ខេត្តបាត់ដំបង​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍


ខេត្តបាត់ដំបង ៖ តាម​ការ​ឱ្យ​ដឹង​ពី​លោក អ៊ុ​ច អ៊ំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ខេត្តបាត់ដំបង​បាន​ជាប់​ជាទី​ក្រុង​គោលដៅ​ទេសចរណ៍​លេខ​រៀង​ទី​១៣ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង​៩៣​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​វាយតម្លៃ​ដោយ​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អា​ល្លឺ​ម៉​ង់​មួយ​ឈ្មោះ​ថា You Discover ក្នុង​នោះ​ក្រុង​សៀមរាប​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​ឈរ​លេខ​១ ទីក្រុង​បាងកក​ឈរ​លេខ​២ ទីក្រុង​សិង្ហ​បុរី​ឈរ​លេខ​៣ និង​រាជធានី​ភ្នំពេញ​ឈរ​នៅ​លំដាប់​លេខ​៤ ។

ជាមួយ​មោទនភាព​នេះ ដោយ​បានការ​យកចិត្តទុកដាក់​របស់​លោក​អភិបាលខេត្ត និង​ស្ថាប័ន​ជំនាញ​នានា​បាន​ជួយ​ជម្រុញ​ឱ្យ​ខេត្តបាត់ដំបង​ក្លាយជា​ខេត្ត មួយ​ដែល​គួរ​ជាទី​កក់ក្តៅ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ។រដ្ឋបាល​ខេត្ត​សហការ​យ៉ាង​ល្អជា​មួយ​អង្គភាព និង​មន្ទីរ​ពាក់ព័ន្ធ​ទូ​ទាំង​ខេត្ត បាន​ខិតខំ​អភិវឌ្ឍ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​នានា ព្រមទាំង​បាន​រៀបចំ​បង្កើត​នូវ​ព្រឹត្តិការណ៍​ទេសចរណ៍​ជា​ច្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ​ក្នុង​ខេត្ត ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ទាំងមូល ។ មិនតែប៉ុណ្ណោះ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​ថែរក្សា អនាម័យ បរិស្ថាន ការ​គ្រប់គ្រង​កាក​សំណល់ ការ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម ធ្វើការ​ដាំ​ដុះ​ដើមឈើ​បង្កើន​នូវ​តំបន់​បៃតង កត្តា​សន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទ្រទ្រង់​វិស័យ​ទេសចរណ៍ ។

ជាក់ស្តែង​កន្លង​មកនេះ​ក្រុង​បាត់ដំបង​បាន​ទទួល​សមិទ្ធផល​សំខាន់​ៗ ដូច​ជា​ជាប់​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​១ និង​លើក​ទី​២ ផ្ការំដួល​៣​ទង ចំណាត់ថ្នាក់​លេខ​១ ជាប់​ជ័យ​លា​ភី​ឡា​ប៊ិ​ល​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី​១ (២០១៨-២០២០) ជាប់​ជ័យ​លា​ភី​និរន្តរភាព​ទីក្រុង​អាស៊ាន​ក្នុង​ឆ្នាំ​២០១៤ ជា​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​សប្បាយ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩ និង​ជាប់​ជាទី​ក្រុង​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ឈរ​លើ​លំដាប់​លេខ​១៣ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង​៩៣ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (​វាយតម្លៃ​ដោយ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ របស់​អា​ល្លឺ​ម៉​ង​មួយ​មានឈ្មោះ​ថា YOU DICOVER) និង​ពានរង្វាន់​ជា​ច្រើន​ទៀត​។

មិនតែប៉ុណ្ណោះ ប្រតិបត្តិ​ករ​ទេសចរណ៍​ទូ​ទាំង​ខេត្តបាត់ដំបង តែង​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​សំខាន់​ៗ​ជា​ច្រើន និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​មាន​ដូច​ជា ស្តង់ដា​សណ្ឋាគារ​បៃតង ពានរង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​គំរូ​សហគមន៍​ទេសចរណ៍ គំរូ​មេដាយ​នារី​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍ មេដាយ​អ្នកជំនាញ​ឆ្នើម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ជាដើម ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា ខេត្តបាត់ដំបង​ផ្តល់​សេវាកម្ម​ក្នុង​កម្រិតស្តង់ដា​ដ៏​ប្រសើរ​និង​ត្រូវ​បាន​ទទួលស្គាល់​លំដាប់​អន្តរជាតិ ។ កត្តា​ទាំងនេះ​ហើយ បាន​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ព្រម​ជាមួយ​គ្នា​នេះ ក្រុង​បាត់ដំបង​កំពុង​នឹង​ត្រៀមខ្លួន បញ្ចូល​ជាទី​ក្រុង​បេតិកភណ្ឌ​របស់​អង្គការ​យូ​ណេ​ស្កូ​នា​ពេល​ខាង​មុខ​នេះ​ដែរ ដែល​ជា​កាតាលីករ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍​យ៉ាងច្រើន នា​ពេល​ខាង​មុខ​បន្ត​ទៀត ។លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការ​ខិតខំ​ប្រឹងប្រែង របស់​រដ្ឋបាល​ខេត្ត ព្រមទាំង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ដែល​នាំ​ឱ្យ​ខេត្តបាត់ដំបង​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះត្រចង់​ទាំងនេះ ។

ព្រម​ជាមួយ​គ្នា​នេះ​ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍​និង​មន្ត្រី​បាន​ប្តេជ្ញា​បន្ត​ការ​ខិតខំ​អនុវត្ត​ការងារ និង​ចូលរួម​គ្រប់​ចលនា​ប្រលងប្រណាំង​នានា ដើម្បី​ឲ្យ​ខេត្តបាត់ដំបង​កាន់តែ​មាន​ភាព​ទាក់ទាញ និង រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​ជា​ការ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​កាន់​ប្រសើរ​ឡើង​ថែម​ទៀត ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ