ប្រទេសកូរ៉េទាំង២ ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា កងទ័ពកូរ៉េខាងត្បូង កាលពីថ្ងៃទី២២ មិថុនា បានរិះគន់ចំពោះការដាក់របងលួសបន្លាថ្មីមួយជាន់ទៀត នៅតាមព្រំដែនដោយកូរ៉េខាងជើង ហើយចោទថានោះ ជាការរំលោភបំពានលើកិច្ចព្រមព្រៀងយុទ្ធសន្តិភាព ដែលផ្អាកសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ ទៅ១៩៥៣។
កាសែត JOOGANG LIBO រាយការណ៍ថា កូរ៉េខាងជើងបានធ្វើរបងលួសបន្លាថ្មីឃ្លាតពីខ្សែព្រំដែនបែងចែក រវាងកូរ៉េទាំង២
រហូតដល់ពី៨០ ឬ៩០ម៉ែត្រ ហើយដាក់រាយគ្រាប់មីនឃ្លាតរបាំងព្រំដែនចម្ងាយពី៥ទៅ១០ម៉ែត្រ ។
បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន កំណត់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូងថា ជារដ្ឋ២ដែលប្រទូស្តរ៉ាយគ្នាមក កូរ៉េខាងជើងបានពង្រឹងរបងលួសបន្លាបន្ថែមនៅព្រំដែន ដោយដាក់រាយមីននិងកសាងរបាំងការពាររថក្រោះតាមបណ្ដោយព្រំដែន។
កងទ័ពកូរ៉េខាងត្បូងនិយាយថា កំពុងតែតាមដានដោយប្រកិត បណ្ដាសកម្មភាពយោធាកូរ៉េខាងជើងតាមបណ្ដោយតំបន់ព្រំដែន និងពង្រឹងសន្តិសុខតាមព្រំដែន ។ កងទ័ពកូរ៉េខាងត្បូងអះអាងថា យើងរក្សាសមត្ថភាពនិងស្ថានភាពរៀបចំ សម្រាប់ឆ្លើយតបចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ៕

ចែករំលែកព័តមាននេះ