ខេត្តកំពត ៖ អាជ្ញាធរខេត្ត លោកជាវ តាយ ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី២៧ ឧសភា បានបើកសន្និសីទកាសែត ដេីម្បីឆ្លេីយតបទៅនឹងព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពីករណីបោះបង្គោលចូលទៅក្នុងសមុទ្រ ស្ថិតភូមិសាស្ត្រតំបន់ភ្នំដូង ភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ ក្រុងកំពត ខេត្តកំពត ។ គួររំលឹកថា៖ ករណីបោះបង្គោលយ៉ាងវែងចូលក្នុងសមុទ្រ ពិតជាមានប្រាកដមែន..!

លោកបានមានប្រសាសន៍បញ្ជាក់ថា ដីដែលបោះបង្គោលខាងលេី គឺមានទំហំ៤៥,៦១៤ហិកតា នៅខាង
កេីតភ្នំដូងដីនេះ ពីដើមឡើយជាប្រភេទដីអូរចិញ្ចឹមក្តាម និងបង្គា ដែលប្រជាពលរដ្ឋចំនួន១២គ្រួសារអ្នកកាន់កាប់អាស្រ័យផល នៅក្នុងកំឡុងឆ្នាំ២០០៨មក ។ ដីនេះប្រជាពលរដ្ឋចំនួន១២គ្រួសារនោះ ក៏បានស្នើសុំចេញប័ណ្ណកម្មសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបន្តថា ក្នុងខែឧសភា ឆ្នាំ២០០៨ ទីស្តីការគណ:រដ្ឋមន្ត្រីក៏បានសម្រេចយល់ព្រមតាមសំណេីរបស់អភិបាលខេត្តកំពត ដេីម្បីចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់លេីផ្ទៃដីស្នេីសុំខាងលេី ព្រមទាំងនឹងអនុញ្ញាតប្រែក្លាយពីអ៊ូរចិញ្ចឹមបង្គា ក្តាម ទៅជាតំបន់ទេសចរណ៍បែបធម្មជាតិ ឬទេសចរណ៍កែច្នៃ ។

បន្ទាប់ពីបកស្រាយពីអាជ្ញាធរខេត្តទើបដឹងថា បង្គោលដែលបោះក្នុងសមុទ្រនោះ គឺជាដីកម្មសិទ្ធិ ស្របច្បាប់ពិតប្រាកដមែន តែអ្វីដែលទាស់ភ្នែកនោះ គឺវាប្រែប្រួលស្ថានភាពដីពីព្រៃមកវាល ដែលធ្វើអោយមហាជនមានការសង្ស័យ និងមានការភាន់ច្រឡំថា ជាករណីរំលោភបំពានចូលក្នុងសមុទ្រ ។

យ៉ាងណាក៏ដោយ មហាជននៅតែមិនសប្បាយចិត្តនោះទេ ពីព្រោះពួកគាត់យល់ឃើញថា ដីក្នុងសមុទ្រមានប្លង់កម្មសិទ្ធិ រីឯដីលើគោកជិតតំបន់ខាងលើ មិនមានប្លង់កម្មសិទ្ធិចេញដោយអាជ្ញាធរឡើយ ។ ដោយឡែកចំណុចបង្គោលខាងលើ អាជ្ញាធរខេត្តបានបញ្ជាក់ថា ជាតំបន់ស្រែអ៊ូចិញ្ចឹមក្តាម និងបង្គារបស់ពលរដ្ឋទាំង១២គ្រួសារតែការពិតដោយសារតែចំណុចខាងលើនេះវាប្រែប្រួលស្ថានភាពដីព្រៃក៏អស់បាត់ភ្លឺបាត់ទំនប់ដែលធ្លាប់មានកន្លងមក ដោយប្រជាពលរដ្ឋទាំង១២ គ្រួសារឈប់ធ្វើអាជីវកម្មចិញ្ចឹមក្តាម និងបង្គាជាយូរឆ្នាំមកហើយដែរ ទើបចំណុចនេះក្លាយដូចជាមាត់សមុទ្រវាលល្វឹងល្វើយដោយសារតែទឹកជោរនាចបោកបក់ជារៀងរាល់ថ្ងៃ ។ (សម្រួលដោយ៖ ស្រីណា)









ចែករំលែកព័តមាននេះ