ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨២-១៨៣ ស្ថិតនៅក្នុងភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកវីនន័រ (WINER) ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វឿន វីន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរក្នុងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ ។
តាមប្រភពដដែលបានបន្តថា លុះពេលម៉ូតូម៉ាកវីនន័រធ្វើដំណើរដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿងទៀតធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុម៉ាកនិក (Nex) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ១R-៣៥៧៩ បើកបរដោយឈ្មោះ ង៉ែត ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរជាងរថយន្ត មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងសងខាងស្លាប់ស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ ហើយក្នុងនោះមានអ្នករួមដំណើរចំនួន២នាក់ទៀតម្នាក់បានស្លាប់ជាបន្តបន្ទាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ផ្សេងទៀតបានរងរបួស ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ