ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះឆេះទីតាំងឧស្ម័នដ៏ធំ​ ស.ម្លា.ប់មនុស្ស១៣នាក់ និងរ.បួ.ស ៦៦នាក់ តែមិនប៉ះពាល់ដល់ការនាំចេញឡើយ

1 ថ្ងៃ មុន

ប្រទេស​កា​តា ៖ យោង​តាម​អាជ្ញាធរ​ថា ការ​ផ្ទុះ​ឆេះ​ក្នុង​ទីតាំង​ឧស្ម័ន​ដ៏​ធំ​មួយ​នៅ​ប្រទេស​កា​តា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៣​នាក់​ និង​របួស​ដល់​៦៦​នាក់​ ។ ទោះបី​យ៉ាងណា​ អាជ្ញាធរ​អះអាង​ថា ការ​ឆេះ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ប៉ះពាល​ដល់​ការ​នាំ​ចេញ​ឧស្ម័ន​រាវ​របស់​កា​តា​ឡើយ​ ។

ការ​ផ្ទុះ​ឆេះ​នេះ​ ដែល​ជា​គ្រោះថ្នាក់​ឧស្សាហកម្ម​ស្លាប់​មនុស្ស​ច្រើន​នាក់​មួយក្នុង​តំបន់ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២១​ មិថុនា ក្នុង​តំបន់​ RAS LAFFAN ដែល​មាន​ទីតាំង​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​រាវ​ធំ​ជាងគេ​នៃ​ពិភពលោក​ ។ នា​រសៀល​ថ្ងៃ​ទី​២២​ មិថុនា​ រដ្ឋមន្ត្រី​ថាមពល​កា​តា លោក​សា​អា​ដ​អាល់​កា​អា​ប៊ី ក្នុង​សន្និសីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា មនុស្ស​១៣​នាក់​សុទ្ធតែ​ជា​ជនជាតិ​ឥណ្ឌា​ ឬ​ប៉ា​គី​ស្ថាន​បាន​ស្លាប់ ហើយ​មនុស្ស​៦៦​នាក់​ទៀត​រង​របួស​ ។ លោក​បន្ត​ថា នោះ​ជា​គ្រោះថ្នាក់​មួយ ​ហើយ​មិនមែន​ជា​ការ​វាយប្រហារ​ភេរវកម្ម ឬ​សកម្មភាព​ប្រទូស្ត​រ៉ាយ​មួយ​ឡើយ ​​ទោះបី​បណ្ដា​ទីតាំង​ថាមពល​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ធ្លាប់​រង​ការ​វាយប្រហារ​របស់​អ៉ី​​រ៉​ង ក្នុង​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​នា​ពេល​មុន​នេះ​ក្ដី​ ។

យោង​តាម​រដ្ឋមន្ត្រី​រូប​នោះ​ថា ​ទីតាំង​ឧស្ម័ន​នេះ បាន​បញ្ឈប់​ដំណើរការ​ចាប់តាំងពី​ខែធ្នូ​មក ​ដើម្បី​ជួសជុល​ហើយ ​ទើបតែ​ដំណើរការ​ឡើង​វិញ​២​ថ្ងៃមុន​​ ពេល​ផ្ទុះ​ប៉ុ​ណ្ណោះ​​ ។ ការ​ផ្ទុះ​នេះ ​នឹង​មិន​មាន​ផលវិបាក​ណាមួយ​លើ​ការ​នាំ​ចេញ​ឧស្ម័ន​ ឬ​លើ​សេចក្ដី​ត្រូវ​ការ​ឧស្ម័ន​ក្នុងស្រុក​ឡើយ ហើយ​ម្យ៉ាងទៀត​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ​។

ភ្លា​មៗ ​អាជ្ញាធរ​បាន​និយាយ​ពី​ឧប្បត្តិហេតុ​ខាង​បច្ចេកទេស ហើយ​ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​ QATARENERGY បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ​កើត​មាន​ពេល​ចាប់​ដំណើរ​ឡើង​វិញ​នៃ​ប្រតិបត្តិការ​ក្នុង​ទីតាំង​ផ្គត់​ផ្គ្​ង់​ឧស្ម័ន​ក្នុងស្រុក​BARZAN ។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម គេ​ឃើញ​នា​ពេល​យប់​អណ្ដាតភ្លើង​ជះ​ឡើង​លើ​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ឡើង​ក្រហមច្រាលជាមួយ​ផ្សែងហុយ​ដ៏​ក្រាស់​។
ទីតាំង​ឧស្ម័ន ​RAS LAFFAN ធ្លាប់​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ ដោយសារ​ការ​វាយប្រហារ​របស់​អ៉ីរ៉​ង់​ប្រឆាំង​បណ្ដា​ប្រទេស​ជិតខាង​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​និង​អា​មេ​រិ​ក​។​

តាម​ក្រុមហ៊ុន​QATARENERGY​ថា ទីតាំង​ឧស្ម័ន​BARZAN មាន​សមត្ថភាព​ផលិត​ឧស្ម័ន​ស្តង់ដា​អាច​ធ្វើ​ពា​ណិ​ជ្ច​កម្ម​បាន​ដល់​១,៤​ពាន់​លាន​PIEDS គូប​ក្នុង​១​ថ្ងៃ​។ ទីតាំង​នោះ​ ក៏​មាន​សមត្ថភាព​ផលិត​អេ​តាន CONDENSATS ចម្រាញ់​ឧស្ម័ន​ប្រេងកាត​ជា​ឧស្ម័ន​រាវ​និង​ស្ពាន់​ធរ សម្រាប់​ទីផ្សារ​ក្នុងស្រុក​និង​នាំ​ចេញ​ទៀត​ផង ​៕