ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី៣នាក់បានបាត់បង់ជីវិតភ្លាមក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកវ៉ាជែងចូលរថយន្តដឹកដី ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខក្លោងទ្វារវត្តអណ្តូងថ្មមាស ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1I-1949 បានបើកឡើងជែងរថយន្តធំដឹកដី ម៉ាក ហ្វុយសូ ពាក់ស្លាកលេខភ្នំពេញ 3A-3754 បើកស្របទិសគ្នា ពីទិសខាងលិចទៅកើតក្នុងពេលនោះក៏មានរថយន្តតូច១គ្រឿង បើកក្នុងទិសដៅច្រាសទិសគ្នាពីកើតទៅលិចម៉ូតូបានគេចពីរថយន្តតូចក៏ដួលចូលក្នុងរថយន្តដឹកដីកិនជាន់ពីលើស្លាប់៣នាក់ ។
លោកនាយរងការិយាល័យបានបន្តថា ជនរងគ្រោះទាំង៣នាក់ឈ្មោះ ១- ផាត ភាព ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើកបរម៉ូតូ) ២-ឈ្មោះ ផាត ភាន ភេទប្រុស អាយុ២៣ឆ្នាំ (អ្នករួមដំណើរម៉ូតូ) ៣-ឈ្មោះ ស្រី តំ ភេទស្រី អាយុ១៩ឆ្នាំ (អ្នករួមដំណើរម៉ូតូ) អ្នកទាំងបីនាក់ រស់នៅ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ។ រីឯអ្នកបើកបររថយន្តឈ្មោះ ហេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្ទះថៅកែឈ្មោះ កុយ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ) ។
លោកនាយរងការិយាល័យបានបញ្ជាក់ថា មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺអ្នកបើកបរម៉ូតូឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំពោះសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ