មនុស្ស​៤​នាក់​ដណ្ដើម​គ្នា​ជា​ម្ចាស់​រថយន្ត​ស៊េរី​ទំនើ​១​គ្រឿង ផ្អើល​មុខ​ព្រ​លាន (មានវីដេអូ​)


រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង ខណៈ​ពេល​ដែល​បុរស​ម្នាក់​កំពុង​តែ​បើកបរ​តាម​ផ្លូវ​សុខ​ៗ ស្រាប់តែ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​ស្ទាក់​ឃាត់​ឲ្យ​ឈប់ រួច​ដណ្ដើម​គ្នា​យក​រថយន្ត​នោះ ដោយ​ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​អះអាង​ថា​ជា​ម្ចាស់​រថយន្ត​នោះ​រៀង​ៗ​ខ្លួន​ថែម​ទៀត​ផង​។

ខណៈនោះ​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក និង​ស្ទើរតែ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ទៅ​ហើយ ​ព្រមទាំង​​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំ​នៅ​តាម​ដងផ្លូវ ចំណែក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចេញ​អន្តរាគមន៍​ទប់ស្កាត់ កុំឱ្យ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង ព្រមទាំង​នាំ​អ្នក​ទាំង​៤​ទៅ​ធ្វើការ​សាកសួរ​ភ្លាម​ៗ ទើប​ដឹង​ថា​អ្នក​ទាំង​៤​នោះ​សុទ្ធតែ​ជា​អ្នក​ចាញ់បោក​ក្រុមហ៊ុន ណំ ហម និង សេង ហួត ដែល​ជា​ក្រុមហ៊ុន​មាន​ថៅកែ​តែ​មួយ រកស៊ី​ជួល លក់​និង​ទិញ​រថយន្ត​បង់​រំលស់​។

ហេតុការណ៍​ខាងលើ​នោះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២P-៦២១០ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហៀ​ង វី​រៈ អាយុ​៣៧ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​ដែល​ចេញ​មុខ​មក​ដណ្ដើម​រថយន្ត​គ្នា​នោះ​ខាងលើ​គឺ​សុទ្ធតែ​ជា​ជន​រង​គ្រោះ​ចាញ់បោក​ក្រុមហ៊ុន ណំ ហម និង​សេង ហួត ដែល​ជា​ក្រុមហ៊ុន​ដែល​មាន​ថៅកែ​តែ​មួយ រកស៊ី​ជួល លក់​និង​ទិញ​រថយន្ត​បង់​រំលស់ ហើយ​ក្រុមហ៊ុន​មួយ​នេះ​រកស៊ី​ធ្វើ​នំ​អត់​ម្សៅ ដែល​ល្បី​ខាង​ឆបោក​លុយរាប់​សិប​ម៉ឺន​ដុល្លារ​ពី​អតិថិជន ក្នុង​នោះ​មាន​អ្នក​ចាញ់បោក​រាប់រយ​នាក់​រួច​មក​ហើយ ចំពោះ​អ្នក​ដែល​បាន​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​មួយ​នេះ​ខាតបង់​ប្រាក់​ឥតប្រយោជន៍​មិន​ដែល​បាន​រថយន្ត​ប្រើ​ឡើយ​។

មិនតែប៉ុណ្ណោះ ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​ជា​មន្ត្រី​យោធា​ហើយ​ត្រូវ​ចាប់ខ្លួន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ និង​កំពុង​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង​។ ដោយឡែក​រថយន្ត​១​គ្រឿង​ខាងលើ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​នោះ​យក​ទៅ​លក់​ឲ្យ​អ្នក​ទាំង​៤​នាក់​ពី​មួយ​ទៅ​មួយ ទើប​ទីបំផុត​មានរឿង​បែប​នេះ​កើតឡើង​តែ​ម្ដង​។

តាម​ប្រភព​ពី​ស្ត្រី​ចំណាស់​ម្នាក់​បាន​និយាយ​ថា គាត់​គឺជា​ម្ចាស់​រថយន្ត​នេះ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ជួល លក់ និង​ទិញ​រថយន្ត​បង់​រំលស់ «​ណំ ហម » នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជួល​ពី​អ្នកស្រី​កាលពី​ពេល​កន្លង​មកនេះ ប៉ុន្តែ​ក្រោយ​ពេល​ជួល​រួច ស្រាប់តែ​បាត់​រថយន្ត​រក​មិនឃើញ​ឡើយ ដោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​យក​រថយន្ត​របស់​អ្នកស្រី​ទៅ​លក់​បង់​រំលស់​ឲ្យ​អ្នក​ផ្សេង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​បាន​ព្យាយាម​ទាក់ទង​សួរនាំ​ទៅ​ខាង​ក្រុមហ៊ុន​ដែរ ប៉ុន្តែ​ទាក់ទង​មិន​បាន​សោះ រហូត​ក្រោយមក​ឮដំណឹង​ថា ជន​ឆបោក​ឈ្មោះ​សេង សុភ​គ៌ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​រឿង​ឆបោក​ប្រាក់​ពី​អតិថិជន​រាប់​សិប​ម៉ឺន​ដុល្លារ ។ តែ​ទោះជា​បែប​នេះ​ក្ដី គាត់​នៅ​តែ​តាម​រក​រថយន្ត​ដដែល លុះដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​បុរស​ម្នាក់​បើកបរ​ទើប​ឃាត់​សួរនាំ ហើយ​ក៏​លេចមុខ​មនុស្ស​២​នាក់​ទៀត​ទៅ​អះអាង​ថា​ជា​រថយន្ត​របស់​ខ្លួន​ដែរ​។

ដោយឡែក​បុរស​២​នាក់​ទៀត​បាន​អះអាង​ដូច​ៗ​គ្នា​ថា​ពួក​គាត់​គឺជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស RX330 មួយ​គ្រឿង​នោះ​ដែរ ដោយ​ពួក​គាត់​បាន​ទិញ​បង់​រំលស់​ពី​ក្រុមហ៊ុន ណំ ហម និង​សេង ហួត ដែល​មាន​លោក​អគ្គនាយក​ឈ្មោះ សេង សុភ​គ៌ មា​នទី​តាំងនៅ ផ្ទះ​ជួល​៦២៧ តាម​ផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ នោះ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​នោះ​ពួក​គាត់​ម្នាក់​ៗ​បង់​រំលស់​មុន​១​ម៉ឺន​ដុល្លា​ទៅ​ហើយ ប៉ុន្តែ​បានឃើញ​រថយន្ត​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ប្រាប់​ថា​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​ប្រព័ន្ធ​GPS រួច​ក៏​យក​ទៅ​បាត់​រហូត​តែ​ម្ដង ទើបតែ​ពេល​នេះ​ប្រទះ​ឃើញ​រថយន្ត​ត្រូវ​ម្ចាស់​ផ្សេង​បើក​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ហៅ​អ្នក​ទាំង​៤​នាក់​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​ដោះស្រាយ​គ្នា ហើយ​ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់​ឯកសារ​ឃើញ​ឈ្មោះ ហៀ​ង វី​រៈ អាយុ​៣៧ មាន​ទីលំនៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ មាន​ឯកសារ​ពាក្យបណ្តឹង​ដែល​បាន​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​សុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​រថយន្ត ព្រមទាំង​មាន​ដីកា​សម្រេច​ពី​តុលាការ សុំ​ប្រើប្រាស់​រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ ទើប​នគរបាល​សម្រេច​ប្រគល់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 នេះ​ទៅ​ឲ្យ​ឈ្មោះ​ហៀ​ង វី​រៈ ប្រើប្រាស់​ជា​បន្ត​ទៀត​ដើម្បី​បញ្ចប់រឿង ចំណែក​បុរស២នាក់​ និង​ស្ត្រី​​ម្នាក់​​ដែល​អះអាង​ថា​ជា​ម្ចាស់​ដែរ មិន​សុខចិត្ត​យ៉ាងណា​នោះ​សូម​តវ៉ា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ទៀត​ចុះ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ