ខេត្តព្រះវិហារ ៖ ដោយមានការសម្របសម្រួលពីលោកវរៈសេនីយ៍ត្រី ប៊ុន វឌ្ឍនះ នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី៥ ប្រចាំការនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានដឹកនាំវិស្វករជនជាតិថៃ១២នាក់មកពិនិត្យមើលកសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ស្ថិតនៅភូមិ-ឃុំ ឬស្សីគ្រឹប ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីរៀបចំទីកន្លែងចិញ្ចឹមគោយកទឹកដោះឲ្យសមស្របទៅតាមជំនាញបច្ចេកទេសដែលធ្លាប់មាននៅក្នុងប្រទេសថៃ ។
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានចុះជួបសំណេះ
សំណាល និងពិនិត្យបន្ថែមក្នុងការរៀបចំកន្លែងចិញ្ចឹមគោ កន្លែងសម្រាប់រឹតយកទឹកដោះគោ កន្លែងដាំស្មៅសម្រាប់គោស៊ីដើម្បីឲ្យមានទឹកដោះច្រើន កន្លែងទុកដាក់រក្សាគុណភាពទឹកដោះគោ និងផ្សេងៗទៀតដែលវិស្វករថៃបានចុះមករៀបចំនេះ ហើយនៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៩ខាងមុខនេះ និងមានគ្រូពេទ្យសត្វប្រទេសថៃចុះមកត្រួតពិនិត្យទីកន្លែងសម្រាប់សុខភាពរបស់សត្វគោនៅក្នុងកសិដ្ឋាននេះបន្ថែមទៀត ។
លោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនះ អ្នកសម្របសម្រួល និងដឹកនាំប្រតិភូថៃបានថ្លែងថា មេគោសម្រាប់យកទឹកដោះចំនួន១១០ក្បាល ក្នុងចំណោម២០០ក្បាលត្រូវបានដឹកពីប្រទេសថៃយកមកចិញ្ចឹមនៅក្នុងសិដ្ឋាននេះនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានលោកបណ្ឌិតសុខ ទូច បានកក់តម្លៃកាលពីខែមុនចំនួន១០០ក្បាល និង១០ក្បាលទៀតជាអំណោយរបស់សហគមហ៍ផលិតទឹកដោះគោវាំងណាំយិន ក្នុងខេត្តស្រះកែវ ប្រទេសថៃ បានប្រគល់ជូនដល់សម្តេចតេជោហ៊ុន សែន ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលទើបតែមាននៅក្នុងប្រទេសកម្ពុជានេះ ។
លោកប៊ុន វឌ្ឍនះ បានបន្តទៀតថា ដោយមានការចុះអនុស្សារណៈ (MOU) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ រវាងយោធភូមិភាគទី៥ និងក្រសួងការពារជាតិ ដោយមានលោកឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ជំរុញក្នុងការចាប់ដៃគូរជាមួយសហគមន៍ផលិតទឹកដោះគោវាំងណាយិន ក្នុងខេត្តស្រះកែវ ប្រទេសថៃ ជួយជំរុញការអភិវឌ្ឍរបស់យោធភូមិភាគទី៥នៅតាមតំបន់ព្រំដែនដោយចាប់ផ្តើមពីស្រុកសំពៅលូន ខេត្តបាត់ដំបងជាមុន ។
លោកបានបន្តថា ហើយពេលនេះ ក្រសួងការពារជាតិបានជំរុញបង្កើតកសិដ្ឋានឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ជាទ្រង់ទ្រាយធំក្នុងទិសដៅលើកកំពស់កម្រិតជីវភាពប្រជាជន តាមរយៈបង្កើនផលិតកម្មសត្វ ហើយរាល់ការចំណាយលើគ្រឿងបរិក្ខាសម្រាប់រឹតទឹកដោះគោជាជំនួយរបស់សហគមន៍ចិញ្ចឹមគោវាំងណាំយិន ដោយមានលួសសំណាញ់របងព័ទ្ធសម្រាប់ចិញ្ចឹមគោ ម៉ាស៊ីនរឹតទឹកដោះគោ កន្លែងសម្រាប់រឹតទឹកដោះគោ២កន្លែង ដោយមួយកន្លែងផ្ទុកគោសម្រាប់រឹតទឹកដោះបាន១២ក្បាល និកន្លែងសម្រាប់ទុកដាក់ផ្ទុកទឹកដោះគោ រៀបចំបញ្ជូនទៅរោងចក្រតាមតម្រូវការ ៕
ចែករំលែកព័តមាននេះ