ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រាថ្នា​សម្បត្តិ​មនុស្ស​ទេវតា​មិន​ទាន់​អស់​ទុក្ខ​ទេ

4 ឆ្នាំ មុន

តាម​ធម្មតា​​បុថុជ្ជន​ធ្វើបុណ្យ​ដាក់​ទាន​តែង​ប្រាថ្នា​សម្បត្តិ​សុខ សម្បត្តិ​សួគ៌ រូបសម្បត្តិ លាភ យស បរិវារ​មក​ជា​អារម្មណ៍ ។​ចំណែក​ព្រះ​ពោធិសត្វ​ខុស​អំពី​មនុស្ស​ទូទៅ​ត្រង់​ចេតនា​របស់​លោក​ជឿជាក់​ច្បាស់​ទៅ​លើ​ផល​នៃ​ទាន ហើយ​លះ​អ្វីមួយ​ជា​ទាន​ប្រាថ្នា​តែ​មួយ​គត់​គឺ​យក​ព្រះ​និព្វាន​ជា​អារម្មណ៍ ដែល​ជាទី​រំលត់ទុក្ខ​ទាំងពួង ជា​ឯកន្តបរមសុខ…

តាម​ធម្មតា​​បុថុជ្ជន​ធ្វើបុណ្យ​ដាក់​ទាន​តែង​ប្រាថ្នា​សម្បត្តិ​សុខ សម្បត្តិ​សួគ៌ រូបសម្បត្តិ លាភ យស បរិវារ​មក​ជា​អារម្មណ៍ ។​ចំណែក​ព្រះ​ពោធិសត្វ​ខុស​អំពី​មនុស្ស​ទូទៅ​ត្រង់​ចេតនា​របស់​លោក​ជឿជាក់​ច្បាស់​ទៅ​លើ​ផល​នៃ​ទាន ហើយ​លះ​អ្វីមួយ​ជា​ទាន​ប្រាថ្នា​តែ​មួយ​គត់​គឺ​យក​ព្រះ​និព្វាន​ជា​អារម្មណ៍ ដែល​ជាទី​រំលត់ទុក្ខ​ទាំងពួង ជា​ឯកន្តបរមសុខ ឯ​សម្បត្តិ​មនុស្ស​ទេវតា​ទោះជា​បាន​សុខ​យ៉ាងណា​ក៏​នៅ​មិន​អស់​មិន​ហើយ គឺ​នៅ​តែ​មានទុក្ខ​ដដែល ។

តាម​ដំណើរ​របស់​ព្រះ​ពោធិសត្វ​ដែល​ជា​តួអង្គ​ព្រះពុទ្ធ ការ​សាង​បារមី​របស់​លោក​ដោយ​ទានបារមី​គឺ​មហា​អស្ចារ្យ​ណាស់ ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​ដូច​លោក​បាន​ឡើយ​ដូច​ជា ការ​ឱ្យ​ជីវិត​ជា​ទាន ឱ្យ​ប្រពន្ធ​កូន​ជា​ទាន លះ​ទ្រព្យសម្បត្តិ​មហាសាល​ធ្វើ​ទាន​ជាដើម ។

ទាន​ទាំង​អស់នេះ​គឺ​លោក​ផ្គង​ចិត្ត​តែ​ម្យ៉ាង​គត់ យក​ព្រះ​និព្វាន​ជា​អារម្មណ៍ លោក​មិន​ប្រាថ្នា​សុខ​ក្នុង​ឋាន​ទេវលោក ឬ​មនុស្សលោក​នោះ​ទេ ព្រោះ​សុខ​ទាំង​អស់នេះ​ជា​សុខ​ក្លែងក្លាយ សុខ​លាយ​ទៅ​ដោយ​សេចក្តី​ទុក្ខ ទីបំផុត​ក៏​វិល​រក​សេចក្តី​ទុក្ខ​វិញ​ដដែល ។

ចំណែក​សាមញ្ញ​ជន​ធ្វើ​ទាន​ប្រាថ្នា​សេចក្តីសុខ​ទាំង​ពីរ​គឺ សុខ​ក្នុង​ជាតិ​នេះ និង​សុខ​ក្នុង​បរលោក​។ ទាន​របស់​បុថុជ្ជន​ជាប់​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ដូច ប្រាថ្នា​ឱ្យ​មាន​រូប​ស្អាត ប្រាថ្នា​ឱ្យ​ខ្លួន​មានទ្រព្យ​ច្រើន កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ប្រាថ្នា​ឱ្យ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​ជាដើម​។

សុខ​ក្នុង​សេចក្តី​ប្រាថ្នា​ទាំង​អស់នេះ​ជា​សុខ​មិន​អស់​មិន​ហើយ សុខ​ជាប់​ទៅ​ដោយ​សេចក្តី​ទុក្ខ​ច្រើន​ជាង​សុខ ដែល​លោក​ហៅ​ថា សាមី​ស​សុខ សុខ​ជាប់​ទៅ​ដោយ​គ្រឿង​សៅហ្មង ។

ដូចនេះ​ក​មាន​តែ​សុខ​ក្នុង​ព្រះ​និព្វាន​តែ​មួយ​គត់​ទើប​ជា​សុខ​ពិតប្រាកដ ជា​សុខ​មិន​លាយឡំ​ទៅ​ដោយ​សេចក្តី​ទុក្ខ ហេតុនេះ​ការ​ធ្វើ​ទាន​តិច​ក្តី ច្រើន​ក្តី​គប្បី​ផ្គង់​ចិត្ត​តាំង​ចេតនា​ឱ្យ​មុតមាំ​យក​ព្រះ​និព្វាន​ជា​អារម្មណ៍ កុំ​ប្រាថ្នា​យកសុខ​ក្នុង​លោក​នេះ ឬ​បរលោក​ជា​សុខ​មិន​អស់​មិន​ហើយ​ទេ ។