ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​៣​ករណីក្នុង​ថ្ងៃ​តែ​មួយ ស្លា.ប់ របួស និង​ខូចខាត​ផ្ទះ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ភ្លៀង​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​៣​ករណី បណ្តាល​ស្លាប់​មនុស្ស​ម្នាក់ និង​មនុស្ស​ម្នាក់​ទៀត​របួសធ្ងន់ ព្រមទាំង​ខូចខាត​ផ្ទះ​អស់​ចំនួន​២​ខ្នង ។ ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៣ ខែឧសភា…

ខេត្តកំពង់ធំ ៖ ភ្លៀង​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​៣​ករណី បណ្តាល​ស្លាប់​មនុស្ស​ម្នាក់ និង​មនុស្ស​ម្នាក់​ទៀត​របួសធ្ងន់ ព្រមទាំង​ខូចខាត​ផ្ទះ​អស់​ចំនួន​២​ខ្នង ។

ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ មាន​ករណី​រន្ទះបាញ់ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ស្ថិត​នៅ​ភូមិ​ព្នៅ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សោម សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ​ចេញ​ទៅ​ឃ្វាលគោ​នៅ​ឯ​វាលស្រែ ក៏​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​នាំ​គ្នា​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ករណី​ទី​២-​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ២៣ ខែឧសភា ឆ្នាំ​២០១៩ មាន​ករណី​រន្ទះបាញ់ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស ធ្ងន់​ស្ថិត​នៅ​តំបន់​ទំនប់​តា​អឿ​ន ភូមិ​សា​គ្រាម​ត្បូង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ។

ជន​រង​គ្រោះ​ឈ្មោះ ធូ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ភ្ជួរស្រែ ស្រប​ពេល​មេឃ​កំពុង​ភ្លៀង ស្រាប់តែ​មាន​រន្ទះបាញ់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​តែ​ម្តង ។

ករណី​ទី​៣-​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា មាន​ករណី​ខ្យល់​កន្ត្រាក់​កើតឡើង​នៅ​ភូមិ​ត្នោត​ជុំ​២ ឃុំ​ត្នោត​ជុំ ស្រុក​បារាយណ៍ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​រង​ការ​ខូចខាត ។

ផ្ទះ​១​ខ្នង​មាន​ម្ចាស់​ឈ្មោះ ហ៊ឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ា​ន់ ឡៃ​ហៀ​ង អាយុ​២៧​ឆ្នាំ ផ្ទះ​មាន​ទំហំ​៤​ម៉ែត្រ​x៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ដំបូល​ប្រក់​ស័ង្កសី បាន​រង​ការ​ខូចខាត​របើក​ដំបូល​អស់ទាំង​ស្រុង ។ ចំណែក​ផ្ទះ​១​ខ្នង​ទៀត​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សាំង ឃី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ឺ​ម ហូ អាយុ​៣៨​ឆ្នាំ ផ្ទះ​មាន​ទំហំ​៧​ម៉ែត្រ​x៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ជញ្ជាំង​ក្តារ ដំបូល​ប្រក់​ក្បឿង រង​ការ​ខូចខាត​របើក​ដំបូល​ប្រហែល​៥០% ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ