អាជីវករ​​សុំ​អាជ្ញាធរ​កែសម្រួល…​ព្រោះ​ភ្ញៀវមកកម្សាន្តធ្លាក់ចុះខ្លាំងហើយ


ខេត្តព្រះវិហារ ៖ អាជីវករ​លក់ដូរ​នៅ​រមណីយ​ដ្ឋា​ន​ទំនប់​៩៥ ជាប់ជើង​ភ្នំ​ត្បែងមានជ័យ ក្រុង​ព្រះ​វិហារ បាន​ស្នើ​ដល់​អាជ្ញាធរ​ជួយ​កែសម្រួលរៀបចំ​តំបន់​រមណីយដ្ឋាន​មួយ​នេះ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​កន្លែង​ងូតទឹក​លេង​កម្សាន្ត​បាន​ដូច​មុន ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ដែល​ធ្លាប់តែ​មក​លេង​កម្សាន្ត​មាន​ចំនួន​ច្រើន បែរជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទំនប់​នេះ​ត្រូវ​បាន​កែសម្រួល​មិន​មាន​កន្លែង​អាច​ឲ្យ​ភ្ញៀវ​ងូតទឹក​លេង​ដូច​កាល​ពីមុន ។

អ្នកស្រី ទុំ ស្រី​រតនា ជា​អាជីវករ​លក់ដូរ នៅ​រមណីយដ្ឋាន​ខាងលើ លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរជាតិ មក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​មួយ​នេះ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​នឹង​២​ឆ្នាំ​មុន ។ អ្នកស្រី​បន្ថែម​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​គឺ​ចង់​មក​ងូតទឹក​លេង ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​អាជ្ញាធរ​បាន​កែ​លម្អ​ទំនប់​ទឹក និង​ធ្វើ​ស្ពាន​ឆ្លង​ទំនប់​បង្ហៀរទឹក​មក ធ្វើ​ឲ្យ​បាត់បង់​កន្លែង​ដែល​ធ្លាប់​ឲ្យ​ភ្ញៀវ​ងូតទឹក​លេង​ដូច​ពេល​មុន ។

ម្យ៉ាងវិញទៀត ទឹក​ទំនប់​មិន​អាច​ហូរ​កាត់​បាន​ដូច​ពី​មុន ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ និង​ដុះ​កំប្លោក​ក្នុង​ទំនប់​ទឹក ដូច្នេះ​ហើយ​ទើប​បច្ចុប្បន្ន រមណីយដ្ឋាន​នេះ​បាន​បាត់បង់​ភ្ញៀវ​ក្លាយជា​កន្លែង​ស្ងាត់ជ្រងំ ។ អ្នកស្រី​លើក​ឡើង​ទៀត​ថា អាជីវករ​នៅ​ទីនោះ កាលពី​២​ឆ្នាំ​មុន​អាច​រក​ចំណូល​បាន​ពី​ការ​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត ក្នុង​១​ថ្ងៃ​ៗ​ចន្លោះ​ពី​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល ។ រីឯ​ប្រជាជន​នៅ​ទីនោះ អាច​ជួលពោង ឬ​អាវ​ហែល​ទឹក ក្នុង​មួយ​ថ្ងៃ​ៗ​ក៏​អាច​រកបាន​២០​ទៅ​៣០​ម៉ឺន​រៀល​ដែរ ប៉ុន្តែ​ពេល​នេះ
ពួក​គាត់​លក់ដូរ​ស្ទើ​តែ​មិន​បាន​៥​ម៉ឺន​រៀល​ផង ។

ដូច្នេះ​ហើយ អ្នកស្រី​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​យ៉ាងណា​ជួយ​កែសម្រួល​តំបន់​មួយ​នេះ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ឡើង​វិញ ជា​ពិសេស​នោះ​ជួយ​ធ្វើ​យ៉ាងណា​កែសម្រួល​ឲ្យ​មាន​កន្លែង​ងូតទឹក​លេង​បាន​ដូច​កាលពីមុន ។

លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ កំពុង​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​តំបន់​រមណីយដ្ឋាន​ទំនប់​៩៥​នេះ​ជា​បណ្តើរ​ៗ​ហើយ និង​រៀបចំ​សណ្តាប់​ធ្នាប់​ការ​លក់ដូរ​របស់​អាជីវករ​នៅ​ទីនោះ​ឲ្យ​មាន​របៀបរៀបរយ ។ ជាមួយ​នេះ បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​អប់រំ​ណែនាំ​ដល់​អាជី​វករ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍ និង​កែ​លម្អ​តំបន់​នេះ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​បន្ថែម​ទៀត​។

លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លើក​ឡើង​ថា មន្ទីរ​រៀបចំ​កែសម្រួល​កន្លែង​បង្ហូរទឹក​ទំនប់​នេះ​បាន​៩០%ហើយ​គិត​មក​ដល់​បច្ចុប្បន្ន ដើម្បី​ធ្វើ​យ៉ាងណា​កែសម្រួល​ឲ្យ​មាន​កន្លែង​សម្រាប់​​ភ្ញៀវ​ទេសចរ​អាច​ងូតទឹក​លេង​បាន​ដូច​មុន ។ មន្ត្រី​ជំនាញ​បាន​កែសម្រួល និង​កាយ​កំប្លោក​បើកផ្លូវ​ទឹក​ឲ្យ​ហូរ​ឡើង​វិញ​នៅ​រដូវវស្សា​ឆ្នាំ​នេះ ដូច្នេះ​ហើយ​ភ្ញៀវ​ទេសចរ​អាច​មក​ងូតទឹក​លេង​កម្សាន្ត​បាន​វិញ​ហើយ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ