អូស្ត្រាលី៖ សេចក្តីរាយការណ៍មួយរបស់ The Sydney Morning Herald បានឲ្យដឹង ថាទីផ្សារអចលនទ្រព្យអូស្ត្រាលីមានមូលហេតុចំនួន ៨០,០០០មូលហេតុដែលមិនអាចធ្វើឲ្យវាងើបឡើងវិញបាន។ ចំនួននេះគឺជាចំនួនអាផាតមិនដែលត្រូវបានសម្រេចការសាងសង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក្នុងទីក្រុង Sydney ខណៈដែល Melbourne និង Brisbane ក៏មានចំនួនប្រហាក់ប្រហែលគ្នាដែរ។
ការផ្គត់ផ្គង់លើសលប់នេះកើតមានឡើងខណៈដែលអត្រាអតិផរណាមានភាពទន់ខ្សោយ ហើយការចំណាយរបស់អតិថិជនក្នុងសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះ ។ តម្លៃផ្ទះទូទាំងប្រទេសបានធ្លាក់ចុះជាមធ្យម ៨% បើធៀបនឹងឆ្នាំ ២០១៧ មក ហើយតម្លៃផ្ទះក្នុងទីក្រុង Sydney វិញបានធ្លាក់ចុះដល់ទៅ ១៤% ។
Sally Auld ដែលជាអ្នកយុទ្ធសាស្ត្រផ្នែកអត្រាការប្រាក់នៅ JPMorgan Chase & Co បានឲ្យដឹងថាបញ្ហាគឺការអន់ថយនៃទីផ្សារការងារ ។ លោកបានបន្តថា «វាមានន័យថាកំណើនប្រាក់ចំណូលនឹងមានការធ្លាក់ចុះ ហើយវាក៏បង្កឲ្យមានការបង្ខំលក់ផ្ទះក្នុងទីផ្សារដែរ»។
ការទិញលក់អចលនទ្រព្យក្នុងប្រទេសអូស្ត្រាលីបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីធនាគាររឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់អតិថិជនទិញផ្ទះ ជាពិសេសសម្រាប់ការវិនិយោគដែលមានហានិភ័យខ្ពស់។ ធនាគារមានភាពស្ទាក់ស្ទើរក្នុងការបង្កើនការផ្តល់ប្រាក់កម្ចីបើទោះជាតម្រូវការកើនឡើង ឬអត្រាការប្រាក់ធ្លាក់ចុះពិតមែនក្តី។
យ៉ាងណាក្តី ការដែលរដ្ឋាភិបាលលោក Scott Morrison បានឈ្នះការបោះឆ្នោតសាជាថ្មីអាចនឹងជំរុញដល់ជំនឿចិត្តក្នុងទីផ្សារបន្តិច ព្រោះវិនិយោគិនក្នុងទីផ្សារបានគិតថារដ្ឋាភិបាលថ្មីអាចនឹងលុបបំបាត់រាល់ការអនុគ្រោះពន្ធដែលពួកគេកំពុងមាន។
សកម្មភាពសារសង់វិញដែលជំរុញដល់ផលិតផលក្នុងស្រុបសរុបបានធ្លាក់ចុះយ៉ាងខ្លាំងទៅហើយព្រោះក្រុមហ៊ុនអចលនទ្រព្យកាត់បន្ថយគម្រោងខណៈដែលមានអាផាតមិនលើសលប់ត្រូវបានដាក់លក់លើទីផ្សារ។ ក្នុងតំបន់ Wentworth Point មានអាផាតមិន ៣ពាន់យូនីតទៅហើយដែលត្រូវបានគ្រោងទុក ឬសម្រេចការសាងសង់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ