ខេត្តព្រះវិហារ ៖ មន្ទីរទេសចរណ៍ខេត្តព្រះវិហារបានបង្ហាញថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅតាមតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ប្រាសាទកោះកែរ ប្រាសាទព្រះខ័ន្ធ កំពង់ស្វាយ និងតាមគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះវិហារ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកលេងកម្សាន្ត មានចំនួនជិត២ម៉ឺននាក់ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ លោកគង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខត្តព្រះវិហារបានបង្ហាញថា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅតាមតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រសំខាន់ៗក្នុងខេត្តព្រះវិហារមានដូចជា ប្រាសាទព្រះវិហារប្រាសាទកោះកែរ ប្រាសាទព្រះខ័ន្ធកំពង់ស្វាយ និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តព្រះវិហារ តាមការសង្កេតឃើញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត មានការកើនឡើងជាងឆ្នាំមុន ជាពិសេសភាគច្រើនជាភ្ញៀវទេសចរណ៍ជាតិ ដោយឡែកភ្ញៀវអន្តរជាតិមានការថយចុះបន្តិច ។
លោកបន្តថា ភ្ញៀវទេសចរសរុបមានចំនួន១៩,១៥៦នាក់ កើនឡើង៣៤.៥៥% ក្នុងនោះភ្ញៀវជាតិមានចំនួន១៨,៧៥៧នាក់ កើនឡើង៣៦.៦០% ដោយឡែកភ្ញៀវអន្តរជាតិមានចំនួន៣៩៩នាក់ថយចុះ១២.១៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ កន្លងទៅ ៕
ចែករំលែកព័តមាននេះ