ទាល់តែ​ជិះ​បុក​រថយន្ត BMW ខ្ទេច​មុខ បែកធ្លាយ​ថា​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ទើប​តែ​លួច​​មុន​នេះ​បន្តិច (មានវីដេអូ​)


រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក BMW ក្រ​ពិត​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយសារ​តែ​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និក​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង ហើយ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ និង​រាយការណ៍​ពី​ភិនភាគ​ម៉ូតូ​បង្ក​ខាងលើ ស្រប​ពេល​នោះ​មាន​នារី​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ថា​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ ទើប​ដឹង​ថា បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ខាងលើ គឺជា​ជនសង្ស័យ​ដែល​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​នារី​រង​គ្រោះ​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ហើយ​បើក​ម៉ូតូ​គេចខ្លួន រួច​ក៏​បុក​ចំ​ពីមុខ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥ នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១០៥ (​តាម​ប​ណ្តោ​តមាត់​ប្រឡាយ បឹង​ត្របែក​) ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក BMW ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-០០៨៨ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​កំពុង​បើក​ដឹក​កូន​មេ​របស់​ខ្លួន ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ស្រប​មាត់​ប្រឡាយ​បឹង​ត្របែក ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​រថយន្ត​ម៉ាក BMW បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និក ព៌​ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GI-៥៩២១ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បញ្ច្រាសទិស​គ្នា ក៏​ទៅ​បុក​រថយន្ត BMW ចំ​ខាង​មុខ​ផ្នែក​ឆ្វេង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​ក្រ​ពិត​ផ្នែក​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយនឹង​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខាងលើ ហើយ​ភាគី​ខាង​ម៉ូតូ​រត់គេច​ខ្លួន​ទៀត​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើ​សេចក្តីរាយការណ៍​ប្រាប់​ថ្នាក់លើ​តាម​វិទ្យុទាក់ទង និង​រៀបរាប់​ប្រាប់​ពី​ភិនភាគ​ម៉ូតូ​បង្ក​ផង​ដែរ​។

ស្រប​ពេល​ដែរ ក៏​មាន​នារី​ជា​បុគ្គលិក​លក់​ខោអាវ​រង​គ្រោះ​ម្នាក់​កំពុង​តែ​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និក របស់​នារី​រង​គ្រោះ ត្រូវ​បាន​ជនសង្ស័យ​លួច​កាច់ក​នៅ​ពី​ខាង​មុខ​ហាង​លក់​ខោអាវ​ជជុះ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ផ្លូវ​៤៥៤ ក្បែរ​ផ្សារ​ទួល​ទំពូង យក​ទៅ​បាត់​មុន​នេះ ។

លុះ​ពេល​នារី​រង​គ្រោះ​ទៅ​មើល​នៅ​កន្លែង​កើតហេតុ​ទើប​ដឹង​ថា​ជា​ម៉ូតូ​របស់​នាង​ដែល​បាន​បាត់​ពិតប្រាកដ​មែន ហើយ​ម៉ូតូ​នោះ​ក៏​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​យក​ម៉ូតូ​ម៉ាក​មួយ​គ្រឿង​ម៉ាក​និក​ដែល​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កាច់ក​ខាងលើ​នោះ​យក​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​១ ជា​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ និង​ប្រគល់​ទៅ​អោយ​នារី​រង​គ្រោះជា​ម្ចាស់​វិញ​ចំណែក​ភាគី​ខាង​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ម៉ាក BMW ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជនសង្ស័យ​ដែល​ធ្វើ​អោយ​រថយន្ត​របស់​គាត់​រង​ការ​ខូចខាត​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ