ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ធុរកិច្ច​ជប៉ុន​២០០​នាក់ ពន្យារពេល​ទស្សនកិច្ច​អាជីវកម្ម​នៅ​កាន់​ប្រទេស​ចិន

1 ម៉ោង មុន

ទីក្រុង​តូ​ក្យូ ៖ គណៈប្រតិភូ​ពាណិជ្ជករ​ជប៉ុន​ចំនួន ២០០ នាក់ បាន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​អាជីវកម្ម​ប្រចាំ​ឆ្នាំទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ភាព​តានតឹង​កំពុង​បន្ត​កើត​មាន​រវាង​ប្រទេស​ទាំង​ពីរ​។ កាសែត South…

ទីក្រុង​តូ​ក្យូ ៖ គណៈប្រតិភូ​ពាណិជ្ជករ​ជប៉ុន​ចំនួន ២០០ នាក់ បាន​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​អាជីវកម្ម​ប្រចាំ​ឆ្នាំទៅ​កាន់​ប្រទេស​ចិន​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មកនេះ ដោយសារ​ភាព​តានតឹង​កំពុង​បន្ត​កើត​មាន​រវាង​ប្រទេស​ទាំង​ពីរ​។

កាសែត South China Morning Post បាន​រាយការណ៍​ថា សមាគម​សេដ្ឋកិច្ច​ជប៉ុន​-​ចិន (JCEA) បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ថា ខ្លួន​កំពុង​ពន្យារពេល​ដំណើរ​ទស្សនកិច្ច​អាជីវកម្ម​រយៈពេល ៤ ថ្ងៃ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង ដោយ​គណៈប្រតិភូ​នៃ​ថ្នាក់ដឹកនាំ​ពាណិជ្ជករ​ជប៉ុន ដែល​គ្រោង​នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​២០ ខែមករា ដោយសារ​តែ​ការ​លំបាក​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​លទ្ធភាព​ទាប​នៃ​ការ​សម្រេច​បាន​លទ្ធផល​វិជ្ជមាន​។ JCEA បាន​ពន្យល់​ទាក់ទង​នឹង​ការ​ពន្យារពេល​នេះ​ថា «​ទោះបីជា​យើង​បាន​ខិតខំ​ធ្វើ​ឱ្យ​ដំណើរ​ទស្សនកិច្ច​កើតឡើង ក្រោម​កាលៈទេសៈ​បច្ចុប្បន្ន​ក៏​ដោយ ក៏​យើង​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ចិន ពិសេស​កិច្ចប្រជុំ​កម្រិត​ខ្ពស់​»​។

យោង​តាម​របាយការណ៍ គណៈប្រតិភូ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រួម​បញ្ចូល​នាយក​ប្រតិបត្តិ​មក​ពី​ក្រុមហ៊ុន Mitsubishi និង Panasonic រួម​ជាមួយ​តំណាង​មក​ពី​ក្រុម​អ្នកតស៊ូ​មតិ​អាជីវកម្ម​ធំ​ៗ​ចំនួន ៣ រួម​មាន សហព័ន្ធ​ពាណិជ្ជកម្ម​ជប៉ុន​, សមាគម​សេដ្ឋកិច្ច​ជប៉ុន​-​ចិន និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន​។ បើ​តាម​សេចក្តី​ព្រាង​កាលវិភាគ​បង្ហាញ​ថា គណៈប្រតិភូ​ជប៉ុន​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) និង​នាយក​រដ្ឋមន្ត្រី លី ឈាំ​ង (Li Qiang)​។

ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េ​កាំ​ង គឺជា​ដំណើរ​ទស្សនកិច្ច​ប្រចាំឆ្នាំ​របស់​គណៈប្រតិភូ​ពាណិជ្ជករ​ជប៉ុន​មាន​តាំងពី​ឆ្នាំ ១៩៧៥ ដែល​ត្រូវ​បាន​រំខាន​ដោយ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​នៅ​ឆ្នាំ ២០១២ នៅ​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​យ៉ាប់យ៉ឺន បន្ទាប់​ពី​ជម្លោះ​លើ​កោះ​សេន​កា​គុ (Senkaku) ជា​ភាសា​ជប៉ុន ឬ កោះ​តា​វ​យូ (Diaoyu) ជា​ភាសា​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត​។

យ៉ាងណាមិញ នៅ​ឆ្នាំ ២០២៦ ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​នេះ ត្រូវ​បាន​ពន្យារពេល ដោយសារ​ការ​ឡើងក​ម្តៅ​ការទូត​រវាង​ចិន និង​ជប៉ុន ដែល​កើត​ចេញពី​ការ​លើក​ឡើង​របស់​នាយក​មន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៥ លោកស្រី​បាន​ថ្លែង​ថា ករណី​មានការ​វាយប្រហារ​លើ​កោះ​តៃវ៉ាន់ ប្រទេស​ជប៉ុន​អាច​ពិចារណា​ដាក់​ពង្រាយ​កងកម្លាំង​ការពារ ប្រសិនបើ​ជម្លោះ​បែប​នេះ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឱ្យ​ចិន​ក្តៅ​សន្លឹក​ត្រចៀក​យ៉ាង​ខ្លាំង​។

សូម​ជម្រាប​ថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​ប្រទេស​ជប៉ុន ដែល​មាន​ចំនួន​ប្រហែល ២០% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ជប៉ុន​ក្នុង​ឆ្នាំ​២០២៤៕ ដកស្រង់ ៖ South China Morning Post និង Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ