ ជាទូទៅត្រូវបានគេកប់ជាមួយនឹងអ្នកបម្រើ និងស្រីស្នំរបស់ព្រះអង្គ ដែលមានពេលខ្លះត្រូវគេសម្លាប់មុន ហើយនៅពេលខ្លះគេកប់ទាំងរស់ ។
តំបន់ទីស្មសានសុីម៉ាវ មានផ្ទៃដីជាង៤គីឡូម៉ែត្រក្រឡា ត្រូវគេរកឃើញកាលពីឆ្នាំ១៩៧៦។ មន្ត្រីខេត្តសានសុី និយាយថា នៅក្នុងតំបន់នោះគេរកឃើញលលាដ៍ក្បាលសរុបចំនួន៤០កាលពីឆ្នាំទៅមិញ ។ ចំណែកអ្នកបុរាណវិទ្យាក៏បានរកឃើញសំណល់ផ្ទាំងគំនូរលើជញ្ជាំងជាង១០០ផ្ទាំង ក៏ដូចជាគជ់ថ្មជាច្រើននៅក្នុងតំបន់បុរាណនោះ ដែលស្ថិតនៅក្នុងអាងទន្លេលឿង ហើយគេជឿថា មានអាយុកាលតាំងពី២.០០០ឆ្នាំមុនគ្រឹស្តសករាជ ៕
ចែករំលែកព័តមាននេះ