រដ្ឋធានីវ៉ាស៊ីនតោន៖ ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកកាន់ពីថ្ងៃទី១២ ខែឧសភា កន្លងមកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានព្រមានដល់ប្រទេសចិនកាលពីថ្ងៃសៅរ៍ ថាប្រទេសចិនគួរតែសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបច្ចុប្បន្ននេះបើមិនដូច្នេះទេកិច្ចព្រមព្រៀងនឹងកាន់តែមិនល្អសម្រាប់ពួកគេបន្ថែមទៀតក្នុងកំឡុងពេលអាណត្តិទីពីរនៃរដ្ឋាភិបាលលោក។
សហរដ្ឋអាមេរិកនិងប្រទេសចិនបានជាប់ក្នុងជម្លោះពាណិជ្ជកម្មដែលមើលឃើញមានការដាក់ពន្ធលើគ្នាទៅវិញទៅមកនិងបង្កឲ្យមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកថែមទៀត ។ អ្នកចរចាថ្នាក់ខ្ពស់របស់ប្រទេសចិនបាននិយាយថា ភាគីទាំងពីរនឹងជួបគ្នាសាជាថ្មីក្នុងប្រទេសចិន ប៉ុន្តែព្រមានថាប្រទេសចិននឹងមិនធ្វើការលះបង់លើបញ្ហាទាក់ទិននឹងគោលការណ៍សំខាន់ៗទេ ។
លោកប្រធានាធិបតីត្រាំបាននិយាយលើ Twitter របស់លោកកាលពីថ្ងៃសៅរ៍ថា «ខ្ញុំគិតថាប្រទេសចិនគិតថាពួកគេទទួលរងការវាយប្រហារយ៉ាងខ្លាំងក្នុងការចរចាក្នុងពេលថ្មីៗនេះហើយពួកគេអាចនឹងចង់រងចាំរហូតដល់ការបោះឆ្នោតក្រោយនៅឆ្នាំ ២០២០ ដើម្បីផ្សងសំណាងនិងមើលឃើញគណបក្សប្រជាធិបតេយ្យឈ្នះដែលអាចអនុញ្ញាតឲ្យពួកគេបន្តកេងប្រវ័ញ្ជពីសហរដ្ឋអាមេរិកប្រមាណ ៥០០ប៊ីលានដុល្លារក្នុងមួយឆ្នាំ»។
លោកបានបន្តទៀតថា «បញ្ហាតែមួយគត់គឺពួកគេដឹងថាខ្ញុំនឹងឈ្នះការបោះឆ្នោត (ព្រោះតែសេដ្ឋកិច្ចនិងការងារអាមេរិកបានកើនដល់កម្រិតខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រ) ហើយកិច្ចព្រមព្រៀងនឹងកាន់តែធ្វើឲ្យពួកគេខាតបង់បន្ថែមទៀតប្រសិនបើត្រូវបានចរចាក្នុងអណត្តិទីពីររបស់ខ្ញុំ»។
គួរបញ្ជាក់ដែរថាលោកត្រាំបានចោទប្រកាន់ថាប្រទេសចិនលេបពាក្យសម្តីរបស់ពួកគេក្នុងការចរចាពាណិជ្ជកម្ម និងបានបញ្ជាឲ្យមានការបង្កើនពន្ធដែលចាប់មានប្រសិទ្ធិភាពនៅថ្ងៃសុក្រសប្តាហ៍មុនលើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារ ។
លោកប្រធានាធិបតីខាងលើបានបន្ថែមថា ក្រុមហ៊ុនអាចជៀសវាងកំណើការចំណាយដោយផលិតផលិតផលរបស់ពួកគេក្នុងសហរដ្ឋអាមេរិក ។ យ៉ាងណាក្តី សមាជិកគណបក្សសាធារណៈរដ្ឋដែលគាំទ្រការធ្វើពាណិជ្ជកម្មសេរីបានព្រមានថាពន្ធទាំងនេះអាចនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ហើយកសិករជាច្រើនដែលរួមមានអ្នកគាំទ្ររបស់លោកត្រាំបានបន្ថែមថាពន្ធទាំងនេះបានប៉ះពាល់ដល់ពួកគេហើយ ៕
ចែករំលែកព័តមាននេះ