វិនិយោគិន​ហាក់​មិនសូវ​ខ្វល់​ពី​ការ​ព្រមាន​របស់​ធនាគារពិភពលោក ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​កំពុង​ឡើង​ប៉ោង​ខ្លាំង


រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​ប្រចាំ​កម្ពុជា (World Bank) កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ព្រមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង ដោយ​ធនាគារ​លំដាប់​អន្តរជាតិ​មួយ​នេះ រម្លឹក​ដល់​កម្ពុជា​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ដល់​កម្ចី​ឥណទាន ដល់​វិស័យ​អចលនទ្រព្យ ស្រប​ពេល​វិស័យ​នេះ​កំពុង​សន្ទុះ​ងើប​ខ្លាំង ដោយសារ​តែ​នៅ​លើ​ពិភពលោក​នេះ គ្រប់​ប្រទេស​ទាំងអស់​តែងតែមាន​វ​ដ្ដិ៍​នៃ​វិបត្តិ​អចលនទ្រព្យ ។ យ៉ាងណា​ក៏​ដោយ វិនិយោគិន​និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ ហាក់​មិន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​ការ​ព្រមាន​នេះ​ឡើយ ដោយ​អះអាង ៥​ឆ្នាំ ទៀត​អចលនទ្រព្យ នៅ​តែ​បន្ត​មាន​សុខភាព​ល្អ​ប្រសើរ​ដដែល ។

លោក​ខន គង្គា អគ្គនាយក​ក្រុមហ៊ុន ERA Cambodia ដែល​ជា​ភ្នាក់ងារ​លក់​គម្រោង​ថ្មី​មួយ​ក្រោម​ការ​វិនិយោគ​របស់​ហុងកុង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៦ ខែឧសភា ម្សិលមិញ​នេះ​ថា លោក​មិន​មានការ​ព្រួយបារម្ភ​ចំពោះ​ហានិភ័យ​នៃ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​លោក​រហូត​មក​ដល់​ពេល​នេះ មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​និន្នាការ​ធ្លាក់​ចុះ​នៃ​វិស័យ​មួយ​នេះ​ឡើយ ពោល​ទាំង​អ្នក​វិនិយោគ​ក្នុង​ប្រទេស និង​អ្នក​វិនិយោគ​ក្រៅប្រទេស នៅ​តែ​បន្ត​ដាក់​ទុន​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ ជាក់ស្ដែង គម្រោង​របស់​វិនិយោគិន​ហុងកុង​មួយ​ដែល​បោះទុន​រាប់​ពាន់​លាន​បាន​ចូល​មក​កម្ពុជា និង​បាន​ប្រកាស​លក់​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់​។

លោក​បាន​បន្ត​ថា «​សម្រាប់​ការ​ព្រមាន ឬ​ការ​ព្រួយបារម្ភ​របស់​ធនាគារពិភពលោក លើ​ការ​ផ្ដល់​កម្ចី​ឥណទាន ដល់ វិស័យ​អចលនទ្រព្យ យើង​មិន​មានការ​ព្រួយបារម្ភ​ឡើយ​» ។ លោក​បាន​បន្ត​ថា ក្នុង​នោះ គម្រោង​ដែល​ក្រុមហ៊ុន ERA បាន​លក់​ជូន​អតិថិជន បាន​ផ្ដល់​កម្ចី​ដល់​អតិថិជន​រហូត​ដល់ ៥០​ភាគរយ​ឯណោះ ហើយ​យើង​បាន​គិត​ថា ទំហំ​ឥណទាន​នេះ អតិថិជន​យើង​ប្រាកដជា​មាន​លទ្ធភាព​បង់​ត្រលប់​មក​ក្រុមហ៊ុន​វិញ ខណៈ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​ផ្ដល់​កម្ចី​ទៅ​អតិថិជន​ក្នុង​វិស័យ​អចលនទ្រព្យ​រហូត​ដល់​១០០​ភាគរយ​ឯណោះ ។

លោក Ben Li នាយក​គ្រប់គ្រង​គម្រោង​វិនិយោគ Urban Village (​អឺ​ប៊ឺ​ន វី​លិ​ជ ) បាន​ឲ្យ​ដឹងផង​ដែរ​ថា «​ខ្ញុំ​បាន​មើលឃើញ​ថា​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​នៅ​តែ​មាន​សក្ដា នុពល​សម្រាប់​ពួក​យើង ដែល​ត្រូវ​បោះទុន​គម្រោង​នេះ នៅ​កម្ពុជា ជាក់ស្ដែង​យើង​បាន​ត្រៀម​ទុន​សរុប​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ នៅ​កម្ពុជា និង​ផ្ដល់​នូវ​ភាព​ស៊ី​វិ​ល័យ ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ លោក​បន្ត​ថា​ដោយ​ជំនឿ​ជាក់​ថា លោក​មិន​បារ​ម្ម​ណ៍​ការ​ព្រមាន​របស់ World Bank គឺ​ដោយសារ​តែ​គម្រោង​ខុន​ដូ របស់​ខ្លួន​ជា​ច្រើន​ទទួល​បាន​ជោគជ័យ ដូច្នេះ​យើង​ជឿជាក់​លើ​ស្ថានភាព​សេដ្ឋកិច្ច កម្ពុជា និង​អាច​ទាក់ទាញ​វិនិយោគិន​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត មក​បណ្ដាក់ទុន ក្នុង​ពេល​ឱកាស​វិនិយោគ​កាន់តែ​ខ្ពស់​នេះ ។
ចំណែក លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​អចលនវត្ថុ​កម្ពុជា ហើយ​ហ៊ាន​អះអាង​ថា ៥​ឆ្នាំ​ទៀត​ក៏​នៅ​ល្អ​ប្រសើរ​ដដែល ពីព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ក៏​មានការ​ព្យាករណ៍​ថា​ល្អ​ប្រសើរ​ដដែល​ដែរ ដូច្នេះ​វិស័យ​សំណង់​និង​អចលនទ្រព្យ ដែល​ជា​វិស័យ​ស្នូល​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច នឹង​នៅ​តែ​មាន​ភាពល្អដូច​គ្នា ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល បាន​មាន​ប្រសាសន៍​ថា «​ក្នុង​ពេល​ដែល​កម្ពុជា​នៅ មានឱកាស​ក្នុង​ការ​ពង្រីក ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ យើង​គួរតែ​ពង្រឹង​ធនធានមនុស្ស ក្នុង​វិស័យ​នេះ​អោយ​បាន​កាន់តែ​ច្រើន​ដើម្បី​ត្រៀម​ទទួល​វិនិយោគិន​ថ្មី​ៗ​ពី​ក្រៅប្រទេស មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភព លោក​ប្រចាំ​កម្ពុជា បានអោយ​ដឹងផង​ដែរ​ថា​វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា នា​ពេល​នេះ កំពុង​ស្ទុះ​ងើប​ខ្លាំង ប៉ុន្តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នេះ ដោយ​គួរតែ​មាន​វិធានការ​ចំពោះ​ការ​ផ្ដល់​កម្ចី​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ។ របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​និង​សំណង់ បាន​បញ្ជាក់​ថា រយៈពេល​៤​ខែ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​២.៧៤២​លាន​ដុល្លារ​អា​មេ​រិ​ក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ