ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីបោះបង្គោល​​​យ៉ាង​វែង​ចូល​​ក្នុង​សមុទ្រ ​​ពិតជាមានប្រាកដ​​មែន..!​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ ថ្មី​ៗ​នេះ​ បន្ទាប់​ពី​លេច​ចេញ​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​និង​ស៊ែត​ៗ​គ្នា ពី​ការ​បោះបង្គោល​រំលោភ​យក​ដី​យ៉ាង​វែង​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​តំបន់​ភ្នំ​ដូង ស្ថិតក្នុងភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត បាន​បង្ក​ឱ្យ​ផ្ទុះ​ប្រតិកម្ម​គគ្រឹកគគ្រេង​ដោយ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត…

ខេត្តកំពត ៖​ ថ្មី​ៗ​នេះ​ បន្ទាប់​ពី​លេច​ចេញ​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​និង​ស៊ែត​ៗ​គ្នា ពី​ការ​បោះបង្គោល​រំលោភ​យក​ដី​យ៉ាង​វែង​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​តំបន់​ភ្នំ​ដូង ស្ថិតក្នុងភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត បាន​បង្ក​ឱ្យ​ផ្ទុះ​ប្រតិកម្ម​គគ្រឹកគគ្រេង​ដោយ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចាត់​វិធាន​ការ​ជុំវិញ​ការ​រំលោភ​យក​ដី​សមុទ្រ​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​បែកធ្លាយ​ព័ត៌មាន​ខាងលើ លោក ជាវ តា​យ អភិបាលខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២០ ឧសភា បាន​ចាត់​បញ្ជា​ក្រុមការងារ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ លោក នៃ គង់ អភិបាលរង​ខេត្ត ចុះ​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​ ជុំវិញ​សំណុំរឿង​ដ៏​ក្តៅ​គគុក​មួយ​នេះ​ថា តើ​មានការ​បោះបង្គោល​ចុះ​ទៅ​ក្នុង​ទឹកសមុទ្រ​ចូល​យ៉ាង​ជ្រៅ​ដូច​បណ្តាញ​សង្គម​បាន​បង្ហោះ​នោះ​ពិតមែន​ឬ
ទេ ?

ជាក់ស្តែង ​នៅ​ពេល​ក្រុមការងារ​ចុះ​ទៅ​ដល់​ចំណុច​ទីតាំង​ខាងលើ គឺ​ពិតជា​មានការ​បោះបង្គោល​ចុះ​ក្នុង​ទឹកសមុទ្រ​យ៉ាង​ជ្រៅ​ពិតប្រាកដ​មែន ។ ប្រភព​ព័ត៌មាន​ពី​ក្រុមការងារ​ដែល​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​បាន​ឲ្យ​ដឹង​ថា ដី​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ តែ​ជា​ឈ្មោះ​ខ្យល់ អះអាង​ថា ​បាន​សុំ​ច្បាប់​ធ្វើ​ទីតាំង​ចិញ្ចឹម​ក្តាម​និង​បង្គានៅ​ឆ្នាំ​២០០៨ ជំនាន់​លោក​អភិបាលខេត្ត ថា​ច់ ឃ​ន បាន​ចេញ ស ជ ណ តាម​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​មិនមែន​ទីតាំង​កន្លែង​បោះបង្គោល​នេះ​ទេ គឺ​អាច​ជាទី​តាំង​ខុស​ពី​កន្លែង​នេះ ហើយ​ដែល​គេ​បាន​លក់​ឲ្យ​ឈ្មួញ​បាត់​ទៅ​ហើយ ។

មន្ត្រី​ក្រុមការងារ​ឱ្យដឹង​ទៀត​ថា បើ​តាម​ប្រភព​ដែល​មិន​បង្ហាញ​ឯកសារ តែ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ថា​មាន​ចំនួន​១២​គ្រួសារ​ ដែល​អះអាង​ថា​ ជា​ដី​កម្មសិទ្ធិ​ដែល​បោះបង្គោល​ចុះ​ទៅ​ក្នុង​សមុទ្រ​យ៉ាង​ជ្រៅ​នោះ មាន​ជាង​(៤៥,៦១៤​ហិ​កតា​) ហើយ​ឈ្មោះ​ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​នេះ​ក៏​ជា​ឈ្មោះ​ខ្យល់​ផង​ដែរ ។ ដោយសារ​តែ​ដី​នេះ​មាន​អ្នកគ្រប់គ្រង​ផ្សេង​ទៅ​ហើយ រីឯ​អ្នកគ្រប់គ្រង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ក្នុង​ទឹកសមុទ្រ​នេះ ក៏​ក្រុមការងារ​មិន​ទាន់​បាន​បង្ហើប​ប្រាប់​ឈ្មោះ​ដល់​អ្នក​សារព័ត៌មាន​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​ថា សុទ្ធតែ​ជា​អ្នកមាន​លុយ​និង​មាន​អំណាច​គ្រាក់​ៗ​ទើប​ហ៊ាន​ទិញ​ដី​ក្នុង​សមុទ្រ និង​មាន​លទ្ធភាព​កែ​ច្នៃ​ក្នុង​សមុទ្រ​ឲ្យ​ក្លាយជា​អ្វីមួយ​បាន ។

ប្រភព​ពី​ក្រុមការងារ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​បោះបង្គោល​រំលោភ​ចុះ​ទៅ​ក្នុង​សមុទ្រ​ ដើម្បី​ធ្វើ​កម្មសិទ្ធិ​របស់​បុគ្គល​លើ​ដី​រដ្ឋ​នៅ​ចំណុច​ភ្នំ​ដូង ក្នុងភូមិ​បឹង​តា​ព្រាម សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​ខាងលើ បើ​តាម​
ការ​ពិនិត្យ​និង​ស្រាវជ្រាវ​ មិន​ទាន់​ចប់​នៅឡើយ​ទេ ដរាបណា ក្រុមការងារ​ស្រាវជ្រាវ​រក​ម្ចាស់​ដែល​កាន់កាប់​ពិតប្រាកដ​ឃើញ និង​ស្រាវជ្រាវ​ពី​សាវតា​ដី​នេះ​ឲ្យ​បាន​ពិតប្រាកដ ទើប​អាច​បញ្ចប់​សាច់​រឿង​នេះ​បាន ។

មហាជន​និយាយ​ថា មិន​មាន​អ្វី​គួរ​ត្រូវ​ស្មុគស្មាញ​នោះ​ទេ ព្រោះ​ភ្នំ ទន្លេ ស្ទឹង បឹង បួរ សមុទ្រ​ជាសម្បត្តិ​​រដ្ឋ​​គ្មាន​ជន​ណា​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​បាន​នោះ​ឡើយ ។ តើ​ចាំបាច់​សួរ​រក​ម្ចាស់​ណា​ធ្វើអី​ទៀត លោក
​ម្ចាស់ ៕​

អត្ថបទសរសេរ ដោយ