តូក្យូ៖ភ្នាក់ងារសារព័ត៌មាន Bangkok Post បានរាយការណ៍មកកាលពីថ្ងៃសៅរ៍ កន្លងមកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានជំរុញដល់អ្នកដឹកនាំអាជីវកម្មជប៉ុនឲ្យបង្កើនការវិនិយោគក្នុងសហរដ្ឋអាមេរិក និងបានបន្ថែមថា ប្រទេសជប៉ុនមានអតិរេកពាណិជ្ជកម្មយ៉ាងច្រើនហើយអ្នកចរចាកំពុងតែចង់ធ្វើឲ្យវាមានសមភាព ។
លោកប្រធានាធិបតី ត្រាំ បានទៅដល់ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ ដើម្បីអបអរទំនាក់ទំនងដ៏រឹងមាំជាមួយនឹងជប៉ុនបើទោះជាមានភាពតានតឹងពាណិជ្ជកម្មពិតមែនក្តី ។ លោកបានប្រាប់ដល់ក្រុមនាយកក្រុមហ៊ុនធំៗមួយថា ពេលនេះជាពេលវេលាដ៏ល្អបំផុតក្នុងការវិនិយោគក្នុងសហរដ្ឋអាមេរិក ។ លោកបានបន្តថា លោកសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាវិសមភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងជប៉ុន ព្រមទាំងធានាដល់ភាពយុត្តិធម៌ និងភាពទៅវិញទៅមកថែមទៀត ។

លោកនាយករដ្ឋមន្ត្រី Shinzo Abe និងលោកប្រធានាធិបតី ត្រាំ មានទំនាក់ទំនងយ៉ាងកក់ក្តៅដោយអ្នកដឹកនាំជប៉ុនរូបនេះមានគោលដៅលើកបញ្ជាក់សាជាថ្មី ខណៈដែលសហរដ្ឋអាមេរិកពិចារណាលើការដាក់ពន្ធលើយានយន្តនាំចូលពីប្រទេសជប៉ុន ។
សហរដ្ឋអាមេរិកកំពុងតែស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិនដែរដើម្បីប្រឆាំងនឹងភាពអយុត្តិធម៌ដែលប្រទេសចិនធ្វើទៅលើក្រុមហ៊ុនអាមេរិក ហើយភាពតានតឹងជាមួយនឹងជប៉ុន និងសហភាពអ៊ឺរ៉ុបក៏នៅតែបន្តកើតមានឡើងដែរ ។
ប្រធានតំណាងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរក៏បានជួបគ្នាកាលពីថ្ងៃសៅរ៍ ផងដែរដើម្បីបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ។ ប៉ុន្តែការចរចាដំណាក់កាលចុងក្រោយរវាងលោក Toshimitsu Motegi ដែលជារដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជប៉ុន និងលោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មអាមេរិកប្រហែលជាមិនអាចមានលទ្ធផលល្អទេព្រោះប្រទេសទាំងពីរនៅតែមានការខ្វែងគំនិតគ្នាទាក់ទិននឹងពន្ធលើកសិផល និងផលិតផលឧស្សាហកម្ម ៕
កែសម្រួលដោយ ៖ សំណាង
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ