ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​និង​ចិន​មាន​លទ្ធភាព​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ជាង​មុន

4 ឆ្នាំ មុន

ហានូយ ៖ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​សហគ្រាស​វៀតណាម​និង​ចិន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​ធំ​ដែល​បើកចំហរ​ដោយ​គោលនយោបាយ​ពាណិជ្ជកម្ម​បើក​ទូលាយ​របស់​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ vietnamnews ថ្មី​ៗ​នេះ ។ ប្រភព​ដដែល​បាន​ស្រង់​សម្តី​របស់​លោក ង្វៀ​ន អ៊ូយ…

ហានូយ ៖ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​សហគ្រាស​វៀតណាម​និង​ចិន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​ធំ​ដែល​បើកចំហរ​ដោយ​គោលនយោបាយ​ពាណិជ្ជកម្ម​បើក​ទូលាយ​របស់​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ vietnamnews ថ្មី​ៗ​នេះ ។

ប្រភព​ដដែល​បាន​ស្រង់​សម្តី​របស់​លោក ង្វៀ​ន អ៊ូយ (Nguyễn Nội) អនុប្រធាន​ទីភ្នាក់ងារ​វិនិយោគ​បរទេស នៅ​ក្រសួង ផែនការ​និង​វិនិយោគ បាន​មាន​ប្រសាសន៍​ថា​ប្រទេស​វៀតណាម​មាន​តម្លៃ​និង​ផ្តល់​អាទិភាព​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ហើយ​សង្ឃឹម​ថានឹង​ទទួល​បានការ​វិនិយោគ​កាន់តែ​ច្រើន​ពី​ប្រទេស​ចិន​និង​សហគមន៍​ចិន​នៅ​ក្រៅប្រទេស​។

លោក ង្វៀ​ន អ៊ូយ បាន​ថ្លែង​នា​ឱកាស​ស​ន្និ​សិទ្ធ​ពាណិជ្ជកម្ម​និង​វិនិយោគទុន​របស់​ចិន ថា «​ខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​ឃើញ​ក្រុមហ៊ុន​សាជីវកម្ម​ឈាន​មុខជា​ច្រើន​របស់​ចិន​កំពុង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និក ថាមពល​កកើត​ឡើង​វិញ និង​បច្ចេកវិទ្យា​ព័ត៌មាន បច្ចេកវិទ្យា​ទំនើប​និង​នាំ​មក​នូវ​តម្លៃបន្ថែម​ទៀត​ស្រប​តាម​ទិស​ដៅ​វិនិយោគ​បរទេស​របស់​វៀតណាម​» ។

ប្រទេស​ចិន​បាន​បន្ត​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​វៀតណាម​ក្នុង​ឆ្នាំ ២០១៨ ដោយ​ទំហំ​នាំ​ចេញ​និង​នាំ​ចូល​សរុប​ឈាន​ដល់ ១០៦ ពាន់​លាន​ដុល្លារ ពោល​គឺ​កើនឡើង ១៤% ក្នុង​ស​ន្ទ​ស្សន៍​ប្រចាំឆ្នាំ​។ ប្រទេស​វៀតណាម​ក៏​បាន​វ៉ា​ដាច់​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ដើម្បី​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ាន​។ ប្រទេស​ចិន​គឺជា​អ្នក​វិនិយោគទុន​ធំ​បំផុត​ទី ៧ នៅ​វៀតណាម​ដែល​មាន​ដើមទុន​សរុប​ចំនួន ១៥ ពាន់​លាន​ដុល្លារ​។ ទោះជា​យ៉ាងណា​ក៏​ដោយ លំហូរ​នៃ​ការ​វិនិយោគ​របស់​ចិន​ចូល​ទៅ​ក្នុង​ប្រទេស​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។

ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ប្រទេស​ចិន​បាន​ចុះបញ្ជី ១,៣ ពាន់​លាន​ដុល្លារ​នៃ​ការ​វិនិយោគ​នៅ​វៀតណាម ដែល​ក្លាយជា​អ្នក​វិនិយោគទុន​បរទេស​ធំ​បំផុត​ដែល​ត្រូវ​បាន​ចុះបញ្ជី​ថ្មី​ៗ​នេះ ។ ក្នុង​គោល​នយោបាយ​វិនិយោគទុន​បរទេស​ថ្មី​របស់​វៀតណាម​ដែល​កំណត់​អាទិភាព​លើ​គម្រោង​ដែល​មាន​តម្លៃ​ខ្ពស់​បច្ចេកវិទ្យា​ទំនើប ការ​គ្រប់គ្រង​សម័យ​ថ្មី ផល​ប៉ះពាល់​បរិស្ថាន​តិចតួច និង​ផល​ប៉ះពាល់​ដែល​ជួយ​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ លោក​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ចិន​បង្កើន​ការ​វិនិយោគ​លើ​យន្តការ​គ្រឿង​អេ​ឡិច​ត្រូ​និក វត្ថុធាតុដើម ឱសថ ឧស្សាហកម្ម ឧ​បករ​ណ៏​បច្ចេកវិទ្យា​កុំព្យូទ័រ បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​និង​ថាមពល​ស្អាតស្អំ​។

យោង​តាម​លោក Fu Long Cheng អនុប្រធាន​នៃ​សមាគម​ពាណិជ្ជកម្ម​ចិន​កិច្ច​សហប្រតិបត្តិការ​វៀតណាម – ចិនតា​មរយៈ «​ផ្លូវ​មួយ ខ្សែក្រវាត់​» ច្រករបៀង​សេដ្ឋកិច្ច​ពីរ បាន​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​អាជីវកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​រីក​ចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ​។

លោក Cheng បាន​និយាយ​ថា​វា​មាន​សារៈសំខាន់​សម្រាប់​អាជីវកម្ម​ដើម្បី​កំណត់​វិស័យ​អាទិភាព​បង្កើន​កា​រត​ភ្ជាប់​និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ក្របខ័ណ្ឌ​ទូលំទូលាយ​ជាង​មុន​និង​ជាក់ស្តែង ។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រទេស​ចិន​បាន​រៀបចំ​សិក្ខាសាលា​ជា​ច្រើន​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​វៀតណាម​និង​ចិន​ដើម្បី​ដាក់​បញ្ចូល​គម្រោង​គុណភាព​ខ្ពស់​របស់​វៀតណាម​ដល់​សហ​គ្រាស​ចិន​។

ដោយ​វាយតម្លៃ​សក្តានុពល​វិនិយោគ​នៅ​វៀតណាម​លោក Huang Rong នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ច្បាប់ Yingke Vietnam បាន​និយាយ​ថា​បច្ចុប្បន្ន​វៀតណាម​ជា​ទិស​ដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អាជីវកម្ម​របស់​ចិន​។ ក្រុមហ៊ុន​ចិន​ជា​ច្រើន​បាន​ផ្តល់​តម្លៃ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​និង​កម្លាំង​ពលកម្ម​ដែល​មានគុណ​ភាព​របស់​វៀតណាម​ក៏​ដូច​ជា​តម្លៃ​ចំណាយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​។

ក្រុមហ៊ុន Yingke Vietnam បាន​ជួយ​សហគ្រាស​ចិន​ជា​ច្រើន​ក្នុង​ការ​វិភាគ​លើ​កត្តា​ហិរញ្ញវត្ថុ ធន​ធានមនុស្ស និង​ការ​គ្រប់គ្រង​មុន​នឹង​សម្រេចចិត្ត​វិនិយោគ​នៅ​វៀតណាម​។ នៅ​សន្និសីទ​បណ្ដា​អង្គភាព​អាជីវកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​ទាន់សម័យ​អំពី​កាលានុវត្តភាព​វិនិយោគ​ដោយ​ផ្តោត​លើ​ការ​យកចិត្តទុកដាក់​ជា​ពិសេស​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​វៀតណាម​ជា​សមាជិក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ