ឡិច​ស៊ី​ស​៥៧០​ពន្លះ​ម៉ូតូ…មនុស្សខ្ទាត​ចូល​ក្រោម​កង់​៤៧០​ដែលចត​ស្ងៀម​


រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើក​លឿន​ឆ្លងផ្លូវ​បំបែក​ជា​បួន ក៏​ជ្រុល​បុក​ម៉ូតូ​ម៉ាក​ស្មាស់មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្រោម​រថយន្ត និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១០៨​កែង​ផ្លូវ​១៩ នៅ​ចំណុច​ខាងកើត​ស្ពាន​នាគ​ប្រមាណ​ជា​១០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​គ្រី​ស ម៉ាស់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ស្នាក់​នៅ​ម្តុំ​គី​រី​រម្យ មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ស្ត្រី​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ស្ត្រី​រង​គ្រោះ​ទាំង​២​នាក​់ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AW-១៨៦៧ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ឡិច​ស៊ី​ស ៥៧០ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេច​បាត់​ស្រមោល ។

បើ​តាម​ប្រភព​ពី​អ្នក​ស្គាល់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ធ្វើការ​នៅ​ក្នុង​ហាង​ណេ​ត (Net) មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​១១០ ហើយ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​បាន​ខ្ចី​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​ជិះ​ទៅ​ទិញ​ម្ជូរ​ហូប ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​ស្ត្រី​២​នាក់​ជា​ខ្មែរ​អ៊ិ​ស្លា​ម​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស បើកបរ​តាម​បណ្តោយ​ផ្លូវ​១៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ស មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៨​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ស្រវឹង​ផង​នោះ​បាន​បើក​មក​ដល់​ផ្លូវបែក​ជា​៤​មិន​ប្រុង​ប្រយ័ត្ន និង​អត់​បន្ថយល្បឿន​ទៀត​នោះ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឱ្យ​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ចូល​ក្រោម​កង់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ស ដែល​គេ​ចត​ចោល​នៅ​មុខ​ផ្ទះ ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ដែល​ធ្លាក់​ចូល​ក្រោម​រថយន្ត​បាន​ស្លាប់ និង​ស្ត្រី​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​មិន​បាន​ឈប់​នៅ​ដោះស្រាយ​គ្នា​នោះ​ទេ ក៏​បន្ថែម​ល្បឿន​បើក​គេច​បាត់​ស្រមោល ។ ចំណែក​ស្ត្រី​ម្នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រីឯ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ដែល​ចត​ស្ងៀម​នោះ សមត្ថកិច្ច​មិន​បាន​យក​ទៅ​នោះ​ទេ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ