រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបានបើកឡើងស្ពានព្រះមុនីវង្សចាស់ ក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងន័រយ៉ាងពេញទំហឹង បន្ទាប់ពីកើតហេតុមានបងប្អូនប្រជាពលរដ្ឋបានហាមអ្នកបើកបររថយន្តម៉ាកកាមរីបាឡែនមិនឱ្យបញ្ឆេះម៉ាស៊ីនរថយន្តដែរ តែអ្នកបើកបររថយន្តម៉ាកកាមរីបាឡែននៅតែរឹងទទឹង បណ្តាលអោយរថយន្តម៉ាកកាមរីបាឡែនឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅផ្អើលរថយន្តពន្លត់អគ្គីយភ័យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅលើស្ពានព្រះមុនីវង្សចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្តមួយគ្រឿងខាងលើដែលត្រូវភ្លើងឆាបឆេះម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AM-៣៨៣០ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ចូលទៅក្រុងភ្នំពេញក្នុងល្បឿនលឿន ព្រមទាំងស្រវឹង ផងដែរ រួចក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តម៉ាកកាមរីបាឡែនរងការខូចខាតខ្ទេចផ្នែកខាងមុខ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកអ្នកបើកបរនោះទេ ។ ភ្លាមៗនោះដែរ រថយន្តកុងន័រក៏បន្ថែមល្បឿនបើកទៅមុខជាបន្តទៀតបាត់ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីរថយន្តកុងតឺន័របើកទៅមុខបាត់ហើយ អ្នកបើកបររថយន្តកាមរីបាឡែនបានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹងមកមើលរថយន្តរបស់ខ្លួន ហើយក៏ចូលទៅក្នុងរថយន្តវិញរួចកាច់សោបញ្ឆេះម៉ាស៊ីនរថយន្ត ទោះបីជាមានបងប្អូនប្រជាពលរដ្ឋហាមមិនអោយបញ្ឆេះក៏ដោយ ក៏បុរសជាអ្នកបើកបរនៅតែរឹងទទឹងកាច់សោបញ្ឆេះម៉ាស៊ីនរថយន្តដដែល ទើបបណ្ដាលរថយន្តឆ្លងចរន្តឆេះបង្កជាផ្កាភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង លុះពេលឃើញសភាពបែបនេះ អ្នកបើកបរម៉ាកកាមរីបាឡែនបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។

តាមប្រភពដដែលបានបន្តទៀតថា បន្តិចក្រោយមក គេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងទំនាក់ទំនងហៅខាងរថយន្តពន្លត់អគី្គភ័យរបស់ស្នងការរាជធានីភ្នំពេញមកដល់មួយគ្រឿង បានធ្វើការបាញ់ពន្លត់អស់ទឹក១រថយន្ត ទើបភ្លើងរលត់អស់ទៅវិញ ចំណែករថយន្តម៉ាកកាមរីបាឡែននៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ រថយន្តកាមរីបាឡែនដែលនៅសល់តែគ្រោងឆ្អឹងនោះ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុករថយន្តនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់ មកទទួលយក ៕ (កែសម្រួលដោយ ៖ ធីតា)








ចែករំលែកព័តមាននេះ