ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភាកម្ពុជា ស្នើឱ្យអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមានជើងហោះត្រង់រវាងប្រទេសទំាងពីរ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ស្នើ​អា​រ៉ា​ប៊ី​សា​អូឌីត ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ក៏​បាន​ស្នើ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ជំរុញ​ឱ្យ​មាន​ជើង​ហោះ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ស្នើ​អា​រ៉ា​ប៊ី​សា​អូឌីត ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ក៏​បាន​ស្នើ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ជំរុញ​ឱ្យ​មាន​ជើង​ហោះ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

ការ​ស្នើ​នេះ នៅ​ពេល​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦ បាន​អនុញ្ញាត​ជួប​ឯកឧត្តម មូ​ហា​ម៉េ​ដ អ៊ី​សម្មា​អ៊ី​ល អេ​. ដាល​វី ( Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា បន្ទាប់​ពី​ឯកឧត្តម​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ។

សម្តេច​រដ្ឋសភាធិបតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍ និង​ពេញ​ចិត្តជា​ខ្លាំង ចំពោះ​លទ្ធផល​នៅ​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម ដែល​បាន​សម្រេច​នូវ​លទ្ធផល​ជា​ច្រើន​នាំ​មក​នូវ​ផលប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា រួមចំណែក​ដល់​តំបន់ និង​សកលលោក​ផង​ដែរ ។

សម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​រ៉ា​ប៊ី​សា​អូឌីត មាន​ភាព​រីក​ចម្រើន​ស្ទើ​លើ​គ្រប់​វិស័យ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។ នៅ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់ ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ ហើយ​ឯកឧត្តម​ប្រធានរដ្ឋសភា អា​រ៉ា​ប៊ី​សា​អូឌីត ក៏​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ​២០២៥ ដែរ ។ សម្ដេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​បញ្ជាក់​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក នា​ពេល​កន្លង​ទៅ​នេះ គឺជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់ តែ​មានការ​រីក​ចម្រើន និង​ជិត​ស្និទ្ធ ហើយ​សម្ដេច​រំពឹង​ថា ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត ដែល​ទាំង​អស់នេះ​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​រីក​ចម្រើន ។

ឯកឧត្តម​ឯកអគ្គរាជទូត​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អរគុណ​ចំពោះ​សម្ដេច​រដ្ឋសភាធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា​នៅ​ពេល​នេះ ។ ឯកឧត្តម​បាន​ជម្រាប​ជូន​សម្តេច​ប្រធានរដ្ឋសភា ពី​លទ្ធផល​ការងារ​ជា​ច្រើន​ដែល​បាន​សម្រេច​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម មូ​ហា​ម៉េ​ដ អ៊ី​សម្មា​អ៊ី​ល អេ​. ដាល​វី ក៏​បាន​បង្ហាញ​ពី​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជាមួយ​ពលរដ្ឋ​កម្ពុជា ដោយ​បាន​គូសបញ្ជាក់​ថា មាន​អនុស្សាវរីយ៍​ដ៏​ច្រើន​ជាមួយនឹង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​កម្ពុជា​និង​អា​រ៉ា​ប៊ី​សា​អូឌីត មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ឈរ​លើ​ស្មារតី​ស្មោះត្រង់ ជឿជាក់ និង​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជា​ច្រើន​ទៀត​ដែល​ត្រូវ​រួម​សហការ​គ្នា​បន្ថែម​ទៀត ដូច​ជា​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​អប់រំ​ជាដើម ។

សម្តេច​ប្រធានរដ្ឋសភា​បាន​សង្កត់ធ្ងន់​ថា ទំនង​ទំនង​រវាង​ប្រជាជន និង​ប្រជាជន គឺជា​កត្តា​សំខាន់​នៅ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ។ អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ច្រក​ទំនាក់ទំនង​ដ៏​សំខាន់ រវាង​អាស៊ី និង​មជ្ឈិមបូព៌ា ។ អា​រ៉ា​ប៊ី​សា​អូឌីត គួរ​មើល​កម្ពុជា​ឱ្យ​ហួស​ពី​កម្ពុជា គឺ​គួរ​សម្លឹង​មើល​កម្ពុជា ក្នុង​ក្រប​ខណ្ឌ​អាស៊ាន និង​ក្នុង​ក្រប​ខណ្ឌ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​ជាទី​ផ្សារ​សេដ្ឋកិច្ច​មួយ​យ៉ាង​ធំ ។

សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​ស្នើ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ជំរុញ​ឱ្យ​មាន​ជើង​ហោះ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ ឯកឧត្តម មូ​ហា​ម៉េ​ដ អ៊ី​សម្មា​អ៊ី​ល អេ​. ដាល​វី គាំទ្រ​ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា ហើយ​បាន​បញ្ជាក់​ថា ទោះបី​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ត្រូវ​បាន​បញ្ចប់​យ៉ាងណា​ក្តី ក៏​ឯកឧត្តម​ខិតខំ​ជំរុញ និង​លើកកម្ពស់ កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​មានការ​រី​ចម្រើន​បន្ត​ទៀត ដោយ​ឯកឧត្ដម​បាន​រំលេច​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​ភាព​រីក​ចម្រើន​ស្រាប់ ជា​ពិសេស​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ អ្នក​វិនិយោគ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​នូវ​ឱកាស​វិនិយោគ​ផ្សេង​ៗ តាម​រយៈ​សភាពាណិជ្ជកម្ម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ