ប្រទេសចិន៖ ភ្នាក់ងារសារពត៌មាន China Daily បានរាយការណ៍មកកាលពីថ្ងៃអាទិត្យ ថា កំណើនពន្ធដែលសហរដ្ឋអាមេរិកបានដាក់លើផលិតផលចិនមិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុន និងអតិថិជនចិនទេ តែក៏ប៉ះពាល់ដល់ភាគីសហរដ្ឋអាមេរិក និងគម្រាមកំហែងដល់ខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់ដែរ ។
លោក Wang Zhijun ដែលជាអនុរដ្ឋមន្ត្រីឧស្សាហកម្មនិងបច្ចេកវិទ្យាពត៌មានបាននិយាយថា «ពួកយើងជំរុញដល់សហរដ្ឋអាមេរិកសាជាថ្មីម្តងទៀតឲ្យបញ្ឈប់ការដាក់សម្ពាធលើក្រុមហ៊ុនចិនដោយមិនសមហេតុសមផល។ ក្រុមហ៊ុនចិនមានសិទ្ធិក្នុងការវិនិយោគ និងដំណើរការក្នុងបរិស្ថានដែលយុត្តិធម៌ក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក»។
ទាក់ទិននឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនពន្ធវិញ លោក Wang បាននិយាយថាផលប៉ះពាល់គឺនៅអាចគ្រប់គ្រងបាន ។
គួរបញ្ជាក់ផងដែរថា ផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារត្រូវជួបនឹងកំណើនពន្ធពីសហរដ្ឋអឫមេរិកនៅថ្ងៃទី ១០ខែឧសភា។ លោក Wang បានបន្តថា ៥០%នៃក្រុមហ៊ុនដែលទទួលរងពន្ធទាំងនេះគឺជាក្រុមហ៊ុនវិនិយោគដោយបរទេសហើយមានក្រុមហ៊ុនជាច្រើនជាក្រុមហ៊ុនអាមេរិកដែលទីផ្សារធំជាងគេគឺសហរដ្ឋអាមេរិកផងដែរ។
Mei Xinyu ដែលជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបាននិយាយកាលពីថ្ងៃអាទិត្យដែរថា កំណើនពន្ធនេះនឹងបង្កការប៉ះពាល់ដល់ទីផ្សារផលិតកម្មបរទេសរបស់ប្រទេសចិន ប៉ុន្តែវានឹងមិនបង្កឲ្យមានការអន់ថយក្នុងវិស័យផលិតកម្មចិនទេ។
សហរដ្ឋអាមេរិកមិនមែនជាទីផ្សារធំដូចពីមុនទេ។ ហើយទីផ្សារធំៗគឺជាទីផ្សារក្នុងស្រុក អ៊ឺរ៉ុប ជប៉ុន និងទីផ្សាបរទេសថ្មីៗទៅវិញ។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនឹងប៉ះពាល់ដល់ទីផ្សារខ្លួនឯងបន្តិចម្តងៗ ។
អ្នកស្រាវជ្រាវខាងលើបានបន្តថា ការហាមឃាត់ក្រុមហ៊ុន Huawei ក្នុងការប្រកបអាជីវកម្មក្នុងសហរដ្ឋអាមេរិក និងការរឹតបន្តឹងលើក្រុមហ៊ុន Hikvision របស់ប្រទេសចិននឹងមិនប៉ះពាល់ដល់ការលូតលាស់នៃវិស័យបច្ចេកវិទ្យាចិនទេ។
Mei បានបន្ថែមថា «HiSilicon របស់ Huawei បានផលិត៧០%នៃឈីបសរុបទូទាំងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមហ៊ុនជប៉ុនទេដែលជាអ្នកផ្គត់ផ្គង់ឈីបធំជាងគេរបស់ Hikvision ហើយបច្ចុប្បន្ននេះអ្នកផ្គត់ផ្គង់ធំជាងគេគឺ HiSilicon» ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ