ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​មាន​កំណើន​សីតុណ្ហភាព​១,៥​អង្សា​សេ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ (Inter​governmental Panel on Climate Change: IPCC) សហការ​ជាមួយ​អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព…

រាជធានី​ភ្នំពេញ ៖ អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ (Inter​governmental Panel on Climate Change: IPCC) សហការ​ជាមួយ​អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ធ្វើការ​ផ្សព្វផ្សាយ​របកគំហើញ​ថ្មី​ៗ​របស់​ខ្លួន តាម​រយៈ​របាយ​ការណ៍​ពិសេស​ស្តី​ពី​កំណើនសីតុណ្ហភាព​១,៥​អង្សា​សេ ដើម្បី​ផ្តល់​ជា​គោលការណ៍​ណែនាំ​គន្លឹះ​ប្រកបដោយ​ប្រសិទ្ធ​ភាពសម្រាប់​អ្នក​ជំនាញការ អ្នកវិភាគ និង​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ពាក់ព័ន្ធ​ការ​ប្រែប្រួល​អាកាស​ធាតុ​សម្រាប់​ប្រទេស​កម្ពុជា ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​ថា «​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដ៏​រឹង​មាំ នឹង​ជួយ​ពង្រឹង សមត្ថភាព​របស់​យើង​ក្នុង​ការ​បង្កើត​ភ័ស្តុតាង​វិទ្យាសាស្ត្រ​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ។ ក្នុង​នាម​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​ក្នុង​រដ្ឋាភិបាល លោក​ជំទាវ​បាន​បន្ថែម​ថា យើង​ត្រូវការ​ភ័ស្តុតាង​នេះ​ដើម្បី​ធ្វើការ​ជ្រើសរើស​ឱ្យ​បាន​ត្រឹមត្រូវ​» ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​រដ្ឋលេខាធិការ​បានសង្កត់ធ្ងន់​ថា យើង​ត្រូវការ​អ្នក​វិទ្យាសាស្ត្រ​ដែលអាច​ធ្វើការ​ព្យា​រករ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ។ យើង​ត្រូវការ​អ្នក​ដែលអាច​បង្កើត​ម៉ូ​ដែល​ទឹកជំនន់ គ្រោះ​រាំង​ស្ងួត​ និងរលក​កម្តៅ​ក្នុង​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ។

យើង​ត្រូវការ​វិស្វករ និង​អ្នកបច្ចេកទេស​ដែល​អាច​លើក​ស្នើ​ដំណោះស្រាយ​ចំពោះ​ការ​ប្រឈម​ថ្មី​ៗ​ទាំងនេះ ។ យើង​ចង់ឱ្យ​ប្រជាជន​យើង​នៅ​សម័យ​ក្រោយ​សង្គ្រាម ក្រសោប​យក​វិទ្យាសាស្ត្រ​ជា​កត្តា​គន្លឹះ ដើម្បី​នាំ​យក​ប្រជាជន​កម្ពុជា​ទៅ​ក​ាន់​មាគ៌​៌ា​នៃ​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​របាយការណ៍​ពិសេសបាន​អះអាង​ថា តាម​រយៈ​កិច្ចការ​របស់​ក្រុម​ការងារ IPCC កំណើន​សីតុណ្ហភាព​បន្ថែម​០,៥​អង្សា​សេ​នៅ​ក្នុង​សកលលោក អាច​នាំ​មក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ។ ដូចនេះ យើង​ត្រូវ​កម្រិត​កំណើន​សីតុ​ណ្ហ​ភាព​មិន​ឱ្យ​កើនឡើង​លើស​១,៥​អង្សា​សេ ។

ដើម្បី​កម្រិត​កំណើន​សីតុណ្ហ​ភាព​នេះ យើង​ត្រូវការផ្លាស់​ប្តូរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដូច​ជា ការ​កាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ពី​គ្រប់​វិស័យ​ឱ្យ​ស៊ី ជម្រៅ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួស​ផ្សេង​ៗ ដូច​ជា ថាមពល​កកើត​ឡើង​វិញ ការ​ផ្លាស់​ប្តូរឥរិយាបថ និង​ការ​បង្កើន​វិនិយោគ​ទៅ​លើ​ជម្រើសបញ្ចេញ​កាបូន​ទាប ។

កម្មវិធី​ផ្សព្វផ្សាយ​សកម្មភាព និង​របកគំហើញនៃ​ក្រុមការងារ​អន្តររដ្ឋាភិបាល ស្តី​ពី​ការ​ប្រែប្រួលអា​កាស​ធាតុ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​-​អង្គារ​ថ្ងៃ​ទី​២៧-២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្ត សៀម​រាប ក្រោម​អធិបតីភាព លោក​ជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​ចូលរួម​ពី​គណៈប្រតិភូ​មក​ពី​ប្រទេស​ឡាវ តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ី​វិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ គ្រឹះស្ថានសិក្សា និង​យុវជន​ជា​ច្រើន​នាក់ ៕

អត្ថបទសរសេរ ដោយ